បរទេស៖ សិង្ហបុរីបានអនុញ្ញាតឱ្យលក់អាហារដែលផលិតពីសត្វល្អិតដូចជា ចង្រិត ដុកដឿ អាពីង និងកណ្តូបនៅក្នុងប្រទេសរបស់ខ្លួនជាលើកដំបូង ខណៈកាលពីមុនប្រទេសនេះហាមឃាត់មិនឱ្យលក់អាហារដែលផលិតពីសត្វល្អិតឡើយ។
ទោះជាយ៉ាងណាបើយោងតាមការចុះផ្សាយរបស់ Food-Safety អាជ្ញាធរស្បៀងអាហារសិង្ហបុរី (SFA) ថ្មីៗនេះបានប្រកាសថា ខ្លួននឹងអនុម័តសត្វល្អិតចំនួន ១៦ ប្រភេទដែលត្រូវបានអនុញ្ញាតឱ្យលក់ និងប្រើប្រាស់ក្នុងស្រុកជាផ្លូវការចាប់ពីដើមខែសីហា ឆ្នាំ២០២៤ នេះតទៅ។ ដូច្នេះភ្ញៀវទេសចរដែលទៅកាន់ប្រទេសសិង្ហបុរី គឺអាចរីករាយជាមួយមុខម្ហូបដែលផលិតពីសត្វល្អិតបានដោយសេរី។
យោងតាមប្រភពដដែល បានឱ្យដឹងទៀតថា អាជ្ញាធរស្បៀងអាហារសិង្ហបុរី បានអនុម័តឱ្យមានលក់សត្វល្អិតដូចជា អង្គ្រង ដុកដឿ អាពីង កណ្តូប ចង្រិត និងសត្វល្អិតជាច្រើនប្រភេទទៀត ដោយពួកវាត្រូវបានចិញ្ចឹមនៅក្នុងកន្លែងដែលគ្រប់គ្រងដោយអាជ្ញាធរមានសមត្ថកិច្ចឃ្លាំមើលត្រឹមត្រូវ ជាជាងចាប់នៅក្នុងព្រៃ ដើម្បីធានាសុវត្ថិភាពរបស់អ្នកទទួលទាន។ ហេតុនេះបច្ចុប្បន្នមេចុងភៅ ភោជនីយដ្ឋាន និងក្រុមហ៊ុនអាហារក្នុងស្រុកកំពុងធ្វើការពិសោធន៍ជាមួយវិធីផ្សេងៗដើម្បីរៀបចំសត្វល្អិតដោយសុវត្ថិភាព។ 
អ្នកទេសចរជាច្រើនកំពុងទន្ទឹងរង់ចាំអាហារ Nasi lemak ដែលជាប្រភេទអង្ករទឹកដោះគោដូងបម្រើជាមួយស៊ុត សណ្ដែកដី និងទឹកម្ទេស អាចត្រូវបានបម្រើជាមួយចង្រិតបំពង ឬកណ្ដូបបន្ថែមទៀតដើម្បីបង្កើនរសជាតិ។ ដូច្នេះការទទួលទានសត្វល្អិតនៅក្នុងប្រទេសសិង្ហបុរីអាចជារឿងថ្មីមួយ ដោយសារប្រទេសនេះកន្លងមកមិនមានការលក់សត្វល្អិតឡើយ។ សត្វល្អិតគឺជាប្រភេទសត្វដែលមានបរិមាណវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន ដែលផ្តល់ជាប្រភពប្រូតេអ៊ីនខ្ពស់សម្រាប់មនុស្ស។ 
យោងតាមរបាយការណ៍ឆ្នាំ ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានចង្អុលបង្ហាញថា សត្វល្អិតគឺជាប្រភពប្រូតេអ៊ីនដែលមិនគួរមើលរំលង ដោយការទទួលទានសត្វល្អិតអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ នៅអាស៊ីអាគ្នេយ៍យើងនេះ សត្វល្អិតគឺជាមុខម្ហូបដ៏ពេញនិយមបំផុត ជាពិសេសនៅប្រទេសកម្ពុជាយើងតែម្តង ដែលប្រភេទសត្វល្អិតដូចជាចង្រិត និងអាពីង គឺជាអាហារល្បីបំផុត៕










