ប្រទេសម៉ិកស៊ិក ៖ Jala គឺជាទីក្រុងតូចមួយស្ថិតនៅរដ្ឋ Nayarit ប្រទេសម៉ិកស៊ិក ដែលមានឈ្មោះល្បីល្បាញថា កសិករនៅទីនេះ អាចដាំផ្លែពាតមានទំហំធំ និងវែងបំផុតលើពិភពលោក ។ បើទោះជាពូជពោតប្រភេទនេះត្រូវបានគេយកទៅដាំដុះនៅតំបន់ផ្សេងទៀតរបស់ម៉ិកស៊ិកក្តី ប៉ុន្តែវាពុំចេញផ្លែធំវែង ដូចដាំនៅទីក្រុង Jala ទេ ។
កាលពីឆ្នាំ២០១៩ ឃេស៊ុត ណាសារីអូ ជាកសិកររស់នៅទីក្រុង Jala បានជាប់ចំណាត់ថ្នាក់ទី១ ក្នុងការប្រកួតប្រជែងផ្លែពោតប្រចាំឆ្នាំ ដែលមានទំហំធំ និងវែងបំផុតលើពិភពលោក ។ ផ្លែពោតរបស់កសិកររូបនេះ មានប្រវែងរហូតដល់៣៩.៥សង់ទីម៉ែត្រ និងវែងជាងផ្លែពោតរបស់កសិករជាប់ចំណាត់ថ្នាក់ទី២ ត្រឹមតែ០,៥សង់ទីម៉ែត្រប៉ុណ្ណោះ ខណៈផ្លែពោតរបស់អ្នកចូលរួមប្រកួតផ្សេងទៀត ក៏មានទំហំធំ និងវែង ប្រហាក់ប្រហែលគ្នាដែរ ។
ផ្លែពោតដែលពួកគេយកមកប្រកួតប្រជែងនាពេលនោះ គឺជាពូជពោតយក្សមានដើមកំណើតនៅទីក្រុង Jala ដែលគេបានស្គាល់យ៉ាងច្បាស់នៅក្នុងឧស្សាហកម្មកែច្នៃពោត កាលពីជាង១០០ឆ្នាំមុន ។ ប៉ុន្តែបច្ចុប្បន្ន ផ្លែពោតយក្សមានទំហំកាន់តែតូចទៅៗ បើធៀបនឹងផ្លែពោតដែលបានដាំដុះកាលពីមុន ។ ជាក់ស្តែង កាលពីឆ្នាំ២០១៦ ផ្លែពោតរបស់អ្នកជាប់ចំណាត់ថ្នាក់ទី១ មានប្រវែងត្រឹមតែ៤៥សង់ទីម៉ែត្រប៉ុណ្ណោះ ខណៈផ្លែពោតដាំដុះនៅឆ្នាំ១៩២៤ មានប្រវែងរហូតដល់៦០សង់ទីម៉ែត្រ ។
ចំណែកមូលហេតុធ្វើឱ្យផ្លែពោតនេះមានប្រវែងកាន់តែខ្លីជាងមុន ដោយសារចំនួនកសិករដាំពោតនៅទីក្រុង Jala កាន់តែតិចជាងមុន និងដាំវាលាយឡំជាមួយពោតផ្សេង ។ ឃេរ៉ូឡៃណា ខាណាសូ ជាអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច និងសង្គមនិយាយថា ៖ «យើងពុំគួរប្រើប្រាស់គ្រឿងម៉ាស៊ីនក្នុងចម្ការពោតនៅទីក្រុង Jala ទេ ដោយសារទំហំរបស់វា និងតម្រូវការលើទីផ្សារ ។ យើងត្រូវប្រមូលផលពោតដោយដៃ ដោយសារដើមវាមានកម្ពស់ខ្ពស់ជាងក្បាលមនុស្ស ហើយកសិករត្រូវជិះសេះកាច់ពោតក្នុងចម្ការ» ។
បើទោះជាពោតយក្សមានទំហំធំខ្លាំងគួរឱ្យចាប់អារម្មណ៍ និងមានរសជាតិឆ្ងាញ់ក្តី ប៉ុន្តែពោតនេះកំពុងតែជិតផុតពូជបន្តិចម្តងៗពីទីក្រុង Jala ដោយសារកសិករនៅទីនេះឈប់ដាំដុះ ហើយពួកគេប្តូរទៅដាំពោតពូជផ្សេងវិញ ពីព្រោះងាយស្រួលថែទាំជាង ។ ម្យ៉ាងទៀត នៅតាមជ្រលងភ្នំនានា កសិករបានដាំពោតយក្សនេះលាយឡំជាមួយពោតផ្សេងៗ ទើបធ្វើឱ្យវាមានប្រវែងកាន់តែខ្លី និងធ្វើឱ្យអ្នកជំនាញបារម្ភពីការបាត់បង់ពូជពោតប្រភេទនេះ ។
អ្វីគួរឱ្យចាប់អារម្មណ៍ បើទោះជាគេបញ្ជូនពូជពោតមានដើមកំណើតនៅទីក្រុង Jala ទៅដាំនៅទីក្រុងផ្សេងៗរបស់ប្រទេសម៉ិកស៊ិក ដូចជា ៖ ដាំទីក្រុង Sinaloa និងទីក្រុង Jalisco ប៉ុន្តែវាពុំមានទំហំធំវែង ដូចដាំនៅតាមជើងភ្នំភ្លើងសេបូរ៉ូកូ នៅទីក្រុង Jala ដែលសម្បូរដោយសារធាតុរ៉ែក្នុងដីឡើយ ៕










