ប្រទេសជប៉ុន ៖ សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកនូវរូបភាពដ៏អស្ចារ្យមួយចំនួន ប៉ុន្តែរូបទាំងនេះពុំមែនជារូបថតនោះទេ គឺវាជាស្នាដៃរបស់វិចិត្រករជនជាតិជប៉ុនម្នាក់ ដែលពោរពេញទៅដោយបទពិសោធន៍ ។ បើទោះជាលោកអ្នកពិបាកជឿថា វាជារូបគំនូរគូរដោយមនុស្សក្តី ប៉ុន្តែនេះជាការបង្ហាញឱ្យឃើញពីភាពស្រស់ស្អាត, ស្នាដៃប្រកបដោយទេពកោសល្យ និងការហ្វឹកហាត់ជំនាញយ៉ាងពិតប្រាកដ ។.jpg)
វិចិត្រករជនជាតិជប៉ុនដែលបានគូររូបគំនូរដ៏ល្អឥតខ្ចោះទាំងនេះ គឺលោក ខេ មីអេណុ (K Mieno) ហើយរូបគំនូររបស់លោកភាគច្រើន គឺលោកបានប្រើប្រាស់ថ្នាំពណ៌ទឹក និងពណ៌ប្រេង ។ ស្នាដៃសិល្បៈរបស់លោកត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងប្រភេទ Hyperrealistic ។.jpg)
លោក ខេ មីអេណុ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Hiroshima City University College of Art កាលពីឆ្នាំ២០០៧ ។ លោកស្រឡាញ់ការគូរគំនូរយ៉ាងខ្លាំង ហើយផ្ទាំងគំនូរជាច្រើនរបស់លោក ត្រូវបានដាក់តាំងបង្ហាញពាសពេញប្រទេសជប៉ុន រួមទាំងដាក់តាំងនៅសារមន្ទីររបស់ជប៉ុនផងដែរ ។ ក្រោយមក នៅឆ្នាំ២០១៧ លោកទទួលបានពានរង្វាន់ «Hoki Museum Grand Prize Award» ហើយឈ្មោះរបស់លោក ក៏ត្រូវបានបោះពុម្ពក្នុងស្នាដៃសិល្បៈជាច្រើននារយៈពេលប៉ុន្មានឆ្នាំមកនេះ ។.jpg)
បើទោះជារូបគំនូរគូរឡើងដោយប្រើប្រាស់ថ្នាំពណ៌ប្រេងមានលក្ខណៈស្រដៀងនឹងរូបភាពពិតប្រាកដបានទាក់ទាញចំណាប់អារម្មណ៍ និងបង្កើតកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងដល់លោក ខេ មីអេណុ ក៏ដោយ ក៏លោកជាវិចិត្រករម្នាក់ដែលចូលចិត្តថតរូបផងដែរ ។ ពេលទំនេរ លោកចាប់ផ្តើមគូរគំនូរផ្សេងៗដោយការប្រើប្រាស់ថ្នាំពណ៌ទឹក និងពណ៌ប្រេង ដើម្បីចែករំលែកសេចក្តីសុខដល់មនុស្សផ្សេងទៀតជាញឹកញាប់ ។.jpg)
លោកនិយាយថា ក្រៅពីការគូរគំនូរឱ្យមានលក្ខណៈល្អិតល្អន់ហើយ ការគូរស្រមោលរបស់រូបភាពក៏ចាត់ទុកថា ជារឿងសំខាន់ផងដែរ ពីព្រោះវានឹងធ្វើឱ្យរូបគំនូរទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ។ លើសពីនេះ អ្វីដែលពុំអាចខ្វះខាត គឺការវិភាគពីអារម្មណ៍ពិតរបស់មនុស្ស ព្រមទាំងវិភាគពីបញ្ហាពូជសាសន៍ផងដែរ ពីព្រោះវាពាក់ព័ន្ធនឹងពណ៌សម្បុរស្បែក ។
ស្នាដៃសិល្បៈប្រភេទ Hyperrealistic របស់លោក តែងតែជំរុញឱ្យមានការជជែកគ្នារវាងមនុស្សពីរក្រុមនៅប្រទេសជប៉ុន គឺក្រុមមួយចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្នាដៃសិល្បៈ ខណៈក្រុមមួយទៀតស្ទាក់ស្ទើរចិត្ត និងសួរថា តើវាពិតជារូបគំនូរឬក៏អត់?

នៅលើពិភពលោកនេះ មានវិចិត្រករជាច្រើនរូបដែលអាចគូរគំនូរដូចគ្នានឹងរូបភាពពិតប្រាកដ ហើយលោក ខេ មីអេណុ គឺស្ថិតក្នុងចំណោមវិចិត្រករដែលមានទេពកោសល្យទាំងនេះ ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ? តើរូបគំនូររបស់លោក ខេ មីអេណុ ដូចរូបភាពពិតប្រាកដដែរឬទេ?










