រមនីយដ្ឋានបុរេប្រវត្តិភ្នំក្បាលរមាស ត្រូវបានគេស្គាល់ថាជា ភ្នំក្បាលរមាស ឬភ្នំនាងសេដាឱន ដែលមានទីតាំងស្ថិតនៅក្នុងភូមិបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រមាណ ៨ គីឡូម៉ែត្រពីរង្វង់មូលធូរេន។
ភ្នំក្បាលរមាស មានអាយុកាលប្រហែលមុនគ្រឹស្កសករាជ ៥០០០ ឆ្នាំមកហើយ និងជាភ្នំដែលមានប្រវត្តិដ៏យូរលង់មួយ យោងទៅតាមការសិក្សាស្រាវជ្រាវអំពីវត្ថុបុរាណដែលនៅទីនោះ។ ផ្អែកតាមគំនូសស្នាមបានបង្ហាញថាប្រាសាទនេះត្រូវបានកសាងក្នុងរូងភ្នំ ហើយប្រជាជនមានជំនឿថាវាជាកន្លែងដ៏សក្ត័សិទ្ធមួយផងដែរ។
នៅទីនោះ ភ្ញៀវទេសចរក៏អាចរីករាយជាមួយនឹងសកម្មភាពជាច្រើនដូចជា ទស្សនារូងភ្នំ ប្រាង្គ ប្រាសាទបាក់បែក ថ្មផូស៊ីល ការឡើងដើរឆ្លងតាមជ្រលងភ្នំដោយខ្សែកាបសុវត្ថិភាព ការសម្រូតខ្លួនចុះពីកំពូលភ្នំ ការឡើងជញ្ជាំងថ្មជាដើម។ បន្ថែមពីនេះ នៅលើកំពូលភ្នំ អ្នកក៏អាច គយគន់ទេសភាពនានាដូចជា ចម្ការម្រេច ភ្នំបូកគោ និងទេសភាពខេត្តកែបផងដែរ។
យ៉ាងណាមិញ បច្ចុប្បន្ននេះ រមនីយដ្ឋានបុរេប្រវត្តិភ្នំក្បាលរមាស កំពុងតែទទួលបាននូវការចាប់អារម្មណ៍កាន់តែខ្លាំងឡើងបន្ថែមទៀត បន្ទាប់ពីកីឡា ទេសចរណ៍ឡើងជញ្ជាំងភ្នំត្រូវបានបង្កើតឡើង។ ខណៈក៏ទទួលបាននូវការគាំទ្រយ៉ាងច្រើនផុសផុលក្នុងចំណោមភ្ញៀវទេសចរទាំងជាតិនិងអន្តជាតិ ដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេងនិងចង់ទទួលបានបទពិសោធន៍ថ្មីៗ។
បើយោងតាមការបញ្ជាក់ពីលោកអ៊ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ ខេត្តកំពត កាលពីពេលថ្មីៗនេះបានឲ្យដឹងថា បច្ចុប្បន្ន ផ្លូវទៅកាន់ភ្នំនេះ កំពុងស្ថាបនាជាផ្លូវបេតុង កៀកនឹងរួចរាល់នៅចុងឆ្នាំនេះហើយ ដែលនឹងបង្កនូវភាពងាយស្រួលដល់បងប្អូនដែលមានបំណងចង់ទៅកម្សាន្តនៅរមនីយដ្ឋាននេះផងដែរ៕










