យោងតាមវីដេអូ ដែលបានដាក់បង្ហោះដោយ USAID Cambodia គឺបានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ត្រកាលនៃធម្មជាតិព្រៃព្រឹក្សា និងជីវចម្រុះ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលជាទីសុខក្សេមក្សាន្ត។
ដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ហ៊ុនព័ទ្ធជុំវិញទៅដោយព្រៃដ៏ក្រាស់ក្រាល ដែលមានទំហំប្រមាណ ២៩២,៦៩០ហិកតា។ នៅទីនោះ គេបានចាត់ទុកវាជាតំបន់ការពារធម្មជាតិ ដែលប្រមូលផ្តុំទៅដោយជីវចម្រុះដ៏សម្បូរបែប និងទ្រព្យធម្មជាតិដ៏មហាសាល។ 
ដែនជម្រកនេះ គឺពិតជាសាកសមណាស់សម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ទទួលបានបទពិសោធន៍នៃការដើរព្រៃដ៏អស្ចារ្យ ដែលមានទំនាក់ទំនងយ៉ាងស្និតជាមួយនឹងធម្មជាតិនិងសត្វព្រៃ។ ខណៈដែលភាពត្រជាក់ពីអ័ព្ទផ្សែង អមជាមួយនឹងទស្សនីយភាពដ៏ស្រស់ស្អាតនៅទីនោះនឹងបង្កើតជាអនុស្សាវរីយដែលមិនអាចបំភ្លេចបានឡើយ។
ដែនជម្រកសត្វព្រៃកែវសីមានេះទៀតសោត គេក៏ប្រទះឃើញថាមានសត្វ រុក្ខជាតិនិងបុចផសិត (fungi species) ចំនួន ៩៥៩ ប្រភេទ ព្រមជាមួយនឹងមានវត្តមានសត្វព្រៃកម្រមួយចំនួន ដូចជាសត្វដំរីពូជអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងសត្វស្លាបជាច្រើនប្រភេទ និងរុក្ខជាតិ ៧៥ មុខផ្សេងទៀត ដែលប្រឈមមុខនឹងការជិតផុតពូជ បាននឹងកំពុងស្ថិតនៅក្នុងដែនជម្រកនេះផងដែរ។ នេះបើយោងតាមរបាយការណ៍ពីអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា WCS។
យោងតាមការបញ្ជាក់ពីក្រសួងព័ត៌មានបានឲ្យដឹងថា «ដែនជម្រកសត្វព្រៃកែវសីមាមិនត្រឹមតែជាដែនជម្រកសត្វព្រៃដែលមានព្រៃស្រោងនិងអាចលក់ឥណទានកាបូននោះទេ តែជាតំបន់ការពារធម្មជាតិដែលមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត»។ 
លើសពីនេះទៅទៀត គម្រោងរេដបូកនៅកែវសីមានេះក៏បានជួយការពារព្រៃឈើនិងសត្វព្រៃជាច្រើនអនេក ព្រមទាំងជួយដល់ការរស់នៅរបស់សហគមន៍មូលដ្ឋានជាពិសេសជនជាតិដើមភាគតិចពូនង៕











