ជួរភ្នំក្រវ៉ាញ គឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ១.៥ លានហិកតា ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ការទៅសម្រាកលំហែកាយ តាមតំបន់ព្រៃភ្នំគឺជាជម្រើសដ៏ល្អមួយ ព្រោះថានៅតំបន់ភ្នំមានខ្យល់អាកាសត្រជាក់ បរិសុទ្ធ នៅពេលដែលទេសចរណ៍ជាតិ និងអន្ដរជាតិ បានទៅដល់ហើយដឹងតែងបាត់អស់នៅទុក្ខកង្វល់ផ្សេងៗ។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់គោលដៅទេសចរណ៍ល្បីៗជាច្រើននៅតំបន់ជួរភ្នំក្រវ៉ាញ៖
១.បុប្ផាលាក់ខ្លួនតំបន់ផ្លូវអន្ទង់អាំង៖ «ផ្លូវបុប្ផាលាក់ខ្លួន» មានទីតាំងស្ថិតនៅកណ្ដាលជ្រលងភ្នំធម្មជាតិ ១៥០០ ក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់។ ដោយភ្ញៀវអាចចេញពីរង្វង់មូលប្រមោយប្រមាណ ៣០ គីឡូម៉ែត្ររួចមក ភ្ញៀវទេសចរនឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំងដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ កំពុងលាក់ខ្លួនបញ្ចេញសម្រស់ខៀវខ្ចីនៃរដូវវស្សា ហាក់អង្រួនចិត្តភ្ញៀវទេសចរគួរទៅស្គាល់ម្ដងក្នុងមួយជីវិត។
២.ទឹកធ្លាក់ឆាយយោង៖ ទឹកធ្លាក់ឆាយយោង មានទីតាំងស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយផ្លូវពីសហគមន៍អារ៉ែងជាង ២០គីឡូម៉ែត្រ។ នៅទីនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ពិសេសអ្នកដែលចូលចិត្តដើរកម្សាន្តបែបផ្សងព្រេង គឺអាចទៅបោះតង់សម្រាកលំហែកាយនៅទីនោះបានផងដែរ។ ក្នុងនោះទៀតសោត អ្វីដែលទាក់ទាញបំផុតសម្រាប់តំបន់ទេសចរណ៍មួយនេះ គឺទឹកធ្លាក់មានសភាពស្អាតខ្លាំងមែនទែន ពិសេសមានជួរភ្នំវែងអន្លាយនៅព័ទ្ធជុំវិញ មានធម្មជាតិបៃតងពណ៌ជាច្រើន លាយឡំនឹងសត្វព្រៃ ព្រមទាំងមានជីវចម្រុះគ្រប់ប្រភេទថែមទៀតផង។
៣.ទឹកធ្លាក់ស្ទឹងពង្រូល៖ ទឹកធ្លាក់ស្ទឹងពង្រូល មានទីតាំងស្ថិតនៅឃុំដងពែក ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានចម្ងាយប្រហែល ១៥៤ គីឡូម៉ែត្រពីរង្វង់មូលខេត្តកោះកុង។ ទឹកធ្លាក់ស្ទឹងពង្រូលគឺស្ថិតនៅក្នុងប្រភេទទឹកជ្រោះ ឬទឹកធ្លាក់ព្រៃភ្នំ រីឯចំណុចសំខាន់ៗផ្សេងទៀតមានដូចជា៖ ភ្ញៀវអាចហែលទឹក ឬលេងទឹកក៏បាន, ស្រូបយកខ្យល់អាកាសធម្មជាតិ មានទឹកត្រជាក់ថ្លាឈ្វង់ ចង់ឡើងភ្នំក៏បាន, ដើរលេងថ្មើរជើង ព្រមទាំងមានកន្លែងពិកនិចជាច្រើនទៀត។
៤.ស្ទឹងពពក៖ «ស្ទឹងពពក» គឺតំបន់ទេសចរណ៍ និងស្អាតអស្ចារ្យបំផុតមួយរបស់កម្ពុជា ដែលមានទីតាំងនៅភូមិក្រាំងចេក ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ នៅទីនេះភ្ញៀវនឹងអាចឃើញពពករសាត់ដេដាស ជាផ្ទាំងទស្សនីយភាពថ្មីមួយសម្រាប់អ្នកទេសចរដែលបានទៅដល់តំបន់ «ស្ទឹងពពក»។ ក្រៅពីនេះ គេក៏អាចគយគន់ទេសភាពទឹកធ្លាក់ និងដងព្រែក អមដោយព្រៃព្រឹក្សាដ៏ត្រឈឹងត្រឈៃត្រជាក់ល្អឹមទៀតផង។
៥.ភ្នំម្រេចកង្កែប៖ ភ្នំម្រេចកង្កែបគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមប្រចាំនៅតំបន់អារ៉ែង ដែលមានទីតាំងស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយជាង ៤ គីឡូម៉ែត្រពីសាលាបឋមសិក្សាជំនាប់ ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរថ្មើរជើងកាត់ព្រៃដែលសម្បូរទៅដោយដើមឈើធំៗ និងជម្រាលភ្នំ ដែលត្រូវចំណាយពេលប្រមាណជិត ២ ម៉ោងទៀតទើបទៅដល់ទីនោះ។ នៅពេលទៅដល់ទីនោះ ភ្ញៀវទេសចរនឹងបានឃើញជម្រកនៃពពួកសត្វព្រៃ និងជីវៈចម្រុះកម្រៗជាច្រើនប្រភេទ ហើយភ្ញៀវក៏អាចបោះតង់ ឬគេងអង្រឹងក្រោមដើមឈើ ដើម្បីទទួលយកបទពិសោធន៍ និងបរិយាកាសបែបថ្មី រីឯនៅរដូវវស្សាវិញ ភ្ញៀវក៏អាចទៅទស្សនាទឹកថ្លាមួយកន្លែងដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មាននោះទេ។ ភ្នំម្រេចកង្កែប ប្រៀបបានដូចជាឋានសួគ៌នៅតំបន់អារ៉ែង៕










