តើយើងធ្លាប់ឆ្ងល់ទេថា ហេតុអ្វីចាស់ៗបុរាណចូលចិត្តនិយាយថា ៖ «ថ្ងៃនេះ សង្ស័យតែមេឃជិតភ្លៀងហើយ ពីព្រោះឃើញហ្វូងស្រមោចនាំកូនចៅជញ្ជូនស្បៀងអាហារ និងពងចេញពីសំបុករបស់វា» ។ ចុះសត្វស្រមោចដឹងដោយរបៀបណាថា មេឃជិតភ្លៀង? ហេតុអ្វីទើបវាដឹងហេតុការណ៍មុនបែបនេះ?
សត្វមួយចំនួនបានដឹងជាមុនថា នឹងមានហេតុការណ៍អ្វីកើតឡើងនាពេលអនាគតដ៏ខ្លីខាងមុខ ហើយស្រមោចក៏សត្វមួយក្នុងចំណោមសត្វទាំងនេះដែរ ។ បើតាមការស្រាវជ្រាវបញ្ជាក់ថា មុនពេលភ្លៀងធ្លាក់ សម្ពាធខ្យល់នៅលើបរិយាកាសនឹងធ្លាក់ចុះបណ្តាលឱ្យឧស្ម័នកខ្វក់ផ្សេងៗអណ្តែតមកលើផ្ទៃដី ពេលនោះ ផ្ទៃដីនឹងមានសំណើមកាន់តែខ្លាំង ទើបសត្វល្អិតផ្សេងៗរស់នៅលើដី ដូចជា ៖ ស្រមោច និងកណ្តៀរ ពុំអាចអត់ធ្មត់នឹងសំណើមរបស់ដី និងឧស្ម័នកខ្វក់បានទេ ។
នៅពេលមេឃជិតភ្លៀងម្តងៗ ទើបយើងឃើញសត្វស្រមោចនាំគ្នាជញ្ជូនស្បៀងអាហារ ឬពងចេញពីសំបុករបស់វាទៅរកទីកន្លែងថ្មី ដើម្បីគេចពីសំណើម និងឧស្ម័នកខ្វក់នៅលើដី ។ ហេតុនេះ ទើបចាស់ៗបុរាណជឿថា ថ្ងៃនេះ មេឃជិតភ្លៀង ប៉ុន្តែមិនមែនមានន័យថា ភ្លៀងនឹងធ្លាក់គ្រប់ពេលវេលានោះទេ ។
គេចាត់ទុកថា ស្រមោច គឺជាសត្វមួយប្រភេទអាចដឹងហេតុការណ៍មុន បើពុំដូច្នោះទេ ពួកវានឹងងាប់ដាច់ពូជដោយសារទឹកជំនន់មិនខាន ។ តាមឯកសារស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របង្ហាញថា ស្រមោចបានចាប់កំណើតនៅផែនដីរាប់លានឆ្នាំមកហើយ ។ រីឯមូលហេតុធ្វើឱ្យវាអាចបង្កើតកូនចៅរស់នៅមកដល់បច្ចុប្បន្ន ដោយសារវាជាសត្វវិវត្តន៍ខ្ពស់ ទើបវាអាចសម្របខ្លួន និងរស់នៅទីកន្លែងផ្សេងៗដែលមានអាកាសធាតុផ្លាស់ប្តូរ ។
ហេតុនេះ អ្នកស្រាវជ្រាវចាត់ទុកថា សត្វស្រមោចជាភ្នាក់ងារព្យាករណ៍អាកាសធាតុដ៏ល្អ ពីព្រោះពេលវាជញ្ជូនពងទៅកាន់ទីកន្លែងខ្ពស់បង្ហាញថា នៅកន្លែងនេះនឹងមានភ្លៀងធ្លាក់ខ្លាំងមិនខាន ។ ស្រមោចអាចដឹងពីសំណើមក្នុងអាកាសធាតុ និងការផ្លាស់ប្តូរសារធាតុគីមីក្នុងសណ្ឋានដីបានល្អ ។
អ្នកស្រាវជ្រាវនិយាយថាថា មានស្រមោចចំនួន១៥.០០០ប្រភេទ រស់នៅតាមតំបន់ផ្សេងៗរបស់ផែនដី លើកលែងតែតំបន់ប៉ូលប៉ុណ្ណោះ ។ គេទទួលស្គាល់ថា សត្វស្រមោចឧស្សាហ៍ព្យាយាមធ្វើការជាក្រុម និងមានវិន័យខ្ពស់បំផុត ។ ជាទូទៅ គេពុំធ្លាប់ឃើញស្រមោចដើរខុសជួរទេ ហើយពួកវាអាចជញ្ជូនវត្ថុផ្សេងៗធ្ងន់ជាងទម្ងន់របស់វា រហូតដល់៥០ដងឯណោះ ។ 
ស្រមោច គឺជាសត្វលះបង់អាយុជីវិតខ្ពស់ ហើយពួកវាតែងតែគិតដល់ផលប្រយោជន៍រួមច្រើនជាងផលប្រយោជន៍ឯកជន ។ ពេលមានទឹកលិចសំបុកម្តងៗ ស្រមោចមួយចំនួនសុខចិត្តទម្លាក់ខ្លួនវាចូលក្នុងទឹក និងចងភ្ជាប់គ្នាយ៉ាងណេន ដើម្បីធ្វើជាស្ពានឱ្យគ្នាវាផ្សេងទៀតដើរឆ្លងកាត់រួចផុតពីទឹកជំនន់ ៕










