ប្រទេសបារាំង ៖ វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលឃើញគូស្នេហ៍អាមេរិកវ័យចំណាស់១គូបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា បន្ទាប់ពីពួកគេចូលរួមក្នុងពិធី D-Day នៅទីក្រុង Normandy ប្រទេសបារាំង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ។
លោក Harold Terence អាយុ១០០ឆ្នាំ ជាអតីតទាហានបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Jeanne Swerlin អាយុ៩៦ឆ្នាំ ដែលអាយុសរុបរបស់អ្នកទាំងពីរ គឺស្មើជិត២០០ឆ្នាំ ។ ពួកគេមកពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានរៀបចំពិធីពិសេសនៅទីក្រុង Normandy ប្រទេសបារាំង ដោយសារទីក្រុងនេះធ្លាប់ជាសមរភូមិប្រយុទ្ធគ្នារវាងទាហានអាមេរិក និងទាហានណាស៊ីអាល្លឺម៉ង់ ក្នុងសម័យសង្គ្រាមលោកលើកទី២ ។
ឆ្នេរសមុទ្រជាច្រើនក្នុងទីក្រុង Normandy គឺជាកន្លែងដែលទាហានអាមេរិក, អង់គ្លេស និងកាណាដា ប្រមាណជិត១៦ម៉ឺននាក់ បណ្តេញពួកណាស៊ីអាល្លឺម៉ង់ឱ្យចាកចេញពីទឹកដីអឺរ៉ុប កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ ទើបគេដាក់ឈ្មោះថា វាជាថ្ងៃ «D-Day» ។ ពិធីរៀបអាពាហ៍ពិពាហ៍នេះធ្វើឡើងរយៈពេល២ថ្ងៃ ក្រោយការប្រារព្ធខួបលើកទី៨០ នៃការប្រមូលកងកម្លាំងទាហាន ប៉ុន្តែគ្មានការទទួលស្គាល់ពីអភិបាលក្រុង Normandy ទេ ដោយសារពួកគេជាជនជាតិអាមេរិក ។
លោក Harold និងអ្នកស្រី Jeanne ត្រូវបានគេផ្តល់កិត្តិយសធ្វើជាភ្ញៀវកិត្តិយសពិសារអាហារពេលល្ងាចនៅវិមានប្រធានាធិបតី រួមគ្នាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផងដែរ ។

គួរបញ្ជាក់ថា គូស្នេហ៍ទាំងពីរ គឺជាអតីតពោះម៉ាយ និងមេម៉ាយ ហើយពួកគេទើបតែសេពគប់ជាគូស្នេហ៍កាលពីឆ្នាំ២០២១ គឺកូនស្រីអ្នកស្រី Jeanne បានណែនាំឱ្យម្តាយស្គាល់គ្នាជាមួយលោក Harold ។ ក្រោយមក លោកក៏សុំគូស្នេហ៍រៀបការ និងបំពាក់ចិញ្ចៀនឱ្យអ្នកស្រី Jeanne នៅដើមឆ្នាំ២០២៤ ។
លោក Harold បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៤២ និងត្រូវបានគេបញ្ជូនទៅអង់គ្លេសនៅឆ្នាំ១៩៤៣ ដោយលោកមានតួនាទីជាជាងជួសជុលវិទ្យុសម្រាប់ក្រុមប្រយុទ្ធ ។ នៅថ្ងៃ D-Day ពេលលោកកំពុងតែជួសជុលយន្តហោះដែលបានត្រឡប់ពីធ្វើប្រតិបត្តិការនៅបារាំង គឺអ្នកបើកយន្តហោះក្នុងអង្គភាពរបស់លោក ប្រមាណពាក់កណ្តាលបានស្លាប់នៅថ្ងៃនោះ ។
រយៈពេល១២ថ្ងៃក្រោយមក លោកក៏បានធ្វើដំណើរទៅបារាំង និងជួយដឹកជញ្ជូនទាហានអាល្លឺម៉ង់ដែលចាប់បាន រួមទាំងអ្នកទោសសង្គ្រាមអាមេរិកត្រូវបានដោះលែងបញ្ចូនទៅអង់គ្លេស ។ ក្រោយពីពួកណាស៊ីយល់ព្រមចុះចាញ់នៅខែឧសភា ឆ្នាំ១៩៤៥ លោកក៏បានជួយដឹកជញ្ជូនអ្នកទោសរបស់ប្រទេសជាមិត្តទៅអង់គ្លេស និងបញ្ជូនត្រឡប់ទៅអាមេរិកនាខែបន្ទាប់ ៕










