កាបូបកំប្លោករបស់កូនខ្មែរ ក្រោមស្លាកយីហោ «បាលិលេយ្យ» ជាសមិទ្ធផលក្នុងខេត្តសៀមរាប កំពុងទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមកូនខ្មែរគ្រប់ៗរូប ខណៈក៏ល្បីខ្ទរខ្ទារដល់ក្រៅប្រទេស។
ដូចដែលយើងគ្រប់គ្នាបានដឹងមកហើយថា កំប្លោក គឺជារុក្ខជាតិម្យ៉ាង ដែលតែងតែដុះពាសពេញផ្ទៃបឹងបួរឬទន្លេ ហើយកំប្លោកនេះ ពិតជាផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដែលអាចធ្វើជាម្ហូបអាហារ ឬ កែច្នៃធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗដូចជា កាបូប អង្រឹង ស្បែកជើង ទ្រនាប់ចាន ទ្រនាប់កែវជាដើម ។
ដោយឡែកនៅឯខេត្តសៀមរាបឯណ្ណេះវិញ ប្រជាពលរដ្ឋបាននាំគ្នាកែច្នៃកំប្លោកធ្វើជាកាបូបយ៉ាងស្រស់ស្អាត មានភាពទាក់ទាញដើម្បីលក់ជូនភ្ញៀវទេសចរអន្តរជាតិ និងប្រជាពលរដ្ឋក្នុងស្រុក។ ខណៈដែលសិប្បកម្មផលិតកាបូបកំប្លោកមួយ ក្រោមយីហោ«បាលិលេយ្យ» ក៏បានលេចឡើង និងបានកែច្នៃម៉ូតកាបូបកំប្លោក បានយ៉ាងច្រើនម៉ូត ច្រើនសណ្ឋាន ដែលធ្វើពីដៃរបស់សិប្បករខ្មែរសុទ្ធសាធ។
កាបូបនីមួយៗដែលបានផុសចេញមកពីហាង«បាលិលេយ្យ» ប្រកបដោយភាពប្រណិត មានគុណភាពល្អ ជាប់ធន់ ស្រស់ស្អាត និងតម្លៃសមរម្យ ក៏ទទួលបាននូវចំណាប់អារម្មណ៍ពីភ្ញៀវទេសចរគ្រប់ៗរូប និងសូម្បីតែតារាល្បីៗ ក៏បានចូលរួមគាំទ្រផលិតផលខ្មែរមួយនេះដែរ។ កាបូបកំប្លោក ដែលមិនត្រឹមតែបង្ហាញពីភាពប៉ិនប្រសប់ខ្ពស់របស់កូនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាប្រភពចំណូលរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាបផងដែរ។
បើយោងតាមការបញ្ជាក់កាលពីពេលកន្លងទៅនេះបានឲ្យដឹងថា បាលិលេយ្យ គឺជាឈ្មោះរបស់ប្រាសាទខ្មែរមួយកន្លែង កសាងឡើងនៅក្នុងសតវត្សទី ១២ ដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាបនេះផ្ទាល់តែម្តង ពោលប្រាសាទនេះគឺមានចម្ងាយប្រមាណ ១១ គីឡូម៉ែត្រពីក្រុងសៀមរាប រឺចម្ងាយពីប្រាសាទបាយ័នត្រឹមតែ ១.៥ គីឡូម៉ែត្រប៉ុណ្ណោះ៕










