ការងារជាច្រើនដូចជាកម្មកររោងចក្រ ឃ្លាំង ខ្សែផលិតកម្ម អ្នករត់តុ សន្តិសុខ អ្នកគិតលុយ អ្នកលក់សំបុត្រ ក៏ដូចជាបុគ្គលិកផ្នែកប្រៃសណីយ៍ បុគ្គលិកធនាគារ និងលេខាធិការ…អាចនឹងបាត់បង់ការងារធ្វើក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត ដោយសារបច្ចេកវិទ្យា AI នឹងជំនួសមុខតំណែងទាំងនេះ។ ដូច្នេះអ្នកគួរត្រៀមខ្លួនចាប់ជំនាញថ្មីៗបន្ថែមទៀត ដើម្បីដើរឱ្យទាន់យុគសម័យឌីជីថល។ ទោះជាយ៉ាងណាមុខតំណែងទាំងនេះប្រហែលបាត់បង់តែក្នុងប្រទេសអភិវឌ្ឍប៉ុណ្ណោះ សម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចយើងនៅតែមានជាធម្មតា ប៉ុន្តែក៏អាចបាត់បង់ដែរនាពេលអនាគត ព្រោះវិស័យបញ្ញាសិប្បនិម្មិត ឬមនុស្សយន្ត AI កំពុងរីកដុះដាលខ្លាំងទូទាំងពិភពលោក។
នេះបើយោងតាមរបាយការណ៍ HSBC បានបង្ហាញថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ការងារប្រហែល ៨៣ លានអាចនឹងត្រូវបាត់បង់ដោយសារតែការផ្លាស់ប្តូរតម្រូវការការងារក្នុងវិស័យមួយចំនួន។ ទន្ទឹមនឹងនេះការងារថ្មីចំនួន ៦៩ លាននឹងត្រូវបានបង្កើតឡើងក្រោមឥទ្ធិពលនៃបច្ចេកវិទ្យា និងនិន្នាការសង្គម។ របាយការណ៍បញ្ជាក់ថា បច្ចេកវិទ្យាបាននិងកំពុងបង្កើតការងារថ្មីៗជាច្រើន ប៉ុន្តែការងារទាំងនោះនឹងស័ក្តិសមសម្រាប់តែអ្នកដែលចាប់យកបច្ចេកវិទ្យាថ្មីប៉ុណ្ណោះ។ ហេតុនេះនៅពេលអនាគតអាជីពនិងចំណេះដឹងផ្នែកបច្ចេកវិទ្យា ជំនាញការងារជាក្រុម ភាពវៃឆ្លាតខាងអារម្មណ៍ នឹងមានតម្រូវការកាន់តែច្រើន។
ដូច្នេះហើយគ្រប់មុខជំនាញ និងវិស័យបណ្តុះបណ្តាលនាពេលនេះ គឺមិនអាចខ្វះការអនុវត្តបច្ចេកវិទ្យាបានទេ។ ការចាប់យកបច្ចេកវិទ្យា មនុស្សនឹងងាយស្រួលស្វែងរកការងារធ្វើនាពេលអនាគត។ ទន្ទឹមនឹងនេះ ការងារក្នុងការវិភាគទិន្នន័យធំ បច្ចេកវិទ្យាគ្រប់គ្រងបរិស្ថាន ការអ៊ិនគ្រីប និងសន្តិសុខតាមអ៊ីនធឺណិត រួមទាំងបច្ចេកវិទ្យាជីវសាស្រ្ត ក៏ដូចជាវេទិកាឌីជីថល… ត្រូវបានគេព្យាករណ៍ថានឹងមានការកើនឡើង។ បន្ថែមពីនេះការងារដែលអាចត្រូវបានជ្រើសរើសនាពេលអនាគតគឺ អ្នកឯកទេសបញ្ញាសិប្បនិម្មិត អ្នកវិភាគទិន្នន័យអាជីវកម្ម សន្តិសុខព័ត៌មាន និងវិស្វករបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ជាការពិតណាស់ឥទ្ធិពលនៃបច្ចេកវិទ្យាបានផ្លាស់ប្តូរវិជ្ជាជីវៈជាច្រើនគឺជានិន្នាការដែលមិនអាចត្រឡប់វិញបាន។ ដូច្នេះការកែលម្អជំនាញរបស់អ្នកដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់ដែលបច្ចេកវិទ្យាបង្កើតគឺជាតម្រូវការដែលមិនអាចជៀសរួច។ នោះគឺជាបញ្ហាប្រឈម និងឱកាសសម្រាប់មនុស្សជាច្រើន ដោយសារទីផ្សារការងារកាន់តែមានការប្រកួតប្រជែង។ វាមានសារៈសំខាន់ណាស់ក្នុងការរៀបចំសម្រាប់ការផ្លាស់ប្តូរនាពេលអនាគត។ ហេតុនេះសិស្សនិស្សិត ឬក៏កម្មករគួរចាប់យកជំនាញបច្ចេកវិទ្យាផ្សេងៗបន្ថែមទៀត ដើម្បីងាយស្រួលរកការងារធ្វើនាពេលខាងមុខ៕










