កូនខ្មែរមួយរូបដែលទទួលបាននូវការសារទរយ៉ាងពេញទំហឹងកាលពីពេលកន្លងទៅ ក្នុងការកែច្នៃស្ពៃក្រញ៉ាញ់ដាំដោយកសិករខ្មែរ ឲ្យក្លាយទៅជាសាប៊ូស្ពៃក្រញ៉ាញ់ក្រោមស្នាកយីហោកូនខ្មែរប្រកបដោយគុណភាពខ្ពស់។ យ៉ាងណាមិញ ថ្មីៗនេះ កូនខ្មែរដដែលរូបនេះបានបង្ហើបទៀតថា ផលិតផលថ្មីពីផ្លែម្នាស់អាចនឹងលេចរូបរាងឡើង ដែលបន្ថែមពីការលើកស្ទួយកសិផលក្នុងស្រុកហើយ អ្នកទាំងអស់គ្នាក៏អាចរកប្រាក់ចំណូលតាមរយៈការលក់ផលិតផលខ្មែរ ក៏ដូចជាប្រើប្រាស់វាបានយ៉ាងមានទំនុកចិត្តផងដែរ។
កាលពីថ្ងៃទី២៨ ខែសីហា យោងតាមការបង្ហោះនៅគេហទំព័រផ្លូវការរបស់អ្នកនាង នុត សម្ផស្ស ដែលជាស្ថាបនិករោងចក្រសាប៊ូអូកា បានគូសបញ្ជាក់ថា «ម្នាស់បាត់ដំបង ក្លិនក្រអូប ផ្អែមឈ្ងុយ! បើនាងខ្ញុំជាអ្នកកែច្នៃកសិផល ហើយបងប្អូនជាអ្នកលក់ និងប្រើប្រាស់ តើបងប្អូនយល់ព្រមទេ? ជាការចូលរួមចំណែកលើកស្ទួយកសិផលក្នុងស្រុកយើង និងបង្កើនចំណូលសម្រាប់បងប្អូនកសិករ នាងខ្ញុំអាចជួយកែច្នៃរាល់សំណល់កសិផល (កសិផលដែលទីផ្សារមិនត្រូវការ តូចៗ រូបរាងមិនស្អាត ហួសអាយុ ។ល។)។ តើបងប្អូនយល់ឃើញយ៉ាងណាដែរ? សូមអរគុណបងប្អូនកសិករខាងបាត់ដំបង ដែលបានផ្ញើម្នាស់មកឲ្យនាងខ្ញុំសាកល្បងកែច្នៃ»។
ទោះជាយ៉ាងណា ស្ថាបនិករូបនេះមិនទាន់បញ្ជាក់នោះទេថានឹងយកផ្លែម្នាស់ទៅកែច្នៃជាផលិតផលអ្វី ដោយគ្រាន់តែបង្ហើបថាក្រុមការងាររបស់អ្នកនាងកំពុងតែរៀបចំដំណើរធ្វើតេស្តសាកល្បង នឹងចាំអ៊ុតមើលដំណឹងល្អក្នុងពេលឆាប់ៗ។ យ៉ាងណាមិញ បង្ហើបតែប៉ុណ្ណេះ ផលិតផលផ្លែម្នាស់ក៏ទទួលសន្ទុះនៃការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមមហាជនខ្មែរ។
ដោយសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះ ប្រជាជនខ្មែរយើងភាគច្រើនបានងាកមកចាប់អារម្មណ៍ផលិតផលក្នុងស្រុកជាជាងការនាំចូលពីបរទេស និងគាំទ្រឲ្យមានការផលិតជាបន្តបន្ទាប់ទៀត រហូតដល់សំណូមពរជាមតិក្នុងការកែច្នៃទិន្នផលក្នុងស្រុកផ្សេងៗដូចជា ប្រទាលកន្ទុយក្រពើ ស្រូវ ដំឡូងមី ស្វាយជាដើមផងដែរ៕










