វណ្ណដា បានបង្ហាញអារម្មណ៍សោកសៅជាទីបំផុតដោយបានសរសេរអក្សរផ្ទាល់ដៃពីទំហំចិត្តរបស់ខ្លួនបន្ទាប់ពីទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ស្របពេលលោកកំពុងពង្រីកពីភាពអស្ចារ្យសិល្បៈខ្មែរនាំយកឧបករណ៍បុរាណនៅលើឆាកអន្តរជាតិ។ លើសពីនោះ វណ្ណដា បានលើកឡើងថាលោកតា គង់ ណៃ គឺជាចំណែកធំមួយនៃភាពជោគជ័យរបស់ខ្លួន និងបានអរគុណទៅកាន់លោកយាយជាភរិយាដែលបានមើលថែការពារលោកតា គង់ ណៃ រហូតមក។

កំពុងស្ថិតនៅលើដែនអាកាស វណ្ណដា បានសរសេរដោយផ្ទាល់ដៃពីទំហំចិត្តបន្ទាប់ពីទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ។ ខ្លឹមសាររបស់ វណ្ណដា បានបង្ហាញថា «នៅពេលឮដំណឹងមួយនេះពិតជាពិបាកនឹងទប់ទឹកភ្នែក ស្របពេលដែលខ្ញុំកំពុងពង្រីកពីភាពអស្ចារ្យនៃសិល្បៈខ្មែរ តន្រ្តីខ្មែរ និងបាននាំឧបករណ៍តន្រ្តី បុរានខ្មែរដូចជាខ្លុយ ទ្រ ចាប៉ី ឃឹម មកតំណាងឱ្យប្រទេសកម្ពុជាទទួលការស្រលាញ់ គាំទ្រ ការគោរពជាទីមោទនៈ ស្រាប់តែទទួលបានដំណឹងដ៏ស្លុតចិត្តពីដែនដីកំណើតដោយក្រុមការងារបានប្រាប់ថា លោកគ្រូ គង់ ណៃ បានទទួលមរណភាពដោយជរាពាធ»។
វណ្ណដា បានបន្តរៀបរាប់ទៀតថា «ដំណឹងមួយនេះពិតជាប៉ះទង្គិចរបស់ខ្ញុំជាខ្លាំង ព្រោះលោកគ្រូ លោកតា ព្រឹទ្ធាចារ្យ គង់ ណៃ គឺចំណែកដ៏ធំមួយនៃភាពជោគជ័យរបស់ខ្ញុំនៅបច្ចុប្បន្ននេះ។ ពាក្យទូន្មានប្រៀបប្រដៅរបស់លោកគ្រូនៅតែដក់ជាប់ក្នុងចិត្តរបស់ខ្ញុំជារៀងរហូត បើទោះបីជាខ្ញុំផ្ទាល់មិនទាន់ត្រលប់ទៅមាតុភូមិវិញទៅជួបលោកតាឱ្យទាន់ដង្ហើម
ចុងក្រោយតែខ្ញុំដឹងថាលោកតាកំពុងតែជូនពរពួកយើងឱ្យកម្លាំងចិត្តពួកយើងបន្ថែមទៀត សម្រាប់ថែរក្សា និងការពារសំឡេងនៃឧបរកណ៍បុរាណខ្មែរ។ ការដែលបាត់បង់លោកតា គឺជាការបាត់បង់ធនធានដ៏អស្ចារ្យ ដែលលោកតាធ្លាប់ដើរតួយ៉ាងសំខាន់ក្នុងការបង្រៀនយើងឱ្យតស៊ូក្នុងជីវិតមួយនេះ។
ជាចុងក្រោយខ្ញុំសូមផ្ញើក្តីស្រលាញ់ ក្តីនឹករលឹកជូនទៅកាន់លោកយាយ អរគុណដែលបានមើលថែរក្សាការពារលោកតា មានក្តីស្រលាញ់ឥតលក្ខខណ្ឌចំពោះលោកតា ចៅសូមចូលរួមរំលែកទុក្ខចំពោះលោកតា ចៅសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះជូនចំពោះលោកយាយនិងក្រុមគ្រួសារ សូមជូនពរលោកយាយឱ្យមានសុខភាពល្អ អាយុយឺនយូរជារៀងរហូតតទៅ ពីចៅ វណ្ណដា »។
គួរបញ្ជាក់ថា នៅពេលទទួលដំណឹងមរណភាពរបស់លោកតា គង់ ណៃ នៅលើ Story វណ្ណដា បានបង្ហាញទឹកភ្នែកជោគថ្ពាល់របស់លោកជាលើកដំបូងដែលអ្នកគាំទ្រពុំដែលឃើញភាពទន់ខ្សោយរបស់លោកបែបនេះពីមុនឡើយ។ តាមការបញ្ជាក់របស់កញ្ញា ឡូរ៉ា ម៉ម រឿងនេះពិតជាប៉ះទង្គិចផ្លូវចិត្ត វណ្ណដា យ៉ាងខ្លាំងបន្តយំមិនឈប់ហើយត្រូវការពេលវេលាខ្លះដើម្បីសម្រួលផ្លូវអារម្មណ៍នេះ៕










