បរទេស៖ ក្រុមហ៊ុន Recaro Automotive Seating ដែលជាដៃគូរផ្គត់ផ្គង់កៅអីកីឡាសម្រាប់រថយន្តម៉ាកល្បីៗដូចជា BMW, Ford ឬ Volkswagen អស់រយៈពេលជាយូរមកហើយ ស្រាប់តែថ្មីៗនេះបានប្រកាសក្ស័យធន់។
យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា ក្រុមហ៊ុន Recaro Automotive Seating បានដាក់ពាក្យសុំក្ស័យធននៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅដោយសារបញ្ហាហិរញ្ញវត្ថុ។ Recaro Automotive Seating គឺជាក្រុមហ៊ុនផលិតកៅអីគ្រប់ប្រភេទដូចជា កៅអីរថយន្ត, កៅអីយន្តហោះ, កៅអីការិយាល័យ, កៅអីហ្គេម និងកៅអីកុមារជាដើម។
ទោះជាយ៉ាងណាក្រុមហ៊ុនប្រកាសក្ស័យធន់តែកៅអីរថយន្តទេ សម្រាប់កៅអីផ្សេងទៀតគឺមិនប៉ះពាល់ទេ មានន័យថានៅដំណើរការធម្មតា។ គួររំលឹកដែរថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្រុមហ៊ុន Recaro Automotive Seating បានផ្គត់ផ្គង់កៅអីកីឡាដល់ម៉ាករថយន្តធំៗដូចជា BMW, Ford, Volkswagen និងក្រុមហ៊ុនល្បីៗជាច្រើនទៀត។ កៅអីរថយន្តនេះក៏ត្រូវបានដាក់បង្ហាញនៅលើរថយន្តដែលមានសមត្ថភាពខ្ពស់ Type R របស់ក្រុមហ៊ុន Honda ផងដែររួមមាន Civic និង Integra ប៉ុន្តែនៅចុងទស្សវត្សរ៍ឆ្នាំ ២០០០ ក្រុមហ៊ុន Honda ក៏ឈប់ប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Recaro។
បន្ទាប់មកក្រុមហ៊ុនក៏បានឆ្លងកាត់ម្ចាស់ផ្សេងៗគ្នា ទោះជាយ៉ាងណាមានតែ BMW និង Ford ទេដែលនៅតែប្រើប្រាស់ផលិតនេះអស់រយៈពេលជាយូរមកហើយ។ បច្ចុប្បន្ន BMW បានប្រើប្រាស់កៅអីរបស់ Recaro នៅក្នុងរថយន្តស្ព័រ M របស់ខ្លួន ខណៈដែល Ford ប្រើប្រាស់វានៅក្នុងរថយន្ត Mustang S650។ យោងតាម Drive មូលហេតុមួយក្នុងចំណោមមូលហេតុដែលកៅអីរថយន្ត Recaro ស្ថិតក្នុងវិបត្តិគឺការលេចចេញនូវម៉ាកយីហោកៅអីកីឡា Recaro ក្លែងក្លាយជាច្រើននៅលើទីផ្សារ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញកៅអីក្នុងតម្លៃមួយចំណែកនៃផលិតផលពិតប្រាកដ។
គួរបញ្ជាក់ដែរថា ក្រៅពីកៅអីរថយន្ត Recaro ក្រុមហ៊ុនផលិតកង់ដ៏យូរអង្វែង BBS ក៏បានដាក់ពាក្យសុំក្ស័យធន ដោយសារបញ្ហាហិរញ្ញវត្ថុផងដែរ។ នេះគឺជាអ្នកផ្គត់ផ្គង់កង់សម្រាប់ Audi, Bentley, BMW, Ford, Mercedes-Benz និង AMG, Porsche, Stellantis និង Volkswagen និងជាដៃគូផ្តាច់មុខសម្រាប់ការប្រណាំង F1 ចាប់តាំងពីឆ្នាំ ២០២២ ។ ដូចក្រុមហ៊ុន Recaro ដែរ BBS បានរងទុក្ខយ៉ាងខ្លាំងពីការកើនឡើងនៃចំនួនអ្នកផលិតគែមយ៉ាន់ស្ព័រដែលមានតំលៃថោក និងក្លែងក្លាយដែលចម្លងការរចនានិមិត្តសញ្ញារបស់វា៕










