ប្រទេសថៃ៖ ថ្មីៗនេះនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ គឺមានអគ្គីភ័យមួយបានឆាបឆេះផ្សារចិញ្ចឹមសត្វដ៏ធំបំផុតរបស់ប្រទេសថៃ បណ្តាលឱ្យសត្វចំនួន ១,០០០ ក្បាល រួមទាំងពូជកម្រជាច្រើនទៀតបាត់បង់ជីវិត។
យោងតាមសារព័ត៌មានបរទេស បានឱ្យដឹងថា អគ្គីភ័យនេះបានឆាបឆេះផ្សារចិញ្ចឹមសត្វមួយកន្លែងក្នុងសង្កាត់ Chatuchak នៃទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ដោយបានសម្លាប់សត្វចិញ្ចឹមរាប់ពាន់ក្បាល រួមទាំងពូជកម្រនិងអសកម្មថ្លៃៗជាច្រើនទៀតផងដែរ។
ការិយាល័យស្រុក Chatuchak បាននិយាយថា អគ្គីភ័យបានចាប់ផ្តើមនៅម៉ោងប្រហែល ៤ និង ១០ នាទីព្រឹកនៅផ្សារសត្វចិញ្ចឹម Sri Somrat ដែលជាផ្សារមានហាងលក់សត្វចិញ្ចឹមចំនួន ១១៨ កន្លែងលើផ្ទៃដី ១,៤០០ ម៉ែត្រការ៉េ។ នៅពេលនោះរថយន្តពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែត្រូវចំណាយពេលកន្លះម៉ោង ទើបភ្លើងរលត់ទាំងស្រុង។ អ្នកលក់ជាច្រើននៅទីនេះបាននិយាយថា ពួកគេបានបាត់បង់សត្វចិញ្ចឹមមួយចំនួនធំដោយសារតែភ្លើងឆេះ ដូចជាត្រីលម្អ ឆ្មា ឆ្កែ ស្វាជាដើម ហើយថែមទាំងមានពូជកម្រនិងអសកម្មដែលមានតម្លៃផ្សេងទៀតផងដែរ។
Meecha អាយុ ៣៦ ឆ្នាំជាបុគ្គលិកនៃហាងលក់សត្វចិញ្ចឹមនៅទីនេះ បាននិយាយថា នាងមានការតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលនាងរត់គេចពីភ្លើង ខណៈពេលដែលនាងកំពុងដេកក្នុងហាង។ ជាសំណាងល្អ នាងក៏បានឡើងតាមបង្អួច ហើយរត់ទៅរកកន្លែងមានសុវត្ថិភាព។ ទោះជាយ៉ាងណាហាងរបស់ Meecha គឺមានលក់សត្វស្លាបដ៏កម្រជាច្រើនដែលពួកវាសុទ្ធតែមានតម្លៃថ្លៃ ប៉ុន្តែត្រូវបានងាប់អស់គ្មានសល់។
ម្ចាស់ហាងម្នាក់ទៀតក្នុងផ្សារ ក៏បាននិយាយដែរថា ហាងរបស់លោកនៅត្រើយម្ខាងនៃផ្លូវ ដូច្នេះមិនមានផលប៉ះពាល់អ្វីឡើយចំពោះសត្វចិញ្ចឹមរបស់លោក។ លោកបានបន្តទៀតថា ហាងរបស់លោកគឺមានសត្វកម្រជាច្រើនប្រភេទ ដែលសត្វនីមួយៗមានតម្លៃដល់ទៅ ១០ ម៉ឺនបាតឯណោះ (ប្រហែល ២,៧០០ ដុល្លារអាមេរិក)។ គួរបញ្ជាក់ដែរថា សម្រាប់មូលហេតុនៃឧបទ្ទវហេតុនេះបច្ចុប្បន្នគឺកំពុងត្រូវបានស៊ើបអង្កេត។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋជាច្រើននាក់ដែលនៅក្បែរនោះបាននិយាយថា មូលហេតុនៃអគ្គិភ័យនេះ អាចមកពីផ្ទុះស្សេចរន្តអគ្គិសនីចេញពីហាងលក់កូនឆ្កែ ខណៈម្ចាស់បានបើកភ្លើងពេញមួយយប់ ដើម្បីជួយឱ្យសត្វឆ្កែមានបរិយាកាសកាន់តែមានផាសុកភាព៕