បដិវត្តន៍ពណ៌ ជាពាក្យមួយដែលត្រូវបានប្រើប្រាស់ដំបូងឡើយ ក្នុងអតីតសភាពសូវៀតអំឡុងដើមទសវត្សរ៍ឆ្នាំ២០០០ ដែលពាក្យនេះ គេប្រើដើម្បីពណ៌នាពីចលនាផ្សេងៗជាច្រើន ដែលកើតឡើងនាពេលនោះ។
បដិវត្តន៍ពណ៌ភាគច្រើនសំដៅទៅលើការបះបោរ ក្នុងរូបភាព ការធ្វើបាតុកម្ម កូដកម្ម ប្រឆាំងនឹងរដ្ឋាភិបាលដែលប្រព្រឹត្តអំពើពុករលួយ ឬផ្តាច់ការ និងដើម្បីតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ។
នៅកម្ពុជា ចលនាបដិវត្តន៍ពណ៌ ជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ នេះបើយោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា។
ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់ពីរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។
ការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ធ្លាប់បានកើតឡើងម្តង តែក៏ត្រូវបានបរាជ័យដោយសាររាជរដ្ឋាភិបាល ចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ទប់ស្កាត់បានទាន់ពេលវេលា។ គ្រានោះពលរដ្ឋយកផ្កាឈូក ដើម្បីធ្វើបដិវត្តន៍ ដោយមានការបង្គាប់ពីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល។
លុះដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅកម្ពុជាក៏ផ្ទុះឡើងម្តងទៀត នូវរូបភាពបដិវត្តន៍ពណ៌តាមរយៈការស្លៀកពាក់ខ្មៅវិញម្តង តែផែនការនេះក៏ត្រូវបានបរាជ័យផងដែរ៕
		
	









