ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្នាក់ងារសុវត្ថិភាពចំណីអាហារកូរ៉េខាងត្បូងបានប្រកាសប្រមូលគីមឈីពីផ្សារមកវិញជាបន្ទាន់ ក្រោយពីពលរដ្ឋប្រមាណ១ពាន់នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារអាការៈពុលចំណីអាហារ ។ អាជ្ញាធរបញ្ជាក់ថា ករណីនេះពាក់ព័ន្ធនឹងការបរិភោគគីមឈី ផ្ទុកមេរោគណូរ៉ូ ។
អាជ្ញាធរទីក្រុង Namwon ស្ថិតនៅភាគនិរតីប្រទេសកូរ៉េខាងត្បូង បានប្រកាសកាលពីព្រឹកថ្ងៃ៥ ខែកក្កដា ថា មានអ្នកពុលចំណីអាហារ ចំនួន៩៩៦នាក់ ។ បន្ទាប់មក នៅរសៀលថ្ងៃទី៦ ខែកក្កដា សារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា ចំនួនអ្នកជំងឺបានកើនឡើងរហូតដល់១.០២៤នាក់ ។
អាជ្ញាធរបញ្ជាក់ថា មូលហេតុធ្វើឱ្យមនុស្សជាច្រើនពុលចំណីអាហារ ដោយសារពួកគេបរិភោគគីមឈី ពេលអាហារថ្ងៃត្រង់របស់សាលារៀនមួយក្នុងទីក្រុង ដែលមានកូនសិស្ស និងបុគ្គលិកសាលារៀន ចំនួន២៤កន្លែង មានអាការៈក្អួតចង្អោរ និងឈឺពោះ ។
ណូរ៉ូ គឺជាមេរោគមួយឆាប់ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយវាអាចឆ្លងតាមរយៈការប៉ះពាល់វត្ថុកខ្វក់ ដូចជា ៖ កន្លែងចុចទឹកបង្គន់ និងការប៉ះពាល់អ្នកឆ្លងមេរោគនេះ ។ បើទោះជាមនុស្សភាគច្រើនបានជាសះស្បើយក្នុងរយៈពេលខ្លី ដោយពុំចាំបាច់ទៅព្យាបាលនៅមន្ទីរពេទ្យក្តី ប៉ុន្តែអ្នកជំងឺខ្លះក៏មានអាការៈធ្ងន់ធ្ងរដែរ ។
អាជ្ញាធរទីក្រុង Namwon បានចាប់ផ្តើមស៊ើបអង្កេតដើម្បីស្វែងរកប្រភពមេរោគ ក្រោយរកឃើញពលរដ្ឋកូរ៉េខាងត្បូងឆ្លងមេរោគនេះយ៉ាងឆាប់រហ័ស គឺពីចំនួន១៥៣នាក់ កាលពីថ្ងៃទី៣ ខែកក្កដា មកស្មើនឹង៧៤៥ នៅថ្ងៃទី៤ ខែកក្កដា ។ បន្ទាប់មក ចំនួនអ្នកឆ្លងមេរោគបានកើនឡើងរហូតដល់ជិត១ពាន់នាក់ នៅថ្ងៃទី៥ ខែកក្កដា ។
លោក ឆវ៉េ ខាយ៉ងស៊ីក អភិបាលក្រុង Namwon បានបង្ហោះក្នុងបណ្តាញសង្គម កាលពីថ្ងៃទី៤ ខែកក្កដា ថា មន្ត្រីសុខាភិបាលក្នុងទីក្រុងបានព្យាយាមការពារការឆ្លងរាតត្បាតនៃមេរោគនេះ និងធានាសុវត្ថិភាពដល់ពលរដ្ឋ ។
ក្រោយពេលអាជ្ញាធរបញ្ជាក់ថា បានប្រទះឃើញមេរោគណូរ៉ូនៅក្នុងគីមឈី ភ្នាក់ងារសុវត្ថិភាពចំណីអាហារកូរ៉ខាងត្បូង ក៏បានស្នើឱ្យក្រុមហ៊ុនផលិតគីមឈី ផ្អាកការលក់ផលិតផលជាបណ្តោះអាសន្ន ព្រមទាំងប្រកាសប្រមូលគីមឈីពីផ្សារមកវិញ ៕










