តើលោកអ្នកជ្រាបទេថា មានចោរច្រើនណាស់ ដែលបានជិះយន្តហោះរួមដំណើរជាមួយយើងដែរ ហើយយើងត្រូវតែប្រយ័ត្នខ្លួនឱ្យល្អបំផុត ជាពិសេស កុំទុកលុយកាក់ ឬទ្រព្យសម្បត្តិមានតម្លៃឆ្ងាយពីខ្លួនឱ្យសោះពេលជិះយន្តហោះ ដើម្បីការពារកុំឱ្យមានហេតុការណ៍អាក្រក់កើតឡើងធ្វើឱ្យខាតបង់ពេលវេលា ។ ពេលយន្តហោះចុះចត គួរពិនិត្យមើលទ្រព្យសម្បត្តិរបស់យើងថា តើនៅគ្រប់ចំនួនឬទេ? ករណីបាត់ទ្រព្យសម្បត្តិ គួរធ្វើតាមវិធីមួយនេះ ។.jpg)
ពេលឡើងជិះយន្តហោះ តើយើងគួរតែទុកលុយកាក់នៅកន្លែងណាល្អ? ពីព្រោះកន្លងមក មានចោរលួចប្រាក់លើយន្តហោះដែលចាកចេញពីទីក្រុងហុងកុង មកកាន់ទីក្រុងបាងកក ប្រទេសថៃ ដែលជាការហោះហើររយៈពេលខ្លី ។ ពេលនោះ អ្នកដំណើរជិះយន្តហោះម្នាក់បានបាត់ប្រាក់ចំនួន៨សែនបាត (ឬស្មើជាង២ម៉ឺនដុល្លារអាមេរិក) ដោយសារអ្នកដំណើរបានទុកប្រាក់ក្នុងកាបូប Laptop រួចហើយក៏យកកាបូបនោះទៅទុកលើធ្នើរដាក់ឥវ៉ាន់ផ្នែកខាងលើ ។.jpg)
ប៉ុន្តែពេលអ្នកដំណើររូបនេះចុះពីយន្តហោះ និងធ្វើដំណើរទៅដល់ផ្ទះ ទើបដឹងថា បាត់ប្រាក់ទាំងអស់ពីកាបូប ។ បន្ទាប់មក អ្នកដំណើររូបនេះបានទៅប្តឹងសមត្ថកិច្ច ហើយសមត្ថកិច្ចបញ្ជាក់ថា អ្នកដំណើរផ្សេងទៀតដែលជិះយន្តហោះជាមួយគ្នា ក៏បានបាត់ប្រាក់ដែរ គឺចោរបានលួចប្រាក់ពីអ្នកដំណើរទាំង២រូប សរុបស្មើនឹង៩៥៨.០០០បាត ។ សមត្ថកិច្ចសន្និដ្ឋានថា ចោរ គឺជនជាតិចិន ដែលអង្គុយក្បែរគ្នា ។
ហេតុនេះ យើងគួរតែទុកប្រាក់ និងទ្រព្យសម្បត្តិមានតម្លៃនៅជាប់ខ្លួនជានិច្ច គឺល្អបំផុត ដោយប្រើប្រាស់កាបូបស្ពាយជាប់ខ្លួន ឬកាបូបក្រវ៉ាត់ចង្កេះតូចៗ ។ ករណីយើងត្រូវធ្វើដំណើរផ្លូវឆ្ងាយតាមយន្តហោះ បុគ្គលិកអាកាសចរណ៍នឹងពុំអនុញ្ញាតឱ្យយើងទុកអីវ៉ាន់នៅខាងក្រោមទេ គឺត្រូវតែទុកនៅផ្នែកខាងលើក្បាលប៉ុណ្ណោះ ។.jpg)
លើសពីនេះ កុំដាក់ទ្រព្យសម្បត្តិមានតម្លៃក្នុងវ៉ាលិសនៅបាតយន្តហោះឱ្យសោះ ពីព្រោះគ្រប់អាកាសយានដ្ឋានទាំងអស់នឹងមានបុគ្គលិកមានកូនសោរពិសេសអាចបើកកាបូបគ្រប់ប្រភេទរបស់អ្នកដំណើរលើពិភពលោក ។ ប៉ុន្តែបើចាំបាច់ត្រូវទុកសម្ភារៈក្នុងកាបូប និងដាក់ផ្នែកខាងលើក្បាល គឺពេលយន្តហោះចុះចតភ្លាម យើងត្រូវពិនិត្យមើលសម្ភារៈក្នុងកាបូបឱ្យបានលម្អិតថា តើសម្ភារៈរបស់យើងនៅគ្រប់ចំនួនដែរឬទេ?
បើពិនិត្យឃើញថា សម្ភារៈបាត់ យើងត្រូវប្រញាប់ជូនដំណឹងទៅបុគ្គលិកអាកាសចរណ៍ ពីព្រោះពួកគេបិទទ្វារយន្តហោះមិនឱ្យអ្នកដំណើរទាំងអស់ចុះពីយន្តហោះ ដើម្បីឱ្យសមត្ថកិច្ចមកឆែកឆេរអ្នកដំណើរ និងស្វែងរកសម្ភារៈបាត់ ។ 
នេះជាវិធីល្អបំផុតដែលអ្នកដំណើរតាមយន្តហោះគួរជ្រាប ពីព្រោះបច្ចុប្បន្ន មានចោរតាមយន្តហោះច្រើន ។ កន្លងមក ចោរបានធ្វើសកម្មភាពក្នុងយន្តហោះដែលហោះហើររយៈពេលវែង (ឬផ្លូវឆ្ងាយ) ប៉ុណ្ណោះ ប៉ុន្តែពេលនេះ ចោរចាប់ផ្តើមធ្វើសកម្មភាពក្នុងយន្តហោះដែលហោះហើររយៈពេលខ្លីផងដែរ ៕
		
	









