សហរដ្ឋអាមេរិក ៖ អ្នកស្រី Hetty Green គឺជាអ្នកជំនួញម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា «ស្ត្រីមានទ្រព្យសម្បត្តិច្រើនបំផុតនៅអាមេរិក» ដោយសារការប្រកបមុខជំនួញរីកចម្រើន និងអាចរកប្រាក់ចំណូលបានច្រើនពុំគួរឱ្យជឿ ។ អ្នកស្រីបានកើតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៨៣៤ និងស្លាប់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩១៦ ។
អ្នកស្រី Hetty Green បានចាប់ផ្តើមលេងភាគហ៊ុនផ្តោតទៅលើតម្លៃ (Value Investing) ។ ជារៀងរាល់ថ្ងៃ អ្នកស្រីតែងតែស្លៀកពាក់ខោអាវពណ៌ខ្មៅជានិច្ច និងធុំក្លិនខ្លួនយ៉ាងខ្លាំង រហូតដល់គេដាក់ឈ្មោះថា «មេធ្មប់ Wall Street» ប៉ុន្តែវាពុំមែនជាឈ្មោះដែលធ្វើឱ្យមនុស្សម្នាស្គាល់អ្នកស្រីច្រើនបំផុតទេ ។
ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីល្បីល្បាញខ្លាំងក្នុងសង្គម គឺដោយសារមនុស្សទូទៅបានដាក់ឈ្មោះអ្នកស្រីថា «បុគ្គលកំណាញ់បំផុតលើពិភពលោក» ហើយឈ្មោះនេះក៏បានកត់ត្រាក្នុង Guinness World Records ទៀតផង ។
បើទោះជាអ្នកស្រីមានទ្រព្យសម្បត្តិច្រើនមហាសាលយ៉ាងណាក្តី ប៉ុន្តែការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រី គឺពុំខុសគ្នានឹងមនុស្សគ្មានផ្ទះសម្បែងឡើយ ។ អ្នកស្រីបានរើសនំខេកដែលគេបោះបង់ចោលយកមកបរិភោគ និងទិញនំ Biscuit តូចៗមានតម្លៃថោកពីហាងលក់គ្រឿងទេស ។
អ្នកស្រីពុំប្រើប្រាស់ម៉ាស៊ីនកំដៅ ឬបង់ថ្លៃទឹកក្តៅក្នុងផ្ទះទេ ហើយអ្នកស្រីក៏ពុំព្រមទៅព្យាបាលជំងឺនៅមន្ទីរពេទ្យដែរ ។ ប៉ុន្តែអ្នកស្រីបានយកឈើមកសង្កត់ស្នាមហើមលើរាងកាយជំនួសវិញ ។ លើសពីនេះ អ្នកស្រីពុំបានចំណាយប្រាក់ទិញខោអាវថ្មីៗទេ គឺអ្នកស្រីស្លៀកតែខោអាវពណ៌ខ្មៅ១កំប្លេប៉ុណ្ណោះ អស់រយៈពេល៦៥ឆ្នាំ ។ អ្នកស្រីស្លៀកពាក់ខោអាវដដែលនេះរៀងរាល់ថ្ងៃ រហូតដល់វាផុយដាច់រហែក ។
អ្នកស្រីប្រាប់ទៅអ្នកបោកខោអាវរបស់ខ្លួនថា ឱ្យសម្អាតនៅត្រង់ចំណុចណាដែលប្រឡាក់ ឬកខ្វក់ប៉ុណ្ណោះ ដើម្បីសន្សំសំចៃថ្លៃសាប៊ូ ។ គេនិយាយថា អ្នកស្រីស្លៀកខោតែ១ប៉ុណ្ណោះ តាំងពីអាយុ១៦ឆ្នាំ រហូតដល់ពេលអ្នកស្រីស្លាប់អាយុ៨១ឆ្នាំ គឺអ្នកស្រីពុំបានស្លៀកខោផ្សេងឡើយ ។
ក្រោយមក គេក៏បានប៉ាន់ស្មានពីទ្រព្យសម្បត្តិទាំងអស់របស់អ្នកស្រី គឺស្មើពី១០០លានដុល្លារ ទៅ២០០លានដុល្លារអាមេរិកឯណោះ ។ បើប្រៀបធៀបចំនួនប្រាក់នេះជាមួយពេលបច្ចុប្បន្ន គឺស្មើពី២.៧០០លានដុល្លារ ទៅ៥.៤០០លានដុល្លារអាមេរិក ហើយគេកំណត់ថា អ្នកស្រីជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក នាសម័យនោះ ៕










