សារព័ត៌មាន BBC បានរាយការណ៍កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ថា យោងតាមលទ្ធផលការស្រាវជ្រាវថ្មីរបស់អ្នកវិទ្យាសាស្ត្របង្ហាញថា ផ្កាយព្រះគ្រោះមួយស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ ដែលមានទំហំស្មើនឹងភពព្រហស្បតិ៍ និងមានចម្ងាយ៦៤ឆ្នាំពន្លឺពីផែនដី គឺមានក្លិនស្អុយស្រដៀងគ្នានឹងស៊ុតស្អុយ ។ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាអាចពាក់ព័ន្ធនឹងអាកាសធាតុដ៏អាក្រក់ ទើបបណ្តាលឱ្យមានក្លិនស្អុយបែបនេះ ។
ការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Nature បញ្ជាក់ថា ផ្កាយព្រះគ្រោះ HD 189733 b ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ គឺមានសីតុណ្ហភាពក្តៅយ៉ាងខ្លាំង និងមានភ្លៀងធ្លាក់ស្រដៀងនឹងកំទេចកញ្ចក់ ។ នៅពេលអ្នកវិទ្យាសាស្ត្រស្រាវជ្រាវពីបរិយាកាសនៅលើផ្កាយព្រះគ្រោះមួយនេះឃើញថា វាមានឧស្ម័នអ៊ីដ្រូសែនស៊ុលហ្វីតផងដែរ ទើបអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាអាចជាមូលហេតុធ្វើឱ្យផ្កាយព្រះគ្រោះមានក្លិនស្អុយ ។
វាជាផ្កាយព្រះគ្រោះទី១ ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យ គឺមានចម្ងាយ៦៤ឆ្នាំពន្លឺពីផែនដី និងស្ថិតក្នុងក្រុមតារានិករ Vulpecula ។ វាមានពណ៌ខៀវ ហើយវាចំណយពេលជាង២ថ្ងៃ ដើម្បីធ្វើគោចរជុំវិញផ្កាយផ្សេងទៀត ហើយដោយសារគន្លងគោចររបស់ស្ថិតនៅកៀកនឹងផ្កាយខ្លាំងពេក ទើបធ្វើឱ្យវាមានសីតុណ្ហភាពខ្ពស់រហូតដល់ជាង៩២៦អង្សារសេ ។
អ្នកស្រាវជ្រាវផ្នែករូបវិទ្យាម្នាក់ឈ្មោះ Guangwei Fu មកពីសាកលវិទ្យាល័យ Johns Hopkins University និងជានាយកដឹកនាំការស្រាវជ្រាវពីផ្កាយព្រះគ្រោះនេះ និយាយថា ៖ «យើងពុំបានស្វែងរកអ្វីៗដែលមានជីវិតនៅលើផ្កាយព្រះគ្រោះនេះទេ ពីព្រោះវាក្តៅខ្លាំងពេក ។ ប៉ុន្តែការរកឃើញអ៊ីដ្រូសែនស៊ុលហ្វីត ក៏ជាជំហានសំខាន់ក្នុងការស្វែងរកម៉ូលេគុលនេះនៅភពផ្សេងទៀត និងធ្វើឱ្យយើងកាន់តែយល់ច្បាស់ថា តើផ្កាយព្រះគ្រោះផ្សេងៗកើតឡើងយ៉ាងដូចម្តេច» ។
ក្រៅពីនេះ ការរកឃើញថា បរិយាកាសនៅលើផ្កាយព្រះគ្រោះខាងលើមានក្លិនស្អុយនេះ វានឹងផ្តល់តម្រុយថ្មីដល់បណ្តាអ្នកវិទ្យាសាស្ត្រថា សារធាតុបណ្តាលឱ្យមានក្លិននឹងប៉ះពាល់ដល់ផ្នែកខាងក្នុង និងស្រទាប់បរិយាកាសរបស់ផ្កាយព្រះគ្រោះនេះ ដែលស្ថិតនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់ផែនដីដូចម្តេច?










