បន្ទាប់ពី EV ដែលជារថយន្តអគ្គិសនីបានវ៉ាដាច់រថយន្តសាំង ធ្វើឱ្យរថយន្តសាំងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារពិភពលោក Hybrid ដែលជាប្រភេទរថយន្តកូនកាត់កាលពីពេលថ្មីនេះ ក៏បានវ៉ាដាច់រថយន្តអគ្គិសនីវិញម្តង ដែលធ្វើឱ្យរថយន្តអគ្គិសនីបច្ចុប្បន្នជួបប្រទះនឹងការប្រកួតប្រជែងយ៉ាងធ្ងន់ធ្ងរបំផុត។ ទោះបីជា EV មានការពេញនិយមខ្លាំងយ៉ាងណាក៏ដោយ ក៏ Hybrid នៅតែមានប្រជាប្រិយភាពជាង ដោយសារវាមានគុណសម្បត្តិច្រើន សក្តិសមសម្រាប់អ្នកដែលចង់សន្សំសំចៃ។ 
នៅក្នុងទីផ្សារសកល ការលក់រថយន្តកូនកាត់កំពុងទទួលបានភាពជោគជ័យខ្លាំង ខណៈការលក់រថយន្តអគ្គិសនីវិញបច្ចុប្បន្នគឺមានការធ្លាក់ចុះ។ លក្ខណៈពិសេសដែលមនុស្សភាគច្រើនសម្រេចជ្រើសរើស Hybrid ជំនួសឱ្យ EV គឺដោយសារហេតុផលដូចជាតម្លៃសមរម្យ ងាយស្រួលប្រើប្រាស់ មិនចាំបាច់បារម្ភអំពីស្ថានីយ៍សាក ព្រោះរថយន្ត Hybrid ត្រូវបានគេចាត់ទុកថាជារថយន្តកូនកាត់រវាងរថយន្តចំហេះ និងរថយន្តអគ្គិសនី ពោលគឺវាមានអត្រាប្រើប្រាស់ទាបជាងរថយន្តចំហេះសុទ្ធ។ 
ដូច្នេះក្នុងពេលជាមួយគ្នានេះ អ្នកប្រើប្រាស់មិនចាំបាច់ព្រួយបារម្ភអំពីការស្វែងរកកន្លែងសាកថ្មដូចរថយន្ត EV នោះទេ ព្រោះវាអាចបង្កើតការសាកថ្មដោយខ្លួនឯងបាន។ លើសពីនេះអ្នកក៏មិនចាំបាច់រង់ចាំការបញ្ចូលថ្មដែរ ខណៈរថយន្តអគ្គិសនីត្រូវការរង់ចាំរយៈពេលមួយម៉ោង។ ប៉ុន្តែរថយន្តកូនកាត់វិញមិនតម្រូវឱ្យអ្នកខ្ជះខ្ជាយពេលវេលារង់ចាំឡើយ ដោយសារវាមានថាមពលថ្មគ្រប់គ្រាន់ដើម្បីទៅដល់គោលដៅ ខណៈដែលរថយន្តកូនកាត់គ្រាន់តែត្រូវការបន្ថែមហ្គាស មិនខុសពីរថយន្តចំហេះធម្មតាទេ។ 
ជាមួយគ្នានេះក្រុមហ៊ុនផលិត Hybrid ជុំវិញពិភពលោកក៏មានប្រព័ន្ធអេកូដែលគ្របដណ្តប់លើការប្រើប្រាស់រថយន្តចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងក្រោយនៃការប្រើប្រាស់ផងដែរ។ ដូច្នេះជាបញ្ហានៃសេវាកម្មបន្ទាប់ពីការលក់ ការបម្រុងទុកគ្រឿងបន្លាស់ ចំនួនមជ្ឈមណ្ឌលសេវាកម្ម ចំពោះតម្លៃលក់បន្តគឺ មិនគួរឱ្យបារម្ភដូចរថយន្ត EV សព្វថ្ងៃនោះទេ។ គួរបញ្ជាក់ដែរថា រថយន្ត EV បច្ចុប្បន្នកំពុងស្ថិតក្នុងការកាត់បន្ថយតម្លៃ ដែលវាពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើតម្លៃលក់បន្ត ដោយសារការលក់បន្តត្រូវបានកំណត់ចំពោះអ្នកទិញដែលមានចំនួនប្រាក់ច្រើន៕










