គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី៣ ដែលត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ គ្រោងប្រើថវិកាសរុបចំនួន ២៥៧លានដុល្លារអាមេរិក ។
ចំពោះថិវការទាំងនេះ ២១០លានដុល្លារ ជាប្រាក់កម្ចី ពីទីភ្នាក់ងារ AFD, ៥លានដុល្លារសល់ពីការសាងសង់ជំហានទី១ និងជំហានទី២ របស់ AFD និងការវិនិយោគចំនួន ៤២លានដុល្លារពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
រោងចក្រថ្មីនេះនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ថែមពីលើសមត្ថភាពផលិតដែលមានស្រាប់ប្រមាណ ៧៨៧ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
ហេតុដូចច្នេះ សមត្ថភាពផលិតសរុបនៃបណ្ដារោងចក្រប្រព្រឹត្តកម្មសរុបកើនឡើងដល់ ៩៨២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
ទាំងនេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយទៀត សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព (SDG៦) ដោយធានាឱ្យបាននូវការទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និរន្តភាព និងថ្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល។
ជាមួយនឹងការអនុវត្តដ៏ជោគជ័យនៃគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ និងជំហានទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននឹងកំពុងអនុវត្តតាមរបស់ផែនការមេដំណាក់កាល៣ (២០១៦-២០៣០) ដើម្បីសម្រេចបានសមត្ថភាពផលិតទឹកស្អាតចំនួន ១លានម៉ែត្រគូបក្នុងមួយថ្ងៃ៕










