ប្រទេសអៀរឡង់ ៖ បើនិយាយពីសត្វពស់ ពលរដ្ឋខ្មែរយើងពុំសូវភ្ញាក់ផ្អើលប៉ុន្មានទេ ពីព្រោះយើងតែងតែឃើញពស់ជាញឹកញាប់ បើទោះជាពុំចង់ឃើញវាក្តី ។ បើរដូវវស្សាវិញ ពស់ជាច្រើនក្បាលបានវារចូលក្នុងផ្ទះ ដោយសារទឹកលិចរន្ធរបស់វា ហើយយើងនឹងឃើញពស់កាន់តែច្រើនថែមទៀត ។ ប៉ុន្តែនៅប្រទេសមួយចំនួនលើពិភពលោក គ្មានពស់រស់នៅទេ ក្នុងនោះក៏មានអៀរឡង់ផងដែរ ។
ហេតុអ្វីទើបប្រទេសអៀរឡង់គ្មានពស់រស់នៅ? អ្នកវិទ្យាសាស្ត្រជាច្រើននិយាយថា គឺបណ្តាលមកពីយុគទឹកកកលើកចុងក្រោយ ទើបធ្វើឱ្យប្រទេសអៀរឡង់មានអាកាសធាតុត្រជាក់ខ្លាំង ដែលសត្វពស់ពិបាករស់នៅ ។ ពស់ជាសត្វឈាមត្រជាក់ ហើយវាត្រូវការភាពកក់ក្តៅពីបរិស្ថានជុំវិញ ទើបវាអាចរស់បាន ។ ដូច្នេះ វាផ្លាស់ទៅរស់នៅតំបន់អឺរ៉ុបខាងជើង និងអឺរ៉ុបខាងលិចអស់គ្មានសល់ ។
ក្រោយពីបញ្ចប់យុគទឹកកកប្រមាណ១ម៉ឺនឆ្នាំមុន ប្រទេសអៀរឡង់ត្រូវបានហ៊ុព័ទ្ធដោយសមុទ្រ ហើយក៏ក្លាយជាប្រទេសកោះ ទើបទឹកសមុទ្រការពារមិនឱ្យពស់ចូលមករស់នៅទីនេះ ។ ការពិត ពស់សមុទ្រអាចហែលទឹកមកកាន់អៀរឡង់បាន ប៉ុន្តែពស់សមុទ្រតែងតែរស់នៅក្នុងតំបន់ត្រូពិចក្តៅប៉ុណ្ណោះ ។.jpg)
មតិខ្លះលើកឡើងថា ចុះអង់គ្លេសវិញ ក៏ជាប្រទេសកោះដូចគ្នាដែរ ហេតុអ្វីអង់គ្លេសមានពស់រស់នៅ រហូតដល់ទៅ៣ពូជ ដូចជា ៖ ពូជ Grass Snake, ពូជ Smooth Snake និងពូជ Adder?
សំណួរនេះ អ្នកវិទ្យាសាស្ត្របកស្រាយថា ដោយសារកម្រិតទឹកបានជន់លិចស្ពានដីធម្មជាតិពុំបានកើតឡើងព្រមគ្នា គឺស្ពានដីដែលតភ្ជាប់រវាងអៀរឡង់ និងអង់គ្លេស ត្រូវបានទឹកលិច កាលពីប្រមាណ៨.៥០០ឆ្នាំមុន ។ រីឯស្ពានដីតភ្ជាប់រវាងអង់គ្លេស និងអឺរ៉ុប ត្រូវបានទឹកលិចកាលពីប្រមាណ២.០០០ឆ្នាំមុន ទើបពស់អាចមករស់នៅអង់គ្លេសបាន ប៉ុន្តែវាពុំអាចមករស់នៅអៀរឡង់បានទេ ។
លើសពីនេះ មិនមែនមានតែពស់មួយទេ ដែលពុំអាចចូលមករស់នៅប្រទេសអៀរឡង់បាន ប៉ុន្តែសត្វល្មូនជាច្រើនទៀត ក៏ពុំអាចមករស់នៅអៀរឡង់បានដូចគ្នា លើកលែងតែសត្វមួយប្រភេទ គឺជីងចក់ (Viviparous Lizard) ដែលបានមករស់នៅអៀរឡង់កាលពី១ម៉ឺនឆ្នាំមុន ឬក្នុងអំឡុងពេលអៀរឡង់បានប្រែក្លាយពីទឹកកកទៅជាសមុទ្រព័ទ្ធជុំវិញ ។
ទោះយ៉ាងណា នៅឆ្នាំ១៩៩០ ពលរដ្ឋអៀរឡង់ចាត់ទុកថា ការចិញ្ចឹមពស់ជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ ប៉ុន្តែពេលសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០០៨ បានធ្វើឱ្យពលរដ្ឋអៀរឡង់លែងពស់ឱ្យរស់នៅតាមធម្មជាតិ ។ ចាប់ពីពេលនោះមក ពលរដ្ឋអៀរឡង់ ក៏បានឃើញពស់ច្រើននៅតាមទីក្រុង ហើយពួកគេជឿថា នឹងមានពស់កាន់តែច្រើនថែមទៀតរស់នៅតាមតំបន់នានា ស្របពេលអាកាសធាតុនៅអៀរឡង់កាន់តែក្តៅ ៕










