ខឹ.ងគ្នាឯងមិនព្រមជួយទិញ! កសិករថៃរាប់ម៉ឺនគ្រួសារបានលើកគ្នាមកបិទផ្លូវនៅខាងមុខវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក ដើម្បីដាក់សម្ពាធសុំការអន្តរាគមន៍បន្ទាន់ពីលោក អានុទីន ជុំវិញវិបត្តិទឹកដោះគោឆៅចាល់លិចទីផ្សារយ៉ាងធ្ងន់ធ្ងរ។ ស្ថានភាពនេះបានរុញច្រានឱ្យជីវភាពកសិករក្នុងស្រុកធ្លាក់ចូលក្នុងបំណុលវ័ណ្ឌក ខណៈទិន្នផលទឹកដោះគោរាប់រយតោនកំពុងស្អុយចោលរាល់ថ្ងៃដោយគ្មានក្រុមហ៊ុនប្រមូលទិញ។
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខាវសុត (Khaosod) របស់ថៃ កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា បានឱ្យដឹងថា ក្រុមកសិករចិញ្ចឹមគោទឹកដោះគោជាង ២,០០០ នាក់ ដែលជាតំណាងឱ្យសហករណ៍ជាង ៦០ កន្លែង បានសម្រេចចិត្តធ្វើបាតុកម្មបិទផ្លូវសំខាន់ៗជុំវិញវិមានរដ្ឋាភិបាល។ មូលហេតុចម្បងដែលបង្កឱ្យមានវិបត្តិទឹកដោះគោចាល់លិចទីផ្សារនេះ គឺបណ្តាលមកពីឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ថៃ-អូស្ត្រាលី និងថៃ-នូវែលសេឡង់ ដែលបានលុបចោលពន្ធនាំចូលមកត្រឹម ០% ធ្វើឱ្យទឹកដោះគោម្សៅតម្លៃថោកពីបរទេសហូរចូលមកវាយលុកទីផ្សារក្នុងស្រុកយ៉ាងគំហុក។ កត្តានេះបានបង្ខំឱ្យក្រុមហ៊ុនកែច្នៃអាជីវកម្មខ្នាតយក្សងាកទៅប្រើប្រាស់វត្ថុធាតុដើមនាំចូលទាំងនោះជំនួសវិញ និងបានកាត់ផ្តាច់កិច្ចសន្យាប្រមូលទិញពីកសិករថៃ រហូតដល់បង្កជាបំណុលកកស្ទះលើសពី ៦០០ លានបាតដែលអង្គការរដ្ឋ (DPO) ជំពាក់សហករណ៍។

ទោះបីជាមានការចោទប្រកាន់ថាប្រជាជនថៃមិនជួយគាំទ្រផលិតផលគ្នាឯងក៏ដោយ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចបានពន្យល់ថា នេះជាវិបត្តិនៃការបិទបាំងព័ត៌មានលើប្រព័ន្ធទីផ្សារ។ នៅលើធ្នើរលក់ទំនិញ មិនមានច្បាប់បង្ខំឱ្យក្រុមហ៊ុនបិទស្លាកសញ្ញាបែងចែកច្បាស់លាស់រវាង “ទឹកដោះគោស្រស់ក្នុងស្រុក ១០០%” និង “ទឹកដោះគោម្សៅនាំចូល” ឡើយ ដែលធ្វើឱ្យអ្នកប្រើប្រាស់ជួបការភ័ន្តច្រឡំក្នុងការជ្រើសរើសទិញ។ ម្យ៉ាងវិញទៀត ទឹកដោះគោឆៅស្រស់ (Raw Milk) ជាទំនិញងាយខូចគុណភាព និងមិនអាចដាក់លក់ផ្ទាល់ទៅកាន់ដៃប្រជាពលរដ្ឋបានទេ បើមិនឆ្លងកាត់ការសម្លាប់មេរោគពីរោងចក្រកណ្តាល។ ហេតុទើបក្រុមកសិករបានដាក់លក្ខខណ្ឌទាមទារឱ្យរដ្ឋាភិបាលផ្អាកការនាំចូលទឹកដោះគោម្សៅជាបណ្តោះអាសន្ន កែទម្រង់ស្លាកសញ្ញាផលិតផល និងពង្រីកកម្មវិធីទឹកដោះគោសាលារៀន ដើម្បីជួយស្រូបយកទិន្នផលដែលកំពុងកកស្ទះ។
.jpg)
គួបញ្ជាក់ថា វិបត្តិចាល់ទីផ្សារទឹកដោះគោនៅស្រុកថៃ ដែលធ្វើឲ្យកសិកររាប់ម៉ឺនគ្រួសារត្រូវធ្លាក់ក្នុងបំណុលវ័ណ្ឌករនេះមិនមែនទើបតែកើតមាននោះទេ ប៉ុន្តែវាបានចាប់ផ្តើមតាំងពីដើមឆ្នាំ ២០២៥ មកម៉្លេះ នៅពេលដែលពន្ធគយលើទឹកដោះគោម្សៅនាំចូលត្រូវបានលុបចោលទាំងស្រុង។ 
ទោះជាយ៉ាងណា រហូតមកដល់ពាក់កណ្ដាលឆ្នាំ ២០២៦ បញ្ហាដដែលនេះនៅតែមិនទាន់ទទួលបានដំណោះស្រាយដែលសមស្របនៅឡើយ ដែលជំរុញឲ្យក្រុមកសិករឆេះឆួលអារម្មណ៍កាន់តែខ្លាំង ព្រោះគេសង្កេតឃើញថារដ្ឋាភិបាលរវល់តែរីករាយ និងអួតអាងពីសមិទ្ធផលពាណិជ្ជកម្មនៅលើឆាកអន្តរជាតិ ទាំងដែលពាណិជ្ជកម្មក្នុងស្រុកកំពុងរងសម្ពាធដោះស្រាយមិនចេញ៕










