ថ្មីៗនេះ មានករណីសត្វចម្លែកចូលសុីឆ្កែយ៉ាងច្រើនករណី ដែលកំពុងរាតត្បាតនៅស្រុកកំចាយមា ខេត្តព្រៃវែង និងនៅឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង គិតមកទល់ពេលនេះ មានឆ្កែជាង១៥ក្បាលហើយបានងាប់ជាបន្តបន្ទាប់ ខណៈសាកសពសាកមានសភាពស្រដៀងគ្នា ដោយត្រូវបានហែកសុីនៅត្រង់ឆ្អឹងជំនី។
ជុំវិញករណីនេះ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្មោងខាងត្បូង បានពួនស្ទាក់ចាប់បានសត្វកញ្ជ្រោងមួយក្បាល កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ដោយសង្ស័យថាជាសត្វដែលហែកឆ្កែអ្នកភូមិ។

ថ្វីបើចាប់បានសត្វកញ្រ្ជោងនេះ ក៏ប៉ុន្តែសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ នៅតែមិនទាន់កំណត់មុខសញ្ញាថាជាសត្វកញ្រ្ជោងនេះ ដែលជាអ្នកសុីឆ្កែអស់ជិត១៥ក្បាលនោះយ៉ាងណានោះទេ ខណៈក្រុមជំនាញដែលបានធ្វើការពិសោធន៍មុខរបួសសត្វនោះបានសង្ស័យថា ជាសត្វខ្លាទៅវិញ។
សមត្ថកិច្ចក៏បានស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្ន ព្រោះថាសត្វកញ្ច្រោងនេះ អាចមានទៀត មិនមែនមានតែមួយនេះនោះទេ៕










