ប្រទេសជប៉ុន ៖ នៅខែកក្កដា ឆ្នាំ២០២៤ អ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសជប៉ុនបានចែកចាយរូបភាពរបស់បុរសជប៉ុនម្នាក់ អាយុ៤៥ឆ្នាំ ដែលបរិភោគចំណីអាហារយ៉ាងសន្សំសំចៃបំផុត អស់រយៈពេល២១ឆ្នាំ ។ រូបភាពទាំងនេះ គឺបុរសជប៉ុនធ្លាប់បានបង្ហោះក្នុងបណ្តាញសង្គមកាលពីឆ្នាំ២០២៣ និងសរសេរថា លោកបរិភោគបែបនេះ ដោយសារបន្លែបង្ការ និងសាច់សត្វមានតម្លៃថ្លៃ ហើយលោកចង់ចូលនិវត្តន៍មុនពេលកំណត់ ។.jpg)
បុរសរូបនេះបានចែកចាយរូបភាពអាហារពេលល្ងាចរបស់ខ្លួនក្នុងបណ្តាញសង្គមរហូតដល់ល្បីល្បាញ និងធ្វើឱ្យមហាជនលើកយកមកជជែកគ្នាយ៉ាងច្រើន ដោយសារអាហារល្ងាចរបស់លោក គ្មានសាច់សត្វ ឬត្រីទេ គឺមានត្រឹមតែបាយស, ស៊ុតចៀន១ដុំ និងតៅហ៊ូ១ដុំ ប៉ុណ្ណោះ ។ លើសពីនេះ អាហារដែលលោកបរិភោគរាល់ថ្ងៃ គឺមិនខុសគ្នាពីនេះទេ ហើយលោកពុំបរិភោគបន្លែញឹកញាប់ឡើយ ពីព្រោះវាមានតម្លៃថ្លៃ ។ ពេលខ្លះ លោកបរិភោគតៅហ៊ូជំនួសស៊ុតចៀន ព្រោះស៊ុតមានតម្លៃថ្លៃជាងតៅហ៊ូ ។

ចំណែកមូលហេតុធ្វើឱ្យលោកសន្សំសំចៃប្រាក់លើថ្លៃអាហារបែបនេះ ដោយសារលោកគិតថា ការបរិភោគអាហារឆ្ងាញ់ៗធ្វើឱ្យខ្ជះខ្ជាយថវិកាឥតប្រយោជន៍ ដែលលោកព្យាយាមស្វែងរកវាយ៉ាងលំបាក ។ ម្យ៉ាងទៀត ក្រុមហ៊ុនដែលលោកធ្វើការនោះមានគំនិតចង្អៀតចង្អល់ និងទទួលផលប្រយោជន៍ពីបុគ្គលិក ទើបលោកត្រូវភ្ញាក់ពីសម្រាកនៅវេលាម៉ោង៦ព្រឹក ជារៀងរាល់ថ្ងៃ ។
លោកបានធ្វើដំណើរមកដល់ក្រុមហ៊ុន នៅវេលាម៉ោង៧និង៣០នាទីព្រឹក ហើយលោកក៏ចាប់ផ្តើមធ្វើការ រីឯពេលវេលាសម្រាករបស់ក្រុមហ៊ុន គឺនៅម៉ោង៥ល្ងាច ។ ប៉ុន្តែក្រុមហ៊ុនបានបង្ខំឱ្យបុគ្គលិកគ្រប់រូបត្រូវតែធ្វើការឱ្យលើសម៉ោង (OT) និងហាមមិនឱ្យបុគ្គលិកណាម្នាក់ចេញទៅផ្ទះលឿនពេកទេ ។.jpg)
ហេតុនេះ លោកត្រូវធ្វើការងាររហូតដល់លើសម៉ោងជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យលោកមានអារម្មណ៍ឈឺចាប់ និងតានតឹងផ្លូវចិត្តយ៉ាងខ្លាំង ។ ប៉ុន្តែលោកពុំអាចដាក់ពាក្យលាឈប់ពីការងារបានទេ ដោយសារពិបាកស្វែងរកការងារថ្មីធ្វើ ។ ម្យ៉ាងទៀត លោកត្រូវធ្វើការងាររហូតដល់១៥ម៉ោងក្នុង១ថ្ងៃ ទើបគ្មានពេលវេលាស្វែងរកការងារថ្មី ។
វិធីមួយដែលអាចជួយលោកបាន គឺការសន្សំសំចៃប្រាក់ទាំងអស់ និងកាត់បន្ថយការចំណាយឱ្យបានច្រើនបំផុត ដើម្បីឱ្យលោកអាចចូលនិវត្តន៍មុនអាយុ៥០ឆ្នាំ ព្រមទាំងមានប្រាក់សន្សំចំនួន១០០លានយ៉េន (ឬស្មើជាង៦៣ម៉ឺនដុល្លារអាមេរិក)។ លោកប្រាប់ថា ៖ «ខ្ញុំបានសន្សំសំចៃថវិកាបែបនេះអស់រយៈពេលជាង២១ឆ្នាំហើយ ហើយខ្ញុំបរិភោគអាហារទាំងនេះ ប៉ុន្តែរាងកាយរបស់ខ្ញុំនៅតែមានសុខភាពល្អ» ។

លោកបានហៅខ្លួនឯងថា គឺជាសមាជិកម្នាក់របស់គ្រួសារ «FIRE» ដែលមកពីពាក្យពេញ «Financial Independence Retire Early» មានន័យថា «សេរីភាពផ្នែកហិរញ្ញវត្ថុ ពេលចូលនិវត្តន៍មុនកំណត់» ដែលពាក្យនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីយុវជនជប៉ុន ក្រោយឆ្នាំ២០១០ ។ បច្ចុប្បន្ន លោកមានប្រាក់សន្សំច្រើនគួរសមហើយ ប៉ុន្តែដោយសារប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃ ទើបលោកត្រូវព្យាយាមសន្សំប្រាក់បន្តមួយរយៈទៀត ។
ប៉ុន្តែការសន្សំសំចៃប្រាក់លើថ្លៃអាហាររបស់បុរសជប៉ុន បានធ្វើឱ្យមហាជនលើកឡើងថា ការសន្សំសំចៃថវិកាជារឿងល្អប្រសើរមួយ ប៉ុន្តែគួរតែបារម្ភពីសុខភាពរាងកាយផងដែរ ពីព្រោះបើកើតជំងឺធ្ងន់ធ្ងរឡើងមក ប្រាក់ទាំងនេះពុំអាចរួចថ្លៃព្យាបាលនៅមន្ទីរពេទ្យឡើយ ៕










