ប្រទេសចិន ៖ ច្រាំងថ្មភ្នំពោរពេញទៅដោយឡាំងឈើយ៉ាងច្រើននេះ គឺជាតំបន់អភិរក្សពូជឃ្មុំរបស់ចិនដ៏ប្លែកបំផុតនៅលើពិភពលោក ។ ច្រាំងថ្មភ្នំនេះស្ថិតនៅភ្នំធម្មជាតិ Shennongjia តំបន់ហ៊ូប៉ី ប្រទេសចិន ហើយតំបន់នេះមានភាពខុសប្លែកខ្លាំងមិនដូចប្រទេសណាទាំងអស់ ដោយសារវាមានឡាំងឈើជាង៧០០ ត្រូវបានគេយកទៅដាក់នៅលើច្រាំងថ្មភ្នំ ។
មនុស្សភាគច្រើនពុំដឹងថា វាជាកន្លែងអ្វីពិតប្រាកដទេ ក្រោយពេលពួកគេបានឃើញរូបភាពនេះ ។ ការពិត វាជាតំបន់អភិរក្សពូជឃ្មុំក្នុងតំបន់ ដែលចិននៅសល់ពូជឃ្មុំតិចតួចប៉ុណ្ណោះ ហើយការចិញ្ចឹមឃ្មុំនៅចិនបានកើតឡើងតាំងពី១.៨០០ឆ្នាំមុនមកម៉្លេះ ខណៈទឹកឃ្មុំជាងពាក់កណ្តាលមកពីតំបន់អាស៊ី ។ ប៉ុន្តែអ្នកខ្លះពុំជ្រាបថា ពូជឃ្មុំក្នុងតំបន់របស់ចិនប្រមាណ៨០% បានបាត់បង់ ។.jpg)
ចំណែកកត្តាចម្បងធ្វើឱ្យពូជឃ្មុំក្នុងតំបន់របស់ចិនបាត់បង់ គឺដោយសារការនាំចូលឃ្មុំអឺរ៉ុប ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ឃ្មុំចិន ដូចជា ៖ ឃ្មុំមានមេរោគ, ការបំផ្លាញសំបុក និងផលប៉ះពាល់ផ្នែកបន្តពូជ ។ រីឯឡាំងឈើដាក់តម្រៀបគ្នានៅលើច្រាំងថ្មភ្នំដ៏ខ្ពស់នេះមានឈ្មោះថា «ជញ្ជាំងសំបុកឃ្មុំ» និងជាតំបន់អភិរក្សពូជឃ្មុំដ៏ល្បីល្បាញបំផុតលើពិភពលោក ។.jpg)
ឡាំងឈើទាំងនេះទុកសម្រាប់ឱ្យឃ្មុំព្រៃចូលធ្វើសំបុក និងបង្កើតកូនចៅនៅខាងក្នុង ។ ដូច្នេះ ឡាំងនីមួយៗបានក្លាយជាសំបុកឃ្មុំរាប់ពាន់ក្បាល ហើយដោយសារឡាំងត្រូវបានដាក់នៅទីតាំងខ្ពស់ៗ ទើបអ្នកចិញ្ចឹមឃ្មុំត្រូវយកឡាំងទាំងនេះធ្វើជាជណ្តើរដើរទៅផ្នែកខាងលើ ។ ប៉ុន្តែបើឡាំងណានៅខ្ពស់ពេក អ្នកចិញ្ចឹមឃ្មុំនឹងទម្លាក់ខ្សែពួរពីកំពូលភ្នំ ហើយចុះតាមខ្សែពួរវិញ ។.jpg)
មូលហេតុចម្បងដែលពួកគេតម្រៀបឡាំងឈើលើច្រាំងថ្មភ្នំខ្ពស់ គឺដើម្បីកុំឱ្យសត្វព្រៃផ្សេងៗឡើងទៅដល់ ព្រមទាំងបង្ការកុំឱ្យទឹកឃ្មុំក្លាយជាចំណីខ្លាឃ្មុំក្នុងព្រៃផងដែរ ។ លើសពីនេះ អ្វីដែលធ្វើឱ្យទីនេះមានលក្ខណៈពិសេសសម្រាប់ចិញ្ចឹមឃ្មុំ គឺទីនេះមានអាកាសធាតុខុសៗគ្នា ដូចជា ៖ អាកាសធាតុក្តៅ, ធម្មតា និងត្រជាក់ក្នុងតំបន់តែមួយ ទើបធ្វើឱ្យមានរុក្ខជាតិចម្រុះគ្នាដុះរហូតដល់១.១៣១ប្រភេទ និងមានសត្វព្រៃផ្សេងទៀតរស់នៅ មិនមែនមានតែឃ្មុំមួយទេ ។
ក្រៅពីតំបន់នេះសម្រាប់អភិរក្សពូជឃ្មុំហើយ វាក៏ជាតំបន់ទេសចរណ៍ផងដែរសម្រាប់អ្នកចាប់អារម្មណ៍ពីជីវិតអ្នកចិញ្ចឹមឃ្មុំ ។ ភ្ញៀវទេសចរភាគច្រើនចង់ដឹងថា តើអ្នកចិញ្ចឹមឃ្មុំរស់នៅបែបណា? ពីព្រោះគ្មានប្រទេសផ្សេងទៀតចិញ្ចឹមឃ្មុំបែបនេះទេ ៕










