តើអ្នកណាខ្លះប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ? តើលោកអ្នកជ្រាបទេថា ថ្ងៃទី១៣ ខែសីហា ត្រូវបានពិភពលោក ចាត់ទុកថា គឺជាថ្ងៃទិវាដៃឆ្វេងអន្តរជាតិ? វាជាថ្ងៃពិសេសមួយសម្រាប់អ្នកចូលចិត្តប្រើប្រាស់ដៃឆ្វេង ឬប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ ។ ការកំណត់ទិវានេះក្នុងគោលបំណងឱ្យមនុស្សគ្រប់រូបយល់ដឹងពីសិទ្ធិស្មើគ្នានៅក្នុងសង្គម ។
យោងតាមស្ថិតិចំនួនពលរដ្ឋនៅជុំវិញពិភពលោក បង្ហាញថា មានមនុស្សប្រើប្រាស់ដៃស្តាំថ្នឹកជាងដៃឆ្វេង រហូតដល់៩០% ខណៈអ្នកប្រើប្រាស់ដៃឆ្វេងស្មើត្រឹមតែ១០% ប៉ុណ្ណោះ ។ ហេតុនេះ សម្ភារៈប្រើប្រាស់ផ្សេងៗនៅលើពិភពលោក ត្រូវបានផលិតឡើងមកសម្រាប់ឱ្យអ្នកថ្នឹកដៃស្តាំប្រើប្រាស់ ច្រើនជាងផលិតសម្រាប់ឱ្យអ្នកថ្នឹកដៃឆ្វេង ប្រើប្រាស់ ។
អង្គការមួយឈ្មោះ Lefthanders International បានកំណត់យកថ្ងៃទី១៣ ខែសីហា ឱ្យក្លាយជា «ទិវាដៃឆ្វេងអន្តរជាតិ» ឬ Left Hander’s Day ហើយចាប់ផ្តើមប្រើប្រាស់ទិវានេះនៅសហរដ្ឋអាមេរិកមុនគេ គិតចាប់ពីឆ្នាំ១៩៧៦ មកម៉្លេះ ។ រីឯមូលហេតុដែលអង្គការនេះជ្រើសយកថ្ងៃទី១៣ ខែសីហា ធ្វើជាទិវាដៃឆ្វេងអន្តរជាតិ ពីព្រោះមនុស្សភាគច្រើនមិនចូលចិត្ត ឬខ្លាចថ្ងៃសុក្រ ទី១៣ ។
ហេតុនេះ ថ្ងៃទី១៣ សីហា បានក្លាយជាទិវាដៃឆ្វេងអន្តរជាតិ សម្រាប់កំណត់សិទ្ធិរបស់អ្នកប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ ខណៈពលរដ្ឋនៅប្រទេសមួយចំនួនមានជំនឿថា ដៃឆ្វេងត្រូវបានគេប្រើប្រាស់ពាក់ព័ន្ធនឹងខ្មោចព្រាយបិសាច និងយកដៃឆ្វេងចាប់វត្ថុមិនល្អ ជាដើម ។
ការបង្កើតទិវាដៃឆ្វេងអន្តរជាតិនេះឡើង គឺដើម្បីអំពាវនាវឱ្យមនុស្សគ្រប់រូបយល់ដឹងអំពីសិទ្ធិស្មើគ្នានៅក្នុងសង្គម រវាងអ្នកប្រើប្រាស់ដៃឆ្វេង និងដៃស្តាំ ។ រីឯបុគ្គលសំខាន់ៗនៅលើពិភពលោក ដែលប្រើប្រាស់ដៃឆ្វេងថ្នឹកជាងដៃស្តាំ រួមមាន ៖
-លោក Barack Obama អតីតប្រធានាធិបតីអាមេរិក
-លោក Steve Jobs អតីត CEO ក្រុមហ៊ុន Apple
-លោក Mark Zuckerberg ជា CEO ក្រុមហ៊ុន Facebook
-លោក Albert Einstein ជាបិតារូបវិទ្យា ជនជាតិអាល្លឺម៉ង់
-លោក Isaac Newton ជាទស្សនវិទូ ជនជាតិអង់គ្លេស
-លោក Aristotle ជាទស្សនវិទូ ជនជាតិក្រិក
-លោក Leonardo da Vinci ជាទស្សនវិទូ ជនជាតិអ៊ីតាលី
-លោក Pablo Picasso ជាវិចិត្រករ និងជាងចម្លាក់ ជនជាតិអេស្ប៉ាញ និង
-លោក Bill Gates ជាអតីត CEO របស់ក្រុមហ៊ុន Microsoft ជនជាតិអាមេរិក ៕










