ទន្លេអាម៉ាហ្សូន (Amazon River) គឺជាទន្លេមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង ដែលមានប្រភពនៅប្រទេសប៉េរូ និងហូរឆ្លងកាត់ប្រទេសកូឡុំប៊ី ។ បន្ទាប់មក ទឹកទន្លេក៏ហូរចូលក្នុងមហាសមុទ្រអាត្លង់ទិក និងប្រទេសប្រេស៊ីល ។ ទន្លេនេះមានប្រវែងសរុបចំនួន៦.៥០០គីឡូម៉ែត្រ ហើយនៅរដូវវស្សា វាក្លាយជាទន្លេមានទទឹងធំបំផុតលើពិភពលោក ។
លើសពីនេះ នៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើនធ្វើឱ្យបរិមាណទឹកទន្លេអាម៉ាហ្សូនកើនឡើងច្រើនបំផុត ប៉ុន្តែទឹកភ្លៀងនឹងធ្លាក់ក្នុងទន្លេនេះត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ។ បរិមាណទឹកភ្លៀងនឹងខុសៗគ្នានៅតាមតំបន់នីមួយៗ ហើយមានពូជត្រីថ្មីៗរស់នៅក្នុងទន្លេរហូតដល់៥០ប្រភេទ ។ រីឯនៅខែតុលា ជារដូវប្រាំង ទឹកទន្លេនេះនឹងស្រកចុះខ្លាំង និងបង្កើតជាទន្លេខ្សាច់ក្នុងតំបន់ផ្សេងៗ ។.jpg)
បើទោះជាទន្លេអាម៉ាហ្សូន មានប្រវែងរហូតដល់៦.៥០០គីឡូម៉ែត្រក្តី ប៉ុន្តែហេតុអ្វីគ្មានស្ពានឆ្លងកាត់ទន្លេនេះមួយសោះ? សារព័ត៌មាន KBN នឹងដកស្រង់មូលហេតុសំខាន់ៗមួយចំនួនដែលបណ្តាលឱ្យទន្លេនេះគ្មានស្ពានឆ្លងកាត់ រួមមាន ៖
មូលហេតុទី១ ៖ អាម៉ាហ្សូន គឺជាទន្លេមួយក្នុងចំណោមទន្លេធំបំផុតលើពិភពលោក ដែលមានទទឹងជាមធ្យមស្មើនឹង៣គីឡូម៉ែត្រ ។ លើសពីនេះ បើរដូវកាលផ្លាស់ប្តូរ ទឹកទន្លេនេះនឹងផ្លាស់ប្តូរដែរ ជាពិសេស នៅរដូវវស្សា ទទឹងរបស់ទន្លេនឹងធំខ្លាំងរហូតដល់៥០គីឡូម៉ែត្រ ។.jpg)
ហេតុនេះ ការសាងសង់ស្ពានឆ្លងកាត់ទន្លេអាម៉ាហ្សូនដ៏ធំនេះ គឺជាឧបសគ្គយ៉ាងខ្លាំងផ្នែកវិស្វកម្ម ស្របពេលកម្រិតទឹកទន្លេកើនឡើងខ្លាំង ហើយបណ្តាលឱ្យជន់លិចបរិវេណនេះ ។ វាធ្វើឱ្យពិបាកសង់ស្ពាន និងជួសជុលស្ពាន ហើយបើចង់សង់ស្ពានឆ្លងកាត់ទន្លេនេះ នឹងចំណាយប្រាក់យ៉ាងច្រើនមហាសាល ទើបអាចសង់បាន ។
មូលហេតុទី២ ៖ ទន្លេអាម៉ាហ្សូនមានភាពចម្រុះផ្នែកជីវសាស្ត្រច្រើនបំផុតលើពិភពលោក ហើយការសាងសង់ស្ពានឆ្លងកាត់ទន្លេ អាចបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃអាម៉ាហ្សូន និងប៉ះពាល់ដល់ជម្រកសត្វព្រៃផងដែរ ។
មូលហេតុទី៣ ៖ មានសហគមន៍ជនជាតិដើមភាគតិចជាច្រើនរស់នៅតាមដងទន្លេអាម៉ាហ្សូន និងរស់នៅតាមដៃទន្លេជាច្រើនទៀត ។ ហេតុនេះ ការសង់ស្ពានអាចប៉ះពាល់ដល់សង្គម និងវប្បធម៌របស់ជនជាតិដើមភាគតិច ។ ម្យ៉ាងទៀត វាពុំងាយស្រួលទេ ដែលពួកគេយល់ព្រមឱ្យសង់ស្ពានឆ្លងកាត់ទន្លេ ។
មូលហេតុទី៤ ៖ ការសង់ស្ពានឆ្លងកាត់ទន្លេអាម៉ាហ្សូន គ្មានភាពចាំបាច់ឡើយ ពីព្រោះការធ្វើដំណើរភាគច្រើនក្នុងតំបន់ គឺតាមរយៈនាវា ។ ដូច្នេះ វាគ្រប់គ្រាន់ហើយសម្រាប់បំពេញតម្រូវការធ្វើដំណើរ ៕










