កាលពីសម័យបុរាណ ព្រោះតែគ្មានបន្ទប់ទឹកត្រឹមត្រូវ ទើបការបន្ទោបង់នានាប្រព្រឹត្តិទៅនៅតាមព្រៃ ឬក៏ទីតាំងនានាដោយធ្វើការជីករណ្តៅកប់ជាដើម។ យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ មានបន្ទប់ទឹកសារធារណៈស្ទើរតែគ្រប់ទីកន្លែងហើយ បែរជាប្រជាជនខ្មែរមួយចំនួននូវតែបន្តអនុវត្តការបន្ទោបង់ដូចកាលពីជំនាន់មុនទៀត ជាពិសេសគឺនៅតាមដងផ្លូវសាធារណៈ រហូតដល់មានមតិជាច្រើនចោទសួរជាសំនួរថា តើការបន្ទោបង់តាមផ្លូវនេះគឺជាវប្បធម៌ខ្មែរឬក៏យ៉ាងណា?
ជាការពិតណាស់ ពាក្យថា«វប្បធម៌» គឺសំដៅអត្តសញ្ញាណសម្រាប់សម្គាល់ជាតិសាសន៍នីមួយៗ។ វប្បធម៌គឺជាការសាបព្រោះចំណេះដឹងដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ ដែលរួមបញ្ចូលទាំងទំនៀមទម្លាប់នៃការរស់នៅប្រចាំថ្ងៃ សិល្បៈ ជំនឿ សាសនា ភាសា ឧត្តមគតិជាដើម សុទ្ធតែអាចចាត់ទុកថាជាវប្បធម៌។ កាលណាដែលប្រជាពលរដ្ឋនិយមនាំគ្នាធ្វើទម្លាប់អ្វីមួយនាជំនាន់នេះ ហើយជំនាន់ក្រោយៗបន្តយកគំរូតាម នោះគឺជាវប្បធម៌ហើយ។
ដោយឡែក ការបន្ទោបង់នៅពាសវាលពាសកាល ត្រូវបានគេចាត់ទុកថាជាទង្វើអសីលធម៌មួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្លូររបស់ជាតិសាសន៍មួយ។ ការបន្ទោបង់ទឹកនោមឬលាមកនៅតាមទីសាធារណៈ ដែលនឹងបណ្តាលឲ្យបាត់បង់សោភណ្ឌភាពបរិស្ថាន គ្មានអនាម័យ គគ្រិចនិងជះក្លិនមិនល្អដល់មនុស្សជុំវិញ។
បន្ថែមពីនេះ វាផ្តល់នូវផលអវិជ្ជមានទៅលើវិស័យទេសចរណ៍ នាំនូវធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចជាតិ ព្រោះតែថមថយនូវចំនួនភ្ញៀវទេសចរមិនចង់មកកម្សាន្ត។ រីឯជាតិសាសន៍ដទៃនឹងចងចាំទុក មើលងាយបង្អាប់ចំពោះទង្វើអសីលធម៌មួយនេះជាហូរហែរផងដែរ។
យោងតាមប្រសាសន៍របស់បណ្ឌិតឈត ប៊ុនថង កាលពីពេលកន្លងទៅនេះ ដោយបានលើកជាឧទាហរណ៍និងគូសបញ្ជាក់យ៉ាងច្បាស់ៗបែបនេះថា៖ «គ្មានទេសចរឯណាម្នាក់ចង់ទស្សនាទីក្រុង ដែលមានក្លិនស្អុយឆ្អេះឆ្អាប និងពោរពេញដោយមនុស្សអសីលធម៌ឡើយ។ ដើម្បីលើកកម្ពស់សីលធម៌នៃការរស់នៅ ទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ យើងគ្រប់គ្នាត្រូវផ្លាស់ប្ដូរឥរិយាបថផ្ទាល់ខ្លួនដូចជាការបន្ទោបង់តាមទីសាធារណៈជាដើម»។
ទន្ទឹមនឹងនេះ លោកបណ្ឌិតបានផ្តល់ជាមតិសំណូមពរ ជំរុញឱ្យមានសង់បង្គន់អនាម័យសាធារណៈ ឬឯកជនឱ្យបានច្រើនថែមទៀតនៅក្នុងទីតាំងសមស្រប ដើម្បីឱ្យពលរដ្ឋងាយស្រួលចូលទៅបន្ទោបង់ព្រោះបច្ចុប្បន្នបង្គន់អនាម័យនៅមានតិចតួច ហើយកន្លែងខ្លះគគ្រិច ឬស្ទះមិនអាចប្រើបាន។
យ៉ាងណាមិញ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ខេត្តកំពង់ចាម បានទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងចំណោមប្រជាពលរដ្ឋជាស្ថាបពរផងដែរ។ ជាមួយគ្នានេះ ក៏នៅមានខេត្ត ចំនួន ៨ ទៀត ក៏បានសម្រេចបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដែរ រួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ និងខេត្តកំពង់ចាម៕










