គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីដីឥដ្ឋ តភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ស្ថិតក្នុងដំណាក់កាលសាងសង់ផែបណ្តោះអាសន្ន ដើម្បីរៀបចំឧបករណ៍ខួងគ្រឹះសសរស្ពាន។
ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋ-ថ្មគរ ជាប្រភេទស្ពានបេតុងដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ, តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ព្រមទាំងសាងសង់ស្ពានអាកាសរំលងផ្លូវជាតិលេខ១ ប្រវែង ១២០ម៉ែត្រ ដោយប្រើប្រាស់ថវិការជាតិអស់២០០លានដុល្លារ និងចំណាយពេល៤៨ខែ។
បើតាមឯកឧត្ដម ស៊ុន ចាន់ថុល បានលើកឡើងថា៖”ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវសាងសង់ស្ពានមួយកន្លែងនៅតំបន់ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដើម្បីឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅតំបន់ល្វាឯម ខេត្ដកណ្ដាល ដែលក្បែរនឹងផ្លូវក្រវាត់ ក្រុងទី៣។”
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿន ជាថវិកាផ្នែកឯកជនគ្រោងចំណាយអស់ប្រហែល ១៤០០លានដុល្លារ ដោយឡែកស្ពានតភ្ជាប់ផ្លូវល្បឿនលឿនជាថវិការរដ្ឋគ្រោងចំណាយប្រហែល ២០០លានដុល្លារ ក្រោយការសាងសង់ ពលរដ្ឋធ្វើដំណើរដោយមិនចាំបាច់បង់ប្រាក់នោះទេ៕










