បរទេស៖ បន្ទាប់ពីកូរ៉េខាងត្បូងបានហាមឃាត់ការលក់សាច់ឆ្កែនៅលើទីផ្សារ ម្ចាស់ភោជនីយដ្ឋានជាច្រើនក្នុងប្រទេសនេះក៏ងាកមកលក់សាច់ពពែវិញ ដែលធ្វើឱ្យសាច់ពពែមានការពេញនិយមខ្លាំងនៅក្នុងទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូង។
យោងទៅតាមទំនៀមទម្លាប់ដែលមានអាយុកាលរាប់សតវត្សមកហើយ ជនជាតិកូរ៉េនឹងចេញទៅញ៉ាំស៊ុបពពែ ឬស៊ុបសាច់ឆ្កែ ដែលជាអាហារមានជីវជាតិ ដើម្បីចិញ្ចឹមរាងកាយក្នុងអំឡុងខែកក្កដា និងខែសីហា។ ទោះជាយ៉ាងកាលពីមុនសាច់ពពែមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ ដោយភាគច្រើនជនជាតិកូរ៉េនិយមទទួលទានសាច់ឆ្កែជាជាងសាច់ពពែ។
ប៉ុន្តែបន្ទាប់ពីរដ្ឋាភិបាលប្រកាសហាមឃាត់ការបរិភោគសាច់ឆ្កែ ជនជាតកូរ៉េក៏ប្តូរទៅបរិភោគសាច់ពពែវិញ ដែលធ្វើឱ្យភោជនីយដ្ឋានលក់សាច់ពពែកើនឡើងយ៉ាងខ្លាំង។ នេះបើយោងតាមម្ចាស់ភោជនីយដ្ឋានជាច្រើនបាននិយាយថា សាច់ពពែខ្មៅមានវាយនភាពស្រដៀងនឹងសាច់ឆ្កែ ដូច្នេះវាមានជីវជាតិដែលអាចជំនួសសាច់ឆ្កែបាន។ បច្ចុប្បន្នបរិមាណសាច់ពពែខ្មៅនៅក្នុងទីផ្សារកូរ៉េគឺបានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងរដូវក្តៅនេះ ដែលធ្វើឱ្យម្ចាស់ភោជនីយដ្ឋានមានការចំណេញច្រើនពីការលក់សាច់ពពែខ្មៅ។
បើយោងតាមអ្នកស្រី Kim Young-buk ម្ចាស់ភោជនីយដ្ឋានពពែខ្មៅបាននិយាយថា សាច់ពពែខ្មៅនៅកូរ៉េមានតម្លៃប្រហែល ២១ ដុល្លារក្នុងមួយគីឡូក្រាម ខណៈសាច់ឆ្កែកាលពីមុនមានតម្លៃខ្ពស់បំផុតត្រឹម ១៨ ដុល្លារក្នុងមួយគីឡូក្រាម។ យោងតាមការស្ទង់មតិ ស៊ុបសាច់ឆ្កែនៅឆ្នាំនេះមានតម្លៃប្រហែល ១១ ដុល្លារប៉ុណ្ណោះ ខណៈដែលស៊ុបសាច់ពពែខ្មៅលក់ក្នុងតម្លៃ ១៤ ដុល្លារ។ ហេតុនេះបច្ចុប្បន្នប្រទេសកូរ៉េខាងត្បូងបានបង្កើនការចិញ្ចឹមពពែ និងការនាំចូលសាច់ពពែ។ ចំនួនពពែក្នុងស្រុកដែលបានចិញ្ចឹមនៅឆ្នាំ ២០២២ បានកើនឡើងដល់ ៤៣០,០០០ ក្បាល ហើយការនាំចូលសាច់ពពែក៏បានកើនឡើង ៤ ដងដែរ ដល់ជិត ៦,០០០ តោននៅឆ្នាំ ២០២៣ បើធៀបនឹង ១,២៥០ តោនក្នុងឆ្នាំ ២០១៩។

លោក Yoon Cheol-kyun អាយុ ៦៤ ធ្លាប់ជាម្ចាស់ហាងលក់សាច់ឆ្កែ បាននិយាយថាលោកគិតហើយត្រូវដែលប្តូរពីការលក់សាច់ឆ្កែនៅផ្សារ Moran ទៅជាសាច់ពពែខ្មៅវិញ។ លោកបាននិយាយមនុស្សជាច្រើននៅក្នុងអាជីវកម្មសាច់ឆ្កែកំពុងប្រឈមនឹងការលំបាក ប៉ុន្តែយើងត្រូវតែផ្លាស់ប្តូរតាមពេលវេលា។ កាលពីមុនលោក Yoon ធ្លាប់លក់សាច់ឆ្កែដើម្បីចិញ្ចឹមជីវិត ប៉ុន្តែមិនមែនមានន័យថាលោកញ៉ាំសាច់សត្វឆ្កែនោះទេ។ ដោយមើលឃើញពីការធ្លាក់ចុះនៃលទ្ធផលអាជីវកម្ម ម្ចាស់ភោជនីយដ្ឋានលក់សាច់ឆ្កែជាច្រើនផ្សេងទៀតក៏គ្រោងនឹងប្តូរទៅលក់ស៊ុបសាច់ពពែខ្មៅវិញក្នុងរយៈពេលពីរឆ្នាំខាងមុខ៕










