ថ្មីនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសាលារៀនមួយកន្លែងនៅក្នុងខេត្តសៀមរាប ដែលមានការយកចិត្តទុកដាក់ខ្ពស់ ក្រោមជំនួយឧបត្ថម្ភនានា បានរៀបចំអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ចែកជូនដល់សិស្សានុសិស្ស ដែលជាកុមារតូចរបស់ខ្លួន។ 
សាលារៀនមួយកន្លែងនេះត្រូវបានគេស្គាល់ថាជា សាលាបឋមសិក្សាប្រាសាទគោល ដែលមានទីតាំងស្ថិតនៅភូមិខ្វាវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប។
យោងតាមការបង្ហោះដោយគេហទំព័រសាលាបឋមសិក្សាប្រាសាទគោល បានបង្ហាញរូបភាពជាច្រើនសន្លឹក អមជាមួយនឹងខ្លឹមសារថា«កូនៗបានញ៉ាំអាហារពេលព្រឹកជាប្រចាំ(មានរបបអាហារបីក្រុម) ជារៀងរាល់ថ្ងៃ ពិតជាមានសារ:ប្រយោជន៍សម្រាប់ការលូតលាស់ផែ្នករាងកាយនិងបញ្ញាស្មារតីបានល្អ។ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សកម្មភាពលោកគ្រូអ្នកគ្រូ បានរៀបចំ អាហារពេលព្រឹកនិងអាហារបន្ថែមសម្រាប់កូនៗមករៀនវេនព្រឹក។ មករៀនបានញ៉ាំឆែ្អត និងរៀនបានចេះចាំ។ អរគុណគ្រប់អ្នកពាក់ព័ន្ធសម្រាប់ការចូលរួមជួយគាំទ្រនិងសហការ ដើម្បីកុមារនៅក្នុងសហគមន៍របស់យើង»។
បើយោងតាមការបញ្ជាក់ពីសាលាបានឲ្យដឹងថា អាហារពេលព្រឹករបស់ខាងសាលារៀន ដែលមានការគាំទ្រពីអង្គការ Plan International CambodiaនិងWFP…បានរៀបចំឲ្យសិស្សបានហូបជាប្រចាំរៀងរាល់ព្រឹកថ្ងៃសិក្សា តែអាហារបន្ថែមអាណាព្យាបាលសិស្សបានចូលរួមជួយគាំទ្ររៀបចំឲ្យកូនៗរបស់ពួកគាត់បានហូបក្នុងមួយសប្តាហ៍ម្តង។
ចំពោះអាហារពេលព្រឹកនេះ ខាងក្រុមប្រឹក្សាឃុំជាអ្នកជ្រើសរើសជួលចុងភៅសម្រាប់ចម្អិនឲ្យសិស្សានុសិស្សហូបពេញមួយឆ្នាំសិក្សា។ សម្រាប់អាហារបន្ថែម រួមមានបង្អែម ផ្លែឈើ ចេកដំឡូង ត្រាវ ស៊ុតមាន់ ស៊ុតទាជាដើម គឺអាណាព្យាបាលសិស្សជាអ្នកចូលរួមគាំទ្រ និងជួយរៀបចំជាមួយលោកគ្រូអ្នកគ្រូតាមកម្រិតថ្នាក់។
បន្ទាប់ពីមានការបង្ហោះចែកចាយខាងលើរួចមក មហាជនជាច្រើនក៏បានចូលបញ្ចេញមតិពេញចិត្តនិងកោតសរសើរព្រោងព្រាត ដោយមតិមួយបានលើកឡើងថា«ឃើញហើយ នាងខ្ញុំ មាន សេចក្តីត្រេកអរជាខ្លាំង ដែលសិស្សទទួលបានអាហារញ៉ាំគ្រប់ៗគ្នា បានឆ្អែត បានរៀន មានចំណេះដឹង ដើម្បីការរស់នៅតទៅថ្ងៃមុខ មានអនាគតភ្លឺស្វាង មានចំណេះពេញបរិបូរណ៍ ក្នុងការចិញ្ចឹមជីវិត»។
អ្នកខ្លះថា«គ្រប់សាលាគួរតែមានការរៀបចំអាហារចឹងសម្រាប់ក្មេងដែលមានជីវភាពខ្វះខាត»។ អ្នកខ្លះថា«រួមគ្នាធ្វើទូទាំងប្រទេសយើង ក្មេងៗនឹងចូលចិត្តទៅរៀន ម៉ែពុកសប្បាយចិត្តចំណាយបន្ថែម»។ អ្នកខ្លះទៀតថា«ពិតជាសប្បាយចិត្តនឹងឃើញបែបនេះ និងអរគុណដល់ម្ចាស់ជំនួយទាំងអស់និងក្រុមការងារសាលាផងដែរ»៕










