ថ្មីនេះ វីដេអូចែកចាយពីបណ្តាញសង្គម បង្ហាញពីទិដ្ឋភាពនៅទីតាំងមួយកន្លែងស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ស្របពេលដែលរដូវទឹកឡើងកំពុងតែបង្កនូវផលលំបាកដល់ប្រជាពលរដ្ឋ ជាពិសេសគឺសិស្សានុសិស្សជាកុមារតូចៗ ដែលត្រូវធ្វើដំណើរឆ្លងកាត់ទីនោះជាប្រចាំ ដើម្បីឆ្ពោះទៅកាន់សាលារៀន។
កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគណនីមួយ ដែលមានឈ្មោះថា Chhoeun Chheak បានចែករំលែកវីដេអូខ្លីមួយ ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«ដល់រដូវទឹកឡើងទៀតហើយ សិស្សមានភាពពិបាកក្នុងការមកសាលារៀន ដូច្នេះហើយខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំឬសប្បុរសជននានា មេត្ដាជួយធ្វើស្ពានឲ្យផង ដែលស្ថិតនៅ ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម»។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់សិស្សានុសិស្សដែលជាកុមារភាគច្រើន ត្រូវបង្ខំចិត្តដើរឆ្លងកាត់ទីតាំងដែលលេចទឹកនោះ ដើម្បីឆ្ពោះទៅកាន់សាលារៀនរបស់ខ្លួនយ៉ាងលំបាកលំបិន។ ដោយហេតុថា ផ្លូវធ្វើដំណើរគឺបានលិចទឹកខ្លាំង ស្ទើរតែត្រឹមចង្កេះរបស់កុមារតូចៗទៅហើយ។ ខណៈនៅរាល់ពេលធ្វើដំណើរ លោកគ្រូអ្នកគ្រូនៅទីនោះតែងចេញមកចាំឃ្លាំមើល និងជួយសម្រួលខ្លះៗដល់សិស្សានុសិស្សខ្លួន ដើម្បីជៀសវាងនូវឧបទ្ទវហេតុកើតឡើងដោយប្រការណាមួយ។
តាមរយៈវីដេអូដែលបានដាក់បង្ហោះ ដោយបុរសម្នាក់ទំនងជាលោកគ្រូនៅទីនោះ បានធ្វើការសំណូមពរនិងស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ អាចផ្តល់ជាជំនួយជួយចម្លងទូកដល់ក្មេងៗដើម្បីជៀសវាងនូវហានិភ័យ ឬបើអាចសាងសង់ជាស្ពានមួយ ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ដែលពិតជាការគាប់ប្រសើរខ្លាំងណាស់ផងដែរ៕










