ប្រទេសប្រេស៊ីល ៖ នៅលើផែនដីនេះមានបាតុភូតប្លែកៗជាច្រើនដែលបានកើតឡើងតាមធម្មជាតិ ហើយក្នុងចំណោមបាតុភូតទាំងនេះ ក៏មានទឹករលកយក្ស «Pororoca» ផងដែរ ដែលវាស្ថិតនៅមាត់ទន្លេក្នុងតំបន់អាម៉ាហ្សូន ប្រទេសប្រេស៊ីល ។ គេចាត់ទុកថា វាជាបាតុភូតធម្មជាតិដ៏អស្ចារ្យមួយ និងជាទឹករលកវែងបំផុតនៅលើពិភពលោក ។
ទឹករលកយក្ស Pororoca មានកម្ពស់៤ម៉ែត្រ និងមានប្រវែងរហូតដល់៨០០គីឡូម៉ែត្រ ។ វាតែងតែបម្លាស់ទីមកកាន់មាត់ទន្លេក្នុងតំបន់អាម៉ាហ្សូន ស្ថិតនៅខាងមហាសមុទ្រអាត្លង់ទិក ។
រីឯពាក្យថា Pororoca គឺមកពីភាសាក្នុងតំបន់ មានន័យថា សំឡេងខ្លាំង ពីព្រោះពេលមានទឹករលកម្តងៗ អ្នករស់នៅក្បែរតំបន់នេះបានឮសំឡេងទឹករលក៣០នាទីមុន ប៉ុន្តែវាពុំបានធ្វើឱ្យអ្នកស្រុកភ័យខ្លាចទេ ។
ហេតុនេះ ពេលមាត់ទន្លេក្នុងតំបន់អាម៉ាហ្សូនមានទឹករលកខ្ពស់ និងមានប្រវែងរាប់រយគីឡូម៉ែត្រ វាបានបង្កការពិបាកដល់អ្នកជិះស្គីយ៉ាងខ្លាំង ។ បើតាមការកត់ត្រាបញ្ជាក់ថា កាលពីឆ្នាំ១៩៩៧ មានក្រុមអ្នកជិះស្គីដំបូងគេបាននាំគ្នាមកជិះស្គីនៅបរិវេណទឹករលកយក្សនេះ ។ ក្រោយមក មានអ្នកជិះស្គីជាច្រើនទៀតមកពីជុំវិញពិភពលោក បានធ្វើដំណើរមកកាន់ទីនេះជាបន្តបន្ទាប់ ។
កាលពីឆ្នាំ២០០៣ Picuruta Salazar គឺជាអ្នកជិះស្គីមកពីប្រទេសប្រេស៊ីល ក៏បានធ្វើដំណើរមកជិះស្គីនៅលើទឹករលកយក្ស Pororoca នេះដែរ ។ ជនជាតិប្រេស៊ីលរូបនេះអាចជិះស្គីក្នុងចម្ងាយ១២.៥គីឡូម៉ែត្រ និងចំណាយពេលចំនួន៣៧នាទី ។
ទឹករលកយក្សនៅតំបន់អាម៉ាហ្សូន នឹងកើតឡើងចាប់ពីខែកុម្ភៈ រហូតដល់ខែមីនា ដោយសារទឹកមកពីមហាសមុទ្រអាត្លង់ទិកបានហូរមកកាន់មាត់ទន្លេនៅប្រទេសប្រេស៊ីល ។ បន្ទាប់មក វាក៏បង្កើតបានជាទឹករលកមានកម្ពស់៤ម៉ែត្រ និងប្រវែងរាប់រយគីឡូម៉ែត្រ ៕










