ប្រទេសដាណឺម៉ាក ៖ បច្ចុប្បន្ន សំរាមផ្លាស្ទិកនៅទូទាំងពិភពលោក មានត្រឹមតែ៩% ប៉ុណ្ណោះ ដែលត្រូវបានគេយកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ ។ រីឯសំរាមផ្លាស្ទិកនៅសល់៩១% ទៀត គេបានយកវាទៅដុតចោល ឬកប់ចោលនៅគំនរសំរាម ។
ផ្លាស្ទិកប្រភេទ Bioplastics ដែលប្រើប្រាស់សព្វថ្ងៃនេះ វាពុំអាចរលាយតាមធម្មជាតិបានទេ ។ ការរលាយរបស់ផ្លាស្ទិកប្រភេទនេះអាចចំណាយពេលជាច្រើនឆ្នាំ និងបណ្តាលឱ្យមានការបំពុលបរិស្ថានផងដែរ ដូចជា ៖ មីក្រូផ្លាស្ទិក ហើយយើងត្រូវតែមានវិធីពិសេសដើម្បីរំលាយវាក្នុងរោងចក្រ ។
ហេតុនេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក បានផលិតផ្លាស្ទិកប្រភេទថ្មី ដែលអាចរលាយដោយខ្លួនឯងបាន១០០% ។ ផ្លាស្ទិកនេះផលិតពីម្សៅស្រូវ Barley ផ្សំជាមួយស្ករចម្រាញ់ពីមើមដំណាំ ដែលសល់ពីឧស្សាហកម្មផលិតស្ករ ។ មើមដំណាំនេះមានលក្ខណៈស្រដៀងគ្នានឹងស្ពៃបូកគោ ប៉ុន្តែវាមានមើមនៅក្រោមដី និងមានជាតិស្ករក្នុងមើម ស្មើប្រមាណ៨០% ។
លោកសាស្ត្រាចារ្យ Andreas Blennow មកពីសាកលវិទ្យាល័យ Copenhagen និងជាប្រធានក្រុមស្រាវជ្រាវនិយាយថា ផ្លាស្ទិកប្រភេទ Bioplastics ដែលប្រើប្រាស់បច្ចុប្បន្ន ពុំអាចរលាយបាន១០០% ទេ ហើយយើងត្រូវតែរំលាយវាក្នុងរោងចក្រប៉ុណ្ណោះ ។ ហេតុនេះ វាអាចធ្វើឱ្យកើតការបំពុលបរិស្ថាន ដូចជា ៖ មីក្រូផ្លាស្ទិក ។.jpg)
ប៉ុន្តែផ្លាស្ទិកប្រភេទថ្មីអាចរលាយដោយខ្លួនឯងក្នុងធម្មជាតិ ត្រឹមតែរយៈពេល២ខែប៉ុណ្ណោះ បើទោះជាគេទុកវាចោលនៅក្រៅធុងសំរាមក៏ដោយ ។ គេអាចប្រើប្រាស់ផ្លាស្ទិកថ្មីនេះសម្រាប់វេចខ្ចប់ម្ហូបអាហារ និងវត្ថុផ្សេងៗតាមធម្មតា ដោយសារវាមានគុណភាពល្អជាងផ្លាស្ទិកធម្មតា, ធន់ជាមួយទឹក, រឹងមាំ និងមិនស្អិតដូចផ្លាស្ទិកទូទៅ ។ រីឯសារធាតុផ្សំសំខាន់របស់ផ្លាស្ទិកថ្មី គឺសារធាតុអាមីឡូស និងសែលុយឡូ ដែលសម្បូរនៅក្នុងដំណាំ ខណៈអ្នកស្រាវជ្រាវហៅវាថា «ណាណូសែលុយឡូស» ៕










