ថ្មីៗនេះតារាស្រី វ៉ាង ស្រីណូ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍បន្ទាប់ពីគេបានឃើញរូបនាងបង្ហាញរូបថតពរពោះជិតគ្រប់ខែទាំងប្រកាសក្តែងៗថានៅ Single និងគ្មានដំណឹងពីទំនាក់ទំនងជាមួយបុរសណាឡើយ។ ទោះយ៉ាងណា មន្ទិលសង្ស័យរបស់អ្នកលេងបណ្តាញសង្គមត្រូវបានស្រាយចម្ងង់ដោយ វ៉ាង ស្រីណូ បញ្ជាក់ថាការពរពោះនេះគឺ «ចាក់មេជីវិត»។ ការប្រើជីវិតឯករាជ្យបែបនេះ វ៉ាង ស្រីណូ អះអាងថាមានក្តីសុខហើយប្តី នាងមិនដែលគិតចង់បាននោះទេ។

វ៉ាង ស្រីណូ តារាស្រីសម្តីចាក់ទឹកមិនលិចពុំសូវបានបង្ហាញខ្លួនញឹកញាប់លើអាជីពសិល្បៈនោះទេ ដោយយូរៗម្តងគេបានឃើញនាងចូលរួមកម្មវិធីសម្ភាសន៍មួយចំនួន ខណៈរូបនាងមមាញឹកនិងការលក់កាបូបតាមអនឡាញ។ ការលក់របស់កញ្ញា វ៉ាង ស្រីណូ ជារឿយៗត្រូវបានមហាជនចាប់អារម្មណ៍ដោយសារតែសម្តីលេងសើចចាក់ទឹកមិនលិចរបស់នាងជាមួយនឹងអ្នកគាំទ្រ។ វ៉ាង ស្រីណូ តែងតែបង្ហាញថាខ្លួននាងនៅ Single ពុំមានទំនាក់ទំនងស្នេហាជាមួយបុរសណាមួយឡើយគឺប្រើជីវិតបែបឯករាជ្យបែបនេះ។.jpg)
ទោះយ៉ាងណា ថ្មីៗនេះ វ៉ាង ស្រីណូ បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ដោយសារតែនាងបានបង្ហាញរូបភាពពរពោះទាំងពុំធ្លាប់ប្រកាសទំនាក់ទំនងជាមួយណាសោះដែលនាំឱ្យមានការជីកឬសជីកគល់ពីបញ្ហាពរពោះរបស់ វ៉ាង ស្រីណូ យ៉ាងច្រើន។ ជាមួយគ្នានេះដែរ តារាស្រីរូបនេះបានចេញមកបញ្ជាក់ជូនសាធារណជនតែម្តងដើម្បីកុំឱ្យមានការសង្ស័យតទៅទៀតមានកូនតែគ្មានប្តី។ វ៉ាង ស្រីណូ បានសរសេររៀបរាប់នៅលើបណ្តាញសង្គមអរគុណចំពោះអ្នកដែលបានជូនពរនាងនិងកូន។ 
វ៉ាង ស្រីណូ ក៏បានរំលេចដែរថានាងទទួលបានសំណួរជាច្រើនទាក់ទងនឹងការពរពោះនេះថាមែនឬគ្រាន់តែជាការលេងសើច ព្រោះតែមិនបានឃើញនាងមានប្តី។
វ៉ាង ស្រីណូ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា នាងពិតជាមានទម្ងន់ពិតមែន ហើយមិនមានប្តីនោះទេ នៅតែជាស៊ីងហ្គលដដែល អីឡូវក្លាយជាស៊ីងហ្គលមាំមី។ តារាស្រីរូបនេះក៏បានទម្លាយទៀតថានាងយកកូនតាមបែបវិទ្យាសាស្ត្រ (ចាក់មេជីវិត) ដែលពេលនេះអាយុផ្ទៃពោះ ៨ខែហើយមានគ័តតាំងពីខែមករា។ ក្នុងការពរពោះនេះ វ៉ាង ស្រីណូ ថានាងមានសំណាងព្រោះមិនចាញ់ សុខភាពរឹងមាំ អាចធ្វើដំណើរហោះហើរបានគ្រប់ប្រទេស ទាំងអាស៊ី អឺរ៉ុប អាម៉េរិក។ ជាមួយគ្នានេះ វ៉ាង ស្រីណូ ថាពេលនាងមានផ្ទៃពោះនាងរីករាយ មិនបាក់ទឹកចិត្តដូចម្តាយពរពោះមួយចំនួនធ្វើការបានធម្មតា ទស្សនិកជនដែលមើលឡាយនាងមើលមិនដឹងថានាងមានទម្ងន់ផង។

វ៉ាង ស្រីណូ ថាកូននាងជាកូនស្រីត្រូវសម្រាលនៅខែកញ្ញា ហើយការមានកូននេះនាងមិនបានលាក់បាំងពីមហាជននោះទេព្រោះនាងមានកម្រោង៣ឆ្នាំមកហើយក្នុងការចង់បានកូនឆ្នាំរោង ប៉ុន្តែអាចថាអ្នកមួយចំនួនមិនបានចាប់អារម្មណ៍។ វ៉ាង ស្រីណូ ថានាងជាមនុស្សចូលចិត្តធ្វើអ្វីបើកចំហរ មានទំនួលខុសត្រូវជាមនុស្សវិជ្ជមានហើយ រឿងប្តី នាងមិនដែលគិតថាចង់បាន នាងជាមនុស្សមានម្ចាស់ការលើខ្លួនឯងមានក្តីសុខនឹងប្រើជីវិតឯករាជ្យបែបនេះ ព្រោះនេះជាសម័យស្រ្តីខ្លាំង។
តារាស្រីដែលហ៊ានបង្ហាញថាយកកូនតាមបែបវិទ្យាសាស្រ្តរូបនេះក៏បានលើកទឹកចិត្តឱ្យស្រ្តីខ្មែរ ចេះផ្តល់តម្លៃឱ្យខ្លួនឯង រឹងមាំឡើងកុំទន់ជ្រាយ រឿងអ្វីក៏ស្រ្តីអាចធ្វើបានដែរ ត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួន កុំបាក់ទឹកចិត្ត៕










