ប្រទេសបេនីន ៖ Ganvie គឺជាភូមិមួយស្ថិតនៅកណ្តាលបឹងក្នុងប្រទេសបេនីន (Benin គឺជាប្រទេសស្ថិតនៅទ្វីបអាហ្វ្រិកខាងលិច) ដែលលាតសន្ធឹងលើផ្ទៃបឹងប្រវែង១២៥គីឡូម៉ែត្រ ។ បើក្រឡេកមើលពីលើអាកាសឃើញថា ទិដ្ឋភាពភូមិទាំងមូលមានលក្ខណៈប្លែកភ្នែកខ្លាំង និងគួរឱ្យចាប់អារម្មណ៍ជាពិសេសសម្រាប់ភ្ញៀវទេសចរ ដោយសារមានការសាងសង់ផ្ទះនៅលើផ្ទៃបឹងដាច់ៗពីគ្នា ។
នៅភាគខាងជើងភូមិ Ganvie គឺជាប់ជាមួយប្រទេស Niger និងប្រទេស Burkina Faso ខណៈភាគខាងត្បូងវិញជាប់នឹងមហាសមុទ្រអាត្លង់ទិក ស្ថិតនៅត្រង់បរិវេណឈូងសមុទ្រហ្គីណេ ។ រីឯភាគខាងកើត គឺជាប់តំបន់ Geria របស់ប្រទេសអេស្ប៉ាញ និងភាគខាងលិចជាប់ជាមួយប្រទេស Togo ។ ចំណុចមួយ ដែលសារព័ត៌មាន KBN ចង់ណែនាំឱ្យលោកអ្នកបានឱ្យស្គាល់នោះ គឺ Ganvie គឺជាភូមិស្ថិតនៅកណ្តាលបឹង ដែលមានប្រវត្តិជូរចត់មួយរបស់ប្រទេសបេនីន ។
ភូមិនៅកណ្តាលបឹងនេះ គឺជាទីកន្លែងមួយដែលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ តាំងពីសតវត្សរ៍ទី១៦ ឬទី១៧ ។ អ្នកបង្កើតភូមិនេះឈ្មោះ Tofinu ក្នុងគោលបំណងដើម្បីជួយជម្លៀសពលរដ្ឋឱ្យរួចផុតពីការចាប់ធ្វើទាសករ រីឯពាក្យថា «Ganvie» មានន័យថា «ការប្រមូលផ្តុំគ្នារបស់អ្នកមានសេរីភាព» ។ ក្រោយមក ភូមិនេះត្រូវបានអង្គការយូណេស្កូប្រកាសឱ្យក្លាយជាបេតិកភណ្ឌវប្បធម៌របស់ពិភពលោក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៩៦ ។
ភូមិ Ganvie ស្ថិតនៅលើផ្ទៃបឹងឈ្មោះ Nokoué និងជាប់ទីក្រុង Cotonou របស់ប្រទេសបេនីន ។ នៅទីនេះ មានពលរដ្ឋរស់នៅប្រមាណជា២ម៉ឺននាក់ និងមានផ្ទះប្រមាណ៣.០០០ខ្នង ហើយគេចាត់ទុកថា វាជាភូមិនៅកណ្តាលបឹងដ៏ធំបំផុតក្នុងទ្វីបអាហ្វ្រិក ។

ចំណែកការរស់នៅក្នុងភូមិនេះ ពលរដ្ឋភាគច្រើនបានប្រកបមុខរបរនេសាទត្រី រួមផ្សំជាមួយការទទួលប្រាក់ចំណូលពីភ្ញៀវទេសចរម្តងម្កាលផងដែរ ។ ភូមិនេះមានភាពស្រស់ស្អាតតាមបែបធម្មជាតិ និងជាតំបន់ទេសចរណ៍មានមន្តស្នេហ៍របស់ប្រទេសបេនីន ៕










