វាគឺជាការពិតដែលមនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែធ្លាប់និយាយដើមគេ ហើយការនិយាយដើមគេអាចធ្វើឱ្យមានភាពរីករាយ និងគួរឱ្យចាប់អារម្មណ៍ មិនថាជាបុរស ឬស្ត្រីនោះទេ។ ការនិយាយដើមនរណាម្នាក់ដែលមិនធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯង គឺនាំឱ្យមានសុខភាពល្អបំផុត។ ដូច្នេះខាងក្រោមនេះគឺជាហេតុផល ៦ យ៉ាងដែលការនិយាយដើមគេអាចល្អសម្រាប់អ្នក៖
១.បំបាត់នូវភាពតប់ប្រមល់ឬស្ត្រេស៖ ការនិយាយដើម គឺជាសកម្មភាពរីករាយនិងគួរឱ្យចាប់អារម្មណ៍ ដោយអ្នកអាចទទួលបានព័ត៌មានថ្មីៗអំពីមនុស្សជុំវិញខ្លួន។ ការនិយាយដើមគេផ្តោតលើការទទួល និងការចែករំលែកព័ត៌មានថ្មីៗ ដែលធ្វើឱ្យអ្នកភ្លេចអំពីបញ្ហា និងភាពតានតឹងរបស់អ្នកជាបណ្តោះអាសន្ន។ ហេតុដូច្នេះការនិយាយដើមគេគឺជាសកម្មភាពលុបបំបាត់ភាពធុញថប់ និងស្ត្រេសជាដើម។
២.កម្ចាត់នូវភាពអវិជ្ជមាន៖ ការនិយាយដើមគេអំពីរឿងល្អៗ គឺជាសកម្មភាពដ៏រីករាយមួយដើម្បីលុបរាល់គំនិតនិងអារម្មណ៍អវិជ្ជមានចេញពីក្នុងចិត្តរបស់អ្នក និងបង្កើតបរិយាកាសល្អៗ ដោយបន្ថែមការលេងសើចចំពោះមនុស្សជុំវិញខ្លួន ដូច្នេះវានឹងធ្វើឱ្យអ្នកសើច ក៏ដូចជាអាចបន្ធូរអារម្មណ៍ផ្លូវចិត្តដោយខ្លួនឯង។
៣.ធ្វើឱ្យអ្នកសប្បាយចិត្ត៖ ការនិយាយដើមគេ គឺជាការលេងសើចដែលគួរឱ្យចង់សើចនិងអាចជារឿងគួរឱ្យអស់សំណើចនៅពេលខ្លះ។ ហេតុនេះការនិយាយដើមគេអាចធ្វើឱ្យអារម្មណ៍របស់អ្នកធូរស្រាលនិងរីករាយជាងមុន។ ដូច្នេះអ្នករីករាយនឹងការនិយាយដើមជាមួយមនុស្សជិតស្និទ្ធរបស់អ្នក និងចែករំលែកព័ត៌មានថ្មីៗដោយរីករាយ និងរំភើប។
៤.បង្កើតភាពជិតស្និត៖ នៅពេលដែលមនុស្សនិយាយដើមគេចំប្រធានបទតែមួយ មានន័យថាពួកគេនិយាយអំពីមនុស្សដែលពួកគេមិនចូលចិត្តដូចគ្នា ហើយពួកគេក៏មានឱកាសកាន់តែនៅជិតគ្នា ពោលការនិយាយអំពីរឿងដែលមនុស្សពីរនាក់ចាប់អារម្មណ៍ដូចគ្នាអាចធ្វើឱ្យពួកគេកាន់តែជិតស្និទ្ធស្នាលគ្នាជាងមុន។
៥.ស្គាល់មុខពិតរបស់មនុស្ស៖ នៅពេលមនុស្សនិយាយដើមគេ រឿងដែលពួកគេនិយាយអាចពិត ៥០% និងមិនពិត ៥០% ដូច្នេះនៅពេលដែលយើងដឹងរឿងរ៉ាវរបស់មនុស្សខ្លះ នៅពេលយើងស្ថិតក្បែរពួកគេគឺយើងអាចដឹងមុន ឬអាចការពារខ្លួនបាន។ ហើយការនិយាយដើមគេក៏ធ្វើឱ្យយើងយល់កាន់តែច្បាស់អំពីមនុស្សផ្សេងទៀតដែលយើងមិនសូវស្គាល់ផងដែរ។
៦.ជួយបន្ធូរអារម្មណ៍៖ នៅពេលខ្លះគ្រាន់តែឈប់សម្រាកពីការងារក្នុងពេលអាហារថ្ងៃត្រង់នៅការិយាល័យរបស់អ្នក អ្នកទំនងជានិយាយដើមមិត្តភក្តិ សាច់ញាតិ មិត្តរួមការងារ និងអ្នកដទៃជាដើម ដោយការនិយាយបែបនេះអាចជួយបន្ធូរអារម្មណ៍របស់អ្នកនិងបង្កើនថាមពលខួរក្បាល៕










