«មណ្ឌលគិរី» គឺជាខេត្តភាគឦសាននៃប្រទេសកម្ពុជា ដែលអំណោយផលយ៉ាងខ្លាំងទៅលើវិស័យកសិកម្ម ខណៈដំណាំសំខាន់ៗជាច្រើនប្រភេទកំពុងដាំដុះនៅលើផ្ទៃដីរាប់ម៉ឺនហិចតានៅទីនោះ។ វាក៏ជាខេត្តដែលមានសក្តានុពលមួយទៅលើវិស័យទេសចរផងដែរ ព្រោះសម្បូរដោយរមណីយដ្ឋានវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រជាង ១០០កន្លែង ព្រមជាមួយនឹងដែនជម្រកសត្វព្រៃធំៗចំនួន ៥ កន្លែង។
ខេត្តមណ្ឌលគិរីគឺជាខេត្តធំជាងគេបំផុតក្នុងចំណោមខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា ដែលមានផ្ទៃដីសរុប ១៤.២៨៨ គីឡូម៉ែត្រការ៉េ ប៉ុន្តែខេត្តនេះបែរជាមានប្រជាជនតិចជាងគេ ត្រឹមតែ ៩៣.៤៤១នាក់ (ជំរឿនឆ្នាំ២០១៩)។ ប្រជាជនសរុប ៥៧ ភាគរយទូទាំងខេត្តគឺជាជនជាតិដើមភាគតិចក្នុងចំណោម៨អម្បូរ ដូចជាជនជាតិព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ ថ្មួន និងកួយ។ ក្រៅពីនេះក៏នៅមានជនជាតិចម្រុះផេ្សងៗទៀត ដូចជា ខែ្មរ ចិន វៀតណាម ថៃ ខែ្មរឥស្លាមជាដើម។
គេអាចចាត់ទុកថា មណ្ឌលគិរី គែជាខេត្តដែលមានសក្ដានុពលលើវិស័យកសិកម្ម ដោយសារតែសម្បូរដីមានជីវជាតិ និងមានអាកាសធាតុសមស្រប។ ដំណាំជាច្រើនប្រភេទបាននឹងកំពុងលេចវត្តមាននៅក្នុងខេត្តមួយនេះ នៅលើផ្ទៃដីដាំដុះរាប់ម៉ឺនហិចតា ក្នុងនោះគឺរួមមាន ដំណាំកាហ្វេ (៣៥១ ហិកតា), ស្វាយចន្ទី(១.១១១៥ ហិកតា) ,ដំឡូងមី (១៦.៨៧៣ ហិកតា), ដំណាំកកាវ (ប្រមាណ ៣ ពាន់ហិកតា), ដំណាំប៊ឺមាន (៣០០ ហិកតា), ក្រូចវល្លិ៍ (៤២ ហិកតា) ,និងដំណាំកៅស៊ូ(ជាង ៤ ម៉ឺន ហិកតា)។
នៅក្នុងខេត្តមណ្ឌលគិរី មានដែនជម្រកសត្វព្រៃធំៗចំនួន៥កន្លែង ដូចជា ដែនជម្រកសត្វព្រៃកែវសីមា (ទំហំផ្ទៃដី ២៩២.៦៩០ហិតា), ដែនជម្រកសត្វព្រៃភ្នំព្រេច (ទំហំ ២២២.៥០០ហិតា), ដែនជម្រកសត្វព្រៃលំផាត់ (ផ្ទៃដី ៤៨.៣៧៤ហិតា), ដែនជម្រកសត្វព្រៃស្រែពក (ផ្ទៃដី ៤២៩.៤៣៨ហិតា), ដែនជម្រកសត្វព្រៃភ្នំណាមលៀរ (ផ្ទៃដីទំហំ ២១.៩៣៣ហិតា)។
ចំពោះតំបន់សក្ដានុពល រមណីយដ្ឋានទេសចរណ៍ធម្មជាតិមានចំនួនជាង ១០០ កន្លែង បើរៀបត្រួសៗមានដូចជា ទឹកជ្រោះប៊ូស្រា អូរផ្លាយ ទឹកជ្រោះមនោរម្យ ទឹកជ្រោះជ្រៃធំ ជ្រៃយស ទឹកជ្រោះរមនា១ ទឹកជ្រោះរមនា២ ទឹកជ្រោះលែងប៊ូកប្រះ ទឹកជ្រោះលែងអង់-លែងឃិន ទឹកជ្រោះលែងទូវ ទឹកជ្រោះអូរឆ្វេង ភ្នំបាយឆា ទឹកជ្រោះអូរតាំកន ទឹកជ្រោះអូរតឹងលឹង ទឹកជ្រោះ ៧ជាន់ សមុទ្រឈើ និងអូរមីស ជាដើម។
គួរបញ្ជាក់ផងដែរថា ខេត្តមណ្ឌលគិរី មានអាកាសធាតុខុសពីខេត្តផេ្សងៗទៀតនៅកម្ពុជា ដោយនៅក្នុងរដូវក្តៅ សីតុណ្ហភាពចាប់ពី ២៧°C ទៅ ៣១°C ដែលអាចចុះត្រជាក់នៅពេលយប់ផងដែរ៕










