បច្ចុប្បន្នមីហឹរកូរ៉េបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកយុវវ័យមិនថានៅអាស៊ី អឺរ៉ុបប៉ុណ្ណោះទេ សូម្បីនៅតំបន់អាហ្វ្រិកមួយចំនួនក៏ពេញនិយមខ្លាំងដែរ។ មីកូរ៉េមានច្រើនប្រភេទ ដោយប្រភេទមីខ្លះមានរសជាតិហឹរខ្លាំង ប៉ុន្តែឆ្ងាញ់នឹងជាចំណង់ចំណូលចិត្តរបស់យុវវ័យ។ ទោះជាយ៉ាងណាយោងតាមទីភ្នាក់ងារចំណីអាហាររបស់ប្រទេសដាណឺម៉ាក បានព្រមានថា មីហឹរកូរ៉េបីប្រភេទនេះមនុស្សគួរតែជៀសវាង ព្រោះថាវាមានរសជាតិហឹរខ្លាំងពេក ដែលអាចបណ្តាលឱ្យពុលស្រួចស្រាវ។
ដូច្នេះផលិតផលមីបីប្រភេទរបស់ក្រុមហ៊ុនកូរ៉េដ៏ល្បីល្បាញ Samyang Foods គឺ Buldak 3x Spicy & Hot Chicken, 2x Spicy & Hot Chicken និង Hot Chicken Stew ត្រូវបានវាយតម្លៃថាមានកម្រិតគ្រោះថ្នាក់ខ្លាំងនៃសារធាតុ capsaicin ដែលជាធាតុផ្សំសកម្មហឹរនៅក្នុងម្ទេស នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរចំណីអាហារ និងបសុព្យាបាលដាណឺម៉ាក។ ទីភ្នាក់ងារនេះបានបន្តទៀតថាផលិតផលទាំងបីនេះគឺមានរសជាតិហឹរខ្លាំងបំផុតដែលអាច “បណ្តាលឱ្យមនុស្សមានការពុលស្រួចស្រាវ” ដោយបន្ថែមថា មីទាំងនេះនឹងត្រូវបានដកចេញពីទីផ្សារដាណឺម៉ាក។
អាជ្ញាធរចំណីអាហារ និងបសុពេទ្យរបស់ប្រទេសដាណឺម៉ាកបានចេញការព្រមានពិសេសមួយសម្រាប់កុមារ ហើយបានជំរុញឱ្យឪពុកម្តាយទាក់ទងទៅមជ្ឈមណ្ឌលគ្រប់គ្រងជាតិពុលភ្លាមៗ ប្រសិនបើកូនរបស់ពួកគេមាន “រោគសញ្ញាពុលស្រួចស្រាវ” បន្ទាប់ពីទទួលទានមីហឹរទាំងនេះ។ គួរបញ្ជាក់ដែរថា ផលិតផលរបស់ក្រុមហ៊ុនកូរ៉េ Samyang Foods គឺមានភាពល្បីល្បាញខ្លាំង និងពេញនិយមនៅបរទេស ដោយប្រាក់ចំណេញរបស់ក្រុមហ៊ុនបានឈានដល់កម្រិតខ្ពស់បំផុតរហូតដល់ ១១០ លានដុល្លារក្នុងឆ្នាំ ២០២៣។ Samyang Foods បាននិយាយថានេះជាលើកទីមួយហើយដែលផលិតផលរបស់ខ្លួនត្រូវបានប្រមូលមកវិញដោយសារមានរសជាតិហឹរពេក ដោយបន្ថែមថាពួកគេនឹងព្យាយាមស្វែងយល់បន្ថែមអំពីបទប្បញ្ញត្តិនៅក្នុងទីផ្សារនាំចេញ។
អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា “ផលិតផលរបស់យើងត្រូវបាននាំចេញនៅជុំវិញពិភពលោក ប៉ុន្តែនេះគឺជាការប្រមូលមកវិញជាលើកដំបូងសម្រាប់ហេតុផលនេះ” ។ ក្នុងប៉ុន្មានខែថ្មីៗនេះ តម្លៃភាគហ៊ុនរបស់ Samyang Foods បានហក់ឡើងដល់ ៧០% បន្ទាប់ពីមីហឹរ Carbonara ល្បីល្បាញនៅលើ TikTok ។ ផលិតផលនេះលក់ដាច់ខ្លាំងបំផុតនៅអាមេរិក ហើយក៏មានរបាយការណ៍ថាអស់ស្តុកផងដែរ៕










