កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនយក្ស Toyota ប្រកាសថានឹងប្រមូលរថយន្តទៅលើ២ម៉ូដែល ប្រមាណនឹង១០០,០០០ គ្រឿងមកវិញ ដោយបារម្ភថាមានកម្ទេចកម្ទីនៅខាងក្នុងម៉ាស៊ីនរថយន្តទាំងនោះ ដែលអាចនឹងបណ្តាលឱ្យវារលត់ ឬក៏មានបញ្ហាភ្លាមៗ អំឡុងពេលបើកបរ។
យោងតាមរបាយការណ៍ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បានឲ្យដឹងថា ការប្រមូលមកវិញនេះគឺទៅលើតែប្រភេទរថយន្តចំនួន ២ម៉ូដែល ដែលផលិតក្នុងឆ្នាំ២០២២និង២០២៣ រួមមាន Lexus LX SUVs ប្រមាណនឹង ៣៥០០ គ្រឿង និងរថយន្តភីកអាប់ Toyota Tundra ប្រមាណជិត ១០០,០០០គ្រឿង ដែលនឹងនាំត្រូវចូលមកកាន់រោងចក្រវិញ។
បើយោងតាមភ្នាក់ងារជំនាញបានឲ្យដឹងថា ការដែលត្រូវប្រមូលរថយន្តមវិញនេះ គឺដើម្បីតាមដាននិងពិនិត្យឡើងវិញ ព្រោះថាម៉ូដែលទាំង២ខាងលើនេះត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន V35A។ ខណៈពេលថ្មីៗនេះក្រុមហ៊ុនបានរកឃើញថា នៅក្នុងម៉ាស៊ីនដែលបានបំពាក់ក្នុងរថយន្តទាំងនោះ គឺមិនបានធ្វើបានសម្អាតកំទេចកំទីត្រឹមត្រូវក្នុងអំឡុងពេលដំឡើង ដែលនេះគឺអាចនឹងបណ្តាលឲ្យផ្នែកខ្លះរលុង ឬខូចម៉ាស៊ីនតែម្តង។

ដូច្នេះហើយ ការប្រមូលរថយន្តមកវិញលើកនេះ គឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហា ខុសបច្ចេកទេសលើផលិតកម្មរថយន្តដែលបានចេញលក់ជាផ្លូវរួចទៅហើយនោះ។ ជាមួយគ្នានោះ ទីភ្នាក់ងារក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងចេញការជួសជុលដោយមិនគិតថ្លៃនោះទេ ហើយរបាយការណ៍លម្អិតនៃការប្រមូលរថយន្តមកវិញ ក្រុមហ៊ុននឹងផ្តល់ដំណឹងជូនម្ចាស់រថយន្តនាខែកក្កដានេះ។
គួរបញ្ជាក់ថា យាន្តយន្តដែលខុសបច្ចេកទេសនៃគ្រឿងម៉ាស៊ីនទៅលើម៉ូដែលសេរ៊ីក្រោយនេះ គឺអាចនឹងបង្កគ្រោះថា្នក់ជាយថាហេតុដល់អ្នកបើកបរ។ យ៉ាងណាមិញ ក្រុមហ៊ុនក៏នូវតែមិនទាន់ចេញនូវសេចក្តីប្រកាសទាក់ទងទៅនឹងការស្លាប់ឬក៏របួសជុំវិញករណីនេះនៅឡើយនោះទេ៕










