ប្រទេសវៀតណាម ៖ នៅដើមខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានវៀតណាមឈ្មោះ Vietnam News Agency រាយការណ៍ថា ចំនួនការនាំចេញទុរេនវៀតណាមសរុបក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២៤ ស្មើទឹកប្រាក់៤៧០លានដុល្លារអាមេរិក និងខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ កើនឡើង១៤៦% បើប្រៀបធៀបប្រចាំឆ្នាំ ។
ប្រទេសចិនបាននាំចូលទុរេនវៀតណាមច្រើនជាងគេក្នុងរយៈពេល៤ខែដំបូង ស្មើទឹកប្រាក់៤៣២លានដុល្លារអាមេរិក ឬស្មើ៩២% នៃចំនួនការនាំចេញសរុប ។ រីឯថៃនាំចូលទុរេនវៀតណាមស្ថិតក្នុងលំដាប់ទី២ ក្នុងរយៈពេល៤ខែដំបូង ស្មើទឹកប្រាក់២២លាន៥សែនដុល្លារអាមេរិក (ឬស្មើប្រមាណ៨២៣លានបាត) កើនឡើង៨២% បើធៀបនឹងឆ្នាំ២០២៣ ។
Dang Phuc Nguyen អគ្គលេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាម បានពន្យល់ពីមូលហេតុដែលប្រទេសថៃនាំចូលទុរេនវៀតណាមរយៈពេល៤ខែដំបូងឆ្នាំ២០២៤ កើនឡើងជិតទ្វេដង បើធៀបនឹងចុងឆ្នាំ២០២៣ គឺបណ្តាលមកពីថៃជួបគ្រោះរាំងស្ងួត ។ ដូច្នេះ ធ្វើឱ្យបរិមាណទុរេនថៃធ្លាក់ចុះ បើទោះជាថៃជាប្រទេសនាំចេញទុរេននាំមុខគេក្តី ប៉ុន្តែថៃត្រូវទិញទុរេនវៀតណាមដើម្បីបំពេញតម្រូវការក្នុងស្រុក និងភ្ញៀវទេសចរ ។
រីឯនាយកក្រុមហ៊ុន Vinafruit ឈ្មោះ Nguyen Thanh Binh លើកឡើងថា ៖ «ចិនបាននាំចូលទុរេនស្រស់ច្រើនបំផុតពីវៀតណាម ប៉ុន្តែថៃនាំចូលទុរេនក្លាសេច្រើនបំផុតពីវៀតណាមដូចគ្នាដែរ» ។ ទុរេនក្លាសេដែលថៃនាំចូលភាគច្រើន ថៃនឹងលក់បន្តទៅប្រទេសទី៣ ភាគច្រើនលក់ឱ្យចិន ដោយសារវៀតណាមពុំអាចនាំចេញទុរេនក្លាសេដោយផ្ទាល់ទៅចិនបានទេ ។
ចំណែកហុងកុងបាននាំចូលទុរេនវៀតណាម ស្ថិតក្នុងលំដាប់ទី៣ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ ស្មើទឹកប្រាក់៣លាន៦សែនដុល្លារអាមេរិក ។ ហេតុនេះ សហគមន៍អាជីវកម្មវៀតណាមសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងបឋមរវាងវៀតណាម និងចិន ដើម្បីកែលម្អការនាំចេញ និងជាប្រយោជន៍ដល់កសិករ ក៏ដូចជាអតិថិជនផងដែរ ។
សារព័ត៌មាន The Nation បានចុះផ្សាយពីការលើកឡើងរបស់លោក Atth Phisanwanich អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងជាទីប្រឹក្សាក្រុមហ៊ុន Intelligent Research Consultancy ថា ៖ «អាកាសធាតុមិនអំណោយផលបានធ្វើឱ្យការដាំទុរេននៅថៃ ធ្លាក់ចុះ៤២% ឬស្មើប្រមាណ៥៤ម៉ឺនតោន» ៕










