សហរដ្ឋអាមេរិក ៖ សារព័ត៌មាន Reuters បានរាយការណ៍កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៤ ថា WeRide ជាក្រុមហ៊ុនរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិម៉ាក Robotaxi របស់ប្រទេសចិន បានទទួលអាជ្ញាប័ណ្ណពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីសាកល្បងផ្តល់សេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិដឹកអ្នកដំណើរនៅអាមេរិក ចំនួន១២គ្រឿង ។
ក្រុមហ៊ុន WeRide នឹងប្រើប្រាស់រថយន្តម៉ាក GAC និង Nissan ហើយការប្រើប្រាស់រថយន្តនឹងអាស្រ័យលើទីតាំងផ្តល់សេវាកម្ម ។ រថយន្តទាំងនេះនឹងបំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងមានប្រព័ន្ធតាមដានការធ្វើចលនាផ្សេងៗជុំវិញរថយន្ត, កាមេរ៉ាវាស់ជម្រៅ (LiDAR) និងកាមេរ៉ាជុំវិញរថយន្ត ៣៦០អង្សារ ហើយរថយន្តនឹងអាចបើកបរក្នុងល្បឿនលឿនបំផុត ស្មើនឹង១២០គីឡូម៉ែត្រក្នុង១ម៉ោង ។
ប្រព័ន្ធផ្សេងៗរបស់រថយន្តនឹងដំណើរការជាមួយបច្ចេកវិទ្យា AI ដែលតភ្ជាប់រថយន្តជាមួយកុំព្យូទ័រ ។ ក្រុមហ៊ុន WeRide បញ្ជាក់ថា រថយន្តបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិបានសាកសាកល្បងបើកបរនៅតាមទីតាំងផ្សេងៗ ដែលមានមនុស្សធ្វើដំណើរ, យានជំនិះ និងអគារ ។ លើសពីនេះ ពេលអាកាសធាតុមិនល្អ រថយន្តទាំងនេះអាចដឹងមុនថា មានយានជំនិះនៅខាងមុខ ហើយវាមានភាពត្រឹមត្រូវ ចាប់ពី៩៧% ដល់៩៨% ។

ក្រុមហ៊ុន WeRide បានដាក់លិខិតស្នើទៅគណៈកម្មការកិច្ចការសាធារណៈរបស់រដ្ឋកាលីហ្វ័រញ៉ា ឬ CPUC (California Public Utilities Commission) កាលពីខែកក្កដា ឆ្នាំ២០២៤ ដើម្បីសុំសាកល្បងតាក់ស៊ីបើកបរស្វ័យប្រវត្តិមានជំនួយការបើកបរអង្គុយក្នុងរថយន្ត និងគ្មានជំនួយការបើកបរ ។ ការដាក់លិខិតស្នើរបស់ក្រុមហ៊ុន គឺមានរយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទទួលបានការអនុម័ត ដោយក្រុមហ៊ុនផ្តល់សេវាកម្មតែក្រុមសាកល្បងប៉ុណ្ណោះ និងមិនប្រមូលថ្លៃធ្វើដំណើរ ។
តាំងពីការបង្កើតក្រុមហ៊ុន WeRide នៅឆ្នាំ២០១៧ ក្រុមហ៊ុននេះបានផ្តល់សេវាកម្មតាក់ស៊ីបើកបរស្វ័យប្រវត្តិនៅតាមទីក្រុងមួយចំនួនរបស់ចិន ព្រមទាំងនៅតំបន់ខ្លះរបស់អេមីរ៉ាតអារ៉ាប់រួម ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដាក់លិខិតស្នើសុំសាកល្បងតាក់ស៊ីរបស់ខ្លួននៅប្រទេសសិង្ហបុរី ៕










