សហរដ្ឋអាមេរិក ៖ ជាទូទៅ បណ្ណាល័យនានាតែងតែមានសៀវភៅជាច្រើនក្បាលសម្រាប់ឱ្យសិស្ស-និស្សិត ឬមនុស្សទូទៅអាន ប៉ុន្តែបណ្ណាល័យមួយឈ្មោះ «The Tool Library» នៅទីក្រុង Buffalo រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក មានលក្ខណៈខុសប្លែកពីនេះ ។ នៅទីនេះ គ្មានសៀវភៅសម្រាប់អានដូចបណ្ណាល័យផ្សេងៗទេ គឺអ្នកមកទីនេះអាចសុំខ្ចីឧបករណ៍ជាងយកទៅជួសជុលសម្ភារៈខូចខាតរបស់ពួកគេ ។
ហេតុអ្វីទើបបណ្ណាល័យ The Tool Library ផ្តល់ឧបករណ៍ជាងឱ្យខ្ចីប្រើប្រាស់? បណ្ណាល័យនេះមានឧបករណ៍ជាងរហូតដល់ជាង៥.០០០ប្រភេទ សម្រាប់ឱ្យពលរដ្ឋខ្ចី ។ គោលបំណងសំខាន់ គឺដើម្បីឱ្យពួកគេយកឧបករណ៍ជាងទាំងនេះទៅជួសជុលសម្ភារៈចាស់ៗប្រើប្រាស់ឡើងវិញ និងពុំចាំបាច់ទិញថ្មី ហើយវាក៏អាចកាត់បន្ថយសំរាមផងដែរ ។
តាមរបាយការណ៍របស់ភ្នាក់ងារការពារបរិស្ថានបញ្ជាក់ថា ពលរដ្ឋអាមេរិកបានបោះចោលសម្ភារៈអេឡិចត្រូនិក ដូចជា ៖ សម្ភារៈផ្ទះបាយ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ស្មើជាង៤០លានតោនក្នុង១ឆ្នាំ ។ ប៉ុន្តែប្រទេសនានាលើពិភពលោក កំពុងតែផ្តោតលើការកាត់បន្ថយកាកសំណល់ ជាពិសេស សំណល់ផ្លាស្ទិក ទើបធ្វើឱ្យអាមេរិកស្វែងរកវិធីដោះស្រាយបញ្ហានេះ ដោយការប្រើប្រាស់សម្ភារៈផ្លាស្ទិកយ៉ាងសន្សំសំចៃ និងកុំឱ្យប៉ះពាល់បរិស្ថាន ។
ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងអស់ គឺការជួសជុលសម្ភារៈចាស់ៗ ។ ហេតុនេះ បណ្ណាល័យ The Tool Library បានបង្កើតកម្មវិធីមួយឈ្មោះ «Repair Cafe» សម្រាប់ផ្តល់ឧបករណ៍ជាងឱ្យខ្ចីជួសជុលសម្ភារៈចាស់ៗដើម្បីកាត់បន្ថយសំរាមផ្លាស្ទិក ។ បច្ចុប្បន្ន កម្មវិធី Repair Cafe មានរហូតដល់ជាង៣.០០០កន្លែងនៅទូទាំងពិភពលោក ។
ដូចគ្នានេះ នៅទីក្រុង Buffalo រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ក៏បានអនុវត្តកម្មវិធី Repair Cafe ផងដែរ ។ វាជាផ្នែកមួយនៃការជំរុញនិរន្តរភាព, ការចែករំលែកធនធានរបស់សហគមន៍ និងការជួយគ្នាទៅវិញទៅមក ។
Repair Cafe គឺជាកម្មវិធីមួយរៀបចំដោយបណ្ណាល័យ The Tool Library ដែលពុំស្វែងរកប្រាក់ចំណេញ ប៉ុន្តែមានតួនាទីផ្តល់ឧបករណ៍ជាងសម្រាប់ជួសជុលសម្ភារៈចាស់ៗដល់បុគ្គល, អាជីវកម្មខ្នាតតូច និងសហគមន៍ ។ រហូតមកដល់ឆ្នាំ២០២៤ បណ្ណាល័យនេះបានជួយកាត់បន្ថយសំរាមរហូតដល់៣តោនកន្លះ តាមរយៈកម្មវិធី Repair Cafe ដោយការផ្តល់ឧបករណ៍ជាង៥.០០០ប្រភេទឱ្យខ្ចី ។
Darren Cotton ជាស្ថាបនិករបស់បណ្ណាល័យ The Tool Library និយាយថា ៖ «យើងជាផ្នែកមួយនៃការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏ធំ ដែលគេពុំបានផ្តល់ភាពសំខាន់ដល់មនុស្សតូចតាច ។ ដូច្នេះ យើងព្យាយាមផ្លាស់ប្តូរទៅរកគំរូមាននិរន្តរភាព និងពឹងផ្អែកលើការជួយគ្នាទៅវិញទៅមក» ។
គួរបញ្ជាក់ថា បណ្ណាល័យ The Tool Library បានបើកដំណើរការនៅឆ្នាំ២០១១ ហើយបច្ចុប្បន្ន មានសមាជិកស្មើជាង១.៥០០នាក់ ។ រីឯឧបករណ៍ជាងរបស់បណ្ណាល័យនេះ មានដូចជា ៖ រណា, ម៉ាស៊ីនបូមខ្សាច់, ម៉ាស៊ីនកាត់ស្មៅ, ម៉ាស៊ីនសម្អាតស្លឹកឈើ រហូតដល់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដូចជា ៖ ម៉ាស៊ីនដេរ និងម៉ាស៊ីនធ្វើនំ ៕










