អង់គ្លេស៖ ពិធីបុណ្យស្រា..ត Nudefest គឺជាពិធីដ៏ធំបំផុតមួយរបស់ចក្រភពអង់គ្លេស បានទាក់ទាញភ្ញៀវទេសចរទូទាំងពិភពលោក ដែលចំនួនភ្ញៀវចូលរួមគឺច្រើនជាងទ្វេរដងបើធៀបទៅនឹងឆ្នាំមុន។
Nudefest គឺជាពិធីបុណ្យរដូវក្តៅដែលមានភាពសប្បាយរីករាយ ញ៉ាំអាហារចម្រុះជួបជុំគ្នា និងសកម្មភាពបន្ធូរអារម្មណ៍។ ដោយព្រឹត្តិការណ៍នេះមិនមានសកម្មភាពលេងសើច ឬប្រមាថមើលងាយនោះទេ ព្រោះអ្នកចូលរួមទាំងអស់សុទ្ធតែមកពីសហគមន៍ដូចគ្នា និងបានចែករំលែកមតិដូចគ្នាចំពោះការចូលចិត្តអាក្រាតកាយ ព្រមទាំងចែករំលែកបរិយាកាសរីករាយ និងវិជ្ជមានឱ្យគ្នាទៅវិញទៅមក។
នៅក្នុងរោងមហោស្រព មនុស្សជាច្រើនបានអង្គុយស្តាប់បទបង្ហាញ ហើយនិយាយអំពីប្រធានបទទាំងអស់នៅក្នុងជីវិតរបស់ពួកគេ ខណៈអ្នកផ្សេងទៀតកំពុងអង្គុយនៅក្នុងសូណា និងអាងទឹកក្តៅ សម្រាក ឬលេងកីឡា ហើយក៏មានមនុស្សខ្លះទៀតដេកលើខ្នើយធំ ក្បែរនោះកំពុងធ្វើសមាធិ។ នៅខាងក្រៅគឺពោរពេញទៅដោយភ្ញៀវធ្វើដំណើរជុំវិញតំបន់ពិធីបុណ្យ ដោយអ្នកផ្សេងទៀតចូលរួមដំណើរទេសចរណ៍កសិដ្ឋាន cider ហើយយន្តហោះគ្មានមនុស្សបើកក៏បានហោះហើរដើម្បីកត់ត្រាព្រឹត្តិការណ៍នេះផងដែរ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំសម្រាប់អ្នកចូលចិត្តស្រា..តត្រូវបានផ្តួចផ្តើមដោយលោក Andrew Welch អ្នកនាំពាក្យរបស់ British Naturism ក្នុងឆ្នាំ ២០០៧។ 
ដូច្នេះនៅឆ្នាំ ២០២៤ ពិធីបុណ្យនេះធ្វើឡើងនៅចុងខែមិថុនា ដែលមានរយៈពេលមួយសប្តាហ៍នៅក្នុងកន្លែងបោះជំរុំដ៏ធំដែលមានភ្ញៀវ ៧០០ នាក់នៅ Somerset County ដែលទីក្រុងជនបទមួយនៃប្រទេសអង់គ្លេស ដោយមានអ្នកចូលរួមមកពីទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ។ រាល់យប់នៃពិធីបុណ្យនេះ គឺមានសំឡេងដែលបញ្ចេញខ្លាំង និងរស់រវើកបំផុត ដោយមានក្រុមតន្រ្តីទាំងបុរាណ និងសម័យ ធ្វើការប្រគុំតន្ត្រី ហើយក៏មានការរាំឌីស្កូ ខារ៉ាអូខេ និងកម្រងសំណួរតន្ត្រីផងដែរ។ លោក Jeremy ដែលជាអ្នកមកទស្សនាពិធីបុណ្យនេះបាននិយាយថា លោកចូលចិត្តពីធីបុណ្យ Nudefest ណាស់ដោយសារតែមានឱកាសជួបមិត្តចាស់ និងបង្កើតមិត្តថ្មី។
អ្នកទេសចរម្នាក់ឈ្មោះ Richard ក៏បាននិយាយដែរថា លោកចូលចិត្តការរៀបចំព្រឹត្តិការណ៍ដែលមានសកម្មភាពជាច្រើនបែបនេះ។ រីឯភ្ញៀវទេសចរម្នាក់ទៀតឈ្មោះ Charley ដែលបានចូលរួមក្នុងពិធីបុណ្យនេះ ៣ ឆ្នាំជាប់ៗគ្នាបាននិយាយថា ពិធីបុណ្យនេះមានសុវត្ថិភាព មនុស្សគ្រប់គ្នាបានរកឃើញសេរីភាព រំដោះខ្លួន និងស្វែងរកមិត្តភាព។ ក្នុងពិធីបុណ្យស្រា..តនេះ មហាជនយល់ថា ពួកគេលែងខ្លាចធាត់ ឬស្គមទៀតហើយ ដោយពួកគេចាប់ផ្តើមសន្ទនាជាមួយអ្នកដទៃយ៉ាងងាយស្រួលដោយមិនខ្លាចការរើសអើង ដូច្នេះមនុស្សដែលចូលរួមពិធីនេះច្រើនយកចិត្តទុកដាក់តែលើជីវិតស្នេហាជំនួសឱ្យរូបរាង ឬទ្រព្យសម្បត្តិ៕










