មនុស្សភាគច្រើនពុំបានជ្រាបទេថា សត្វឃ្មុំ មិនមែនជាសត្វល្អិតតែមួយប្រភេទ ដែលអាចផលិតទឹករាវមានរសជាតិផ្អែមស្អិត និងមានពណ៌ត្នោតមាស ដែលយើងហៅថា «ទឹកឃ្មុំ» ទេ ពីព្រោះក្រៅពីសត្វឃ្មុំហើយ គឺនៅមានសត្វល្អិតមួយប្រភេទទៀត ក៏អាចផលិតទឹកឃ្មុំបានដូចគ្នាដែរ ។ តើសត្វល្អិតមួយនោះជាសត្វអ្វី និងរស់នៅកន្លែងណា?.jpg)
សត្វល្អិតដ៏ប្លែកបំផុតនៅលើពិភពលោក ដែលអាចផ្លាស់ប្តូរពីទឹកផ្អែមទៅជាទឹកឃ្មុំនោះ គឺជាស្រមោចទឹកឃ្មុំ (Honeypot Ant) ដែលគេបានឃើញពូជស្រមោចជាច្រើនមានលក្ខណៈពិសេសបែបនេះ ប៉ុន្តែពូជស្រមោចគេប្រទះឃើញជាញឹកញាប់ គឺពូជ Camponotus Inflatus ។ ជាទូទៅ ស្រមោចទឹកឃ្មុំជាច្រើនក្បាលបានស៊ីទឹកដមផ្កាជាបន្តបន្ទាប់ រហូតដល់ពោះរបស់ពួកវារីកធំ ។.jpg)
ចំណែកតួនាទីរបស់ស្រមោចទឹកឃ្មុំទាំងនេះមានតែមួយគត់ គឺពួកគេត្រូវស៊ីទឹកដមផ្កាផ្សេងៗដើម្បីផលិតជាទឹកឃ្មុំ ។ ការស៊ីទឹកដមផ្កាបែបនេះបានធ្វើឱ្យស្រមោចក្លាយជាធុងមានជីវិតសម្រាប់ដាក់ទឹកឃ្មុំ ដើម្បីធ្វើជាស្បៀងអាហារនៅពេលកូនចៅវាខ្វះខាតអាហារ ។
ជារៀងរាល់ថ្ងៃ ស្រមោចទឹកឃ្មុំនឹងស៊ីទឹកដមផ្កាផ្សេងៗ រហូតដល់ពោះរបស់ពួកវារីកធំឡើងចង់ផ្ទុះ និងធ្វើឱ្យគេមើលឃើញទឹករាវពណ៌លឿងនៅផ្នែកខាងក្នុង ។ ហេតុនេះ នៅពេលដែលសមាជិកស្រមោចត្រូវការស៊ីអាហារ ស្រមោចទឹកឃ្មុំទាំងនេះនឹងបញ្ចេញទឹកឃ្មុំតាមមាត់វិញ ។.jpg)
ស្រមោចទឹកឃ្មុំភាគច្រើនចូលចិត្តរស់នៅតំបន់រាំងស្ងួត ឬតំបន់មានវាលខ្សាច់ ដូចជា ៖ នៅប្រទេសអូស្ត្រាលី, សហរដ្ឋអាមេរិក និងម៉ិកស៊ិក ហើយក្រៅពីនេះ គេក៏បានឃើញស្រមោចប្រភេទនេះរស់នៅប្រទេសក្នុងទ្វីបអាហ្វ្រិកផងដែរ ។ តំបន់រាំងស្ងួត និងវាលខ្សាច់ ធ្វើឱ្យស្រមោចទាំងនេះពិបាករកចំណីអាហារណាស់ ទើបស្រមោចទឹកឃ្មុំមានតួនាទីផលិត និងរក្សាទឹកឃ្មុំទុក ដើម្បីឱ្យកូនចៅវាអាចរស់រានមានជីវិតក្នុងបរិស្ថានដ៏អាក្រក់ ។
ហេតុនេះ ដោយសារស្រមោចទឹកឃ្មុំមានលក្ខណៈពិសេសខុសប្លែកពីគេ ទើបធ្វើឱ្យស្រមោចជាច្រើនហ្វូងទៀតត្រូវការពួកគេយ៉ាងខ្លាំង ហើយចូលចិត្តធ្វើការវាយប្រហារ និងលួចស្រមោចទឹកឃ្មុំយកទៅសំបុករបស់ពួកវា ៕










