ប្រទេសថៃ ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ TNN រាយការណ៍ថា ដោយសារប្រទេសថៃលក់អង្ករថ្លៃជាងគូប្រជែង ជាពិសេស វៀតណាម ទើបធ្វើឱ្យប៉ះពាល់ដល់ការនាំចេញអង្ករទៅក្រៅប្រទេស ។ ការនាំចេញអង្ករថៃនឹងនៅសល់ត្រឹមតែ៦សែនតោនប៉ុណ្ណោះក្នុង១ខែ ដែលតិចជាងគោលដៅស្មើនឹង៩សែនតោនក្នុង១ខែ ។
លោក Chukiat Opaswong នាយកសមាគមនាំចេញអង្ករថៃលើកឡើងថា ចាប់ពីត្រីមាសទី៣ ឆ្នាំ២០២៤ តទៅ ការនាំចេញអង្ករថៃនឹងធ្លាក់ចុះនៅសល់ប្រមាណ៦សែនតោនប៉ុណ្ណោះក្នុង១ខែ ខណៈរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ ថៃបាននាំចេញអង្ករក្នុងបរិមាណច្រើន គឺចាប់ពី៨សែន ទៅ៩សែនតោនក្នុង១ខែ ។ រីឯកត្តាដាក់សម្ពាធដល់ការនាំចេញអង្ករថៃ គឺតម្លៃនាំចេញអង្ករថៃខ្ពស់ជាងគូប្រជែង ជាពិសេស វៀតណាម ។
នៅខែមិថុនា ឆ្នាំ២០២៤ តម្លៃអង្ករថៃខ្ពស់ជាងអង្ករវៀតណាម ជិត១០០ដុល្លារអាមេរិកក្នុង១តោន ដូចជា ៖ អង្ករខ្សាយថៃប្រមាណ៥% មានតម្លៃជាង៦៣០ដុល្លារអាមេរិកក្នុង១តោន ខណៈអង្ករខ្សាយវៀតណាមមានតម្លៃមិនដល់៥៨០ដុល្លារអាមេរិកក្នុង១តោន ។ វាអាចបណ្តាលមកពីថៃនាំចេញអង្ករទៅក្រៅប្រទេស តិចជាងការរំពឹងទុក ។
ហេតុនេះ ក្រុមហ៊ុននាំចេញអង្ករថៃសុខចិត្តខាតដើមទុន ដោយលក់ក្នុងតម្លៃចាប់ពី៥៩៦ដុល្លារ ទៅ៦០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១តោន ។ កន្លងមក ប្រទេសថៃមិនបានឈ្នះការដេញថ្លៃអង្ករនៅប្រទេសឥណ្ឌូណេស៊ីទេ ហើយចាញ់អង្ករវៀតណាមផងដែរ ដោយសារពេលនោះ ថៃលក់អង្ករក្នុងតម្លៃ៦៦៥ដុល្លារ ទៅ៦៧០ដុល្លារអាមេរិកក្នុង១តោន ប៉ុន្តែវៀតណាមលក់អង្ករត្រឹមតែ៥៨០ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១តោន ។
លោក Chukiat បន្តថា ម្យ៉ាងទៀត ប្រទេសទទួលទិញអង្ករ គឺពួកគេទិញមិនច្រើនដូចមុន ឬគ្មានការទិញអង្ករស្តុកទុកទេ ដោយសាររង់ចាំមើលស្ថានការណ៍ការនាំចេញអង្កររបស់ឥណ្ឌា ។ ការបារម្ភពីគ្រោះរាំងស្ងួតអេលនីណូអាចនឹងធ្លាក់ចុះ ដោយសារមានភ្លៀងធ្លាក់អំណោយផលដល់ការបង្កបង្កើនផលស្រូវ ហើយបើឥណ្ឌាទទួលបានទិន្នផលស្រូវល្អ ឥណ្ឌាអាចនាំចេញស្រូវឡើងវិញ វានឹងធ្វើឱ្យអង្ករពិភពលោកធ្លាក់ចុះ ។
លោកបន្ថែមថា ប្រទេសថៃបាននាំចេញអង្ករក្នុងបរិមាណច្រើននៅដើមឆ្នាំ២០២៤ ដោយសារការកុម្ម៉ង់ទិញជាមុន និងស្ថិតក្នុងពេលចែកចាយអង្ករទៅក្រៅប្រទេស ប៉ុន្តែកិច្ចសន្យានាំចេញអង្ករភាគច្រើននឹងផុតសុពលភាពនៅខែកក្កដា ។ បន្ទាប់មក ប្រទេសថៃនឹងលក់អង្ករជាថ្មី ទើបលោកបារម្ភថា នៅត្រីមាសទី៣ ឆ្នាំ២០២៤ ការលក់អង្ករថៃមិនសូវល្អប៉ុន្មានទេ ដោយសារអង្ករថៃថ្លៃជាងគូប្រជែងយ៉ាងខ្លាំង ។
ហេតុនេះ រដ្ឋាភិបាលគួរតែស្វែងរកទីផ្សារនាំចេញឱ្យបានឆាប់រហ័ស និងពិនិត្យមើលតម្លៃអង្ករក្នុងប្រទេសផងដែរ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង ។ បើប្រទេសថៃនាំចេញអង្ករក្នុងបរិមាណតិចតួច វានឹងធ្វើឱ្យតម្លៃអង្ករក្នុងស្រុកធ្លាក់ចុះ ៕










