ប្រទេសដាណឺម៉ាក ៖ សារព័ត៌មាន KBN នឹងនាំអារម្មណ៍លោកអ្នកមកទស្សនាភាពស្រស់ស្អាតរបស់ភូមិមួយនៅប្រទេសដាណឺម៉ាក ដែលភូមិនេះបានរចនាម៉ូដឡើងដើម្បីបង្ហាញនូវអត្តសញ្ញាណ និងមានភាពខុសប្លែកពីភូមិផ្សេង ។ បើគេថតរូបភាពភូមិនេះពីផ្នែកខាងលើ វានឹងកាន់តែបង្ហាញទិដ្ឋភាពស្រស់ស្អាតខ្លាំងឡើង ហើយធ្វើឱ្យអ្នកបានឃើញភូមិនេះហើយចង់ទៅរស់នៅគ្រប់ៗគ្នា ។.jpg)
Brondby Haveby គឺជាឈ្មោះភូមិមួយមានរាងជារង្វង់មូលយ៉ាងស្រស់ស្អាត ប្លែកភ្នែក ឬស្រដៀងគ្នានឹងភីសាដ៏ធំ ដែលបែងចែងជាចំណិតៗមានលំនៅឋានក្នុងនោះ ។ ភូមិនេះមានទំហំមិនធំប៉ុន្មាន ស្ថិតនៅទីក្រុង Brondby ប្រទេសដាណឺម៉ាក និងមានពលរដ្ឋរស់នៅជាង៣៥.០០០នាក់ ។
ភូមិរង្វង់មូលនេះបានរចនាឡើងដោយលោក Erik Mygind ដោយសារលោកបានទទួលគំនិតពីកម្មវិធីមួយឈ្មោះ «Runde Haver» ជារបស់ Carl Theodor Sorensen ដែលជាស្ថាបនិកដ៏អស្ចារ្យនៅដាណឺម៉ាក ។ ការរចនាម៉ូដបែបនេះ គឺដើម្បីឱ្យអ្នករស់នៅភូមិនេះមានឱកាសទទួលបានភាពស្ងប់ស្ងាត់ មិនរញ៉េរញ៉ៃ និងរស់នៅតាមបែបធម្មជាតិប្រកបដោយបរិយាកាសបរិសុទ្ធ ។
ភាពលេចធ្លោរបស់ភូមិ Brondby Haveby គឺវាមានរាងជារង្វង់មូលនៅជិតៗគ្នា និងមានផ្លូវតភ្ជាប់ពីរង្វង់មួយទៅរង្វង់មួយទៀត ។ ការរចនាម៉ូដបែបនេះធ្វើឱ្យពលរដ្ឋរស់នៅក្នុងលំនៅឋាននីមួយៗមានទីធ្លាធំទូលាយ និងស្រឡះល្អ ។ លើសពីនេះ ក្នុងភូមិក៏មានទីធ្លារួមសម្រាប់ឱ្យអ្នកភូមិជួបជុំជជែកគ្នា ឬធ្វើការងារអ្វីមួយរួមគ្នាផងដែរ ។.jpg)
ក្រៅពីនេះ លំនៅឋានទាំងអស់សុទ្ធតែមានរបងដើមឈើពណ៌បៃតង និងមានសួនច្បារនៅខាងមុខសម្រាប់ធ្វើការងារផ្សេងៗ ។ ការរស់នៅក្នុងភូមិនេះងាយស្រួលយ៉ាងខ្លាំងសម្រាប់អ្នកស្រឡាញ់បរិស្ថាន ដោយសារគ្មានសំឡេងរំខាន ។ កាលពីឆ្នាំ១៩៦៤ អាជ្ញាធរទីក្រុង Brondby បានឯកភាពឱ្យបង្កើតទីក្រុងសួនច្បារ (Garden City) ហើយគម្រោង Brondby Garden City ក៏បានបង្ហាញរូបរាងឡើង ។ 
ទោះយ៉ាងណា មានច្បាប់ហាមឃាត់មួយ គឺពលរដ្ឋមិនអាចរស់នៅទីនេះជាអចិន្ត្រៃយ៍ទេ ព្រោះភូមិនេះសម្រាប់ឱ្យពលរដ្ឋទីក្រុងមកធ្វើកសិកម្មនៅទិទាឃរដូវ និងរដូវក្តៅ ។ រីឯអ្នកជួលលំនៅឋានអាចចូលស្នាក់នៅ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ព្រមទាំងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ៕










