នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅព្រលានយន្តហោះ ដើម្បីឆ្លើយតបនឹងជំងឺអឹមផក (Mpox) ដែលកំពុងរាតត្បាតបណ្តាលប្រទេសជិតខាង។
ក្រៅរៀបចំទីតាំងផ្នែកចត្តាឡីស័ក ក្រសួងសុខាភិបាល ក៏បានពង្រឹងយន្តការបន្ថែមទៀតយ៉ាងម៉ត់ចត់ក្នុងការតាមដានកំដៅ ដោយប្រព័ន្ធកាមេរ៉ា និងការអង្កេត តាមដាន រាល់អ្នកដំណើរគ្រប់ច្រកចេញចូលទាំងអស់។
បើអ្នកដំណើរណាម្នាក់មានករណីសង្ស័យ មន្ត្រីចត្តាទ្បីស័ករបស់ក្រសួងសុខាភិបាល នឹងចាត់ចែងអនុវត្តតាមគោលការណ៍ណែនាំក្នុងការទប់ស្កាត់នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់។
គួរបញ្ជាក់ផងដែរ គិតមកទល់ពេលនេះ កម្ពុជាមិនទាន់មានករណីអ្នកផ្ទុកមេរោគ អឹមផក (Mpox) នៅឡើយនោះទេ ខណៈប្រទេសជិតខាង កំពុងមានការផ្ទុះមេរោគនេះជាច្រើនករណី៕










