ម៉ាឡេស៊ី៖ មួយជីវិតរៀបការម្តង កូនកំលោះម៉ាឡេស៊ីស្រាប់តែតែងខ្លួន Cosplay បែបនេះក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួនកាលពីថ្ងៃទី ២៨ ឧសភា ២០២៤។
នៅក្នុងវីដេអូមួយដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត ដោយនៅក្នុងវិដេអូនោះគេបានឃើញថា កូនកំលោះស្រាប់តែតែងខ្លួនជាតួអង្គប្រឌិតបែបវិទ្យាសាស្ត្រជប៉ុនក្នុងរឿងព្រេងនិទាន Ultraman ជំនួសឱ្យការស្លៀកសម្លៀកបំពាក់បែបប្រពៃណី ខណៈកូនក្រមុំនៅតែគ្រងឈុតប្រពៃណីដដែល។
កូនលោះ Zulhafizie បាននិយាយថា “លោកពិតជាចូលចិត្តការតែងខ្លួន Cosplay ជាតួអង្គ Ultraman ណាស់ព្រោះតួអង្គនេះគឺជាផ្នែកមួយនៃជីវិតរបស់លោក”។ កូនលោះរូបនេះបានបន្តទៀតថា លោកពិតជាអរគុណភរិយាដែលសុខចិត្តធ្វើតាមតម្រូវការពិសេសរបស់លោក។ លោកក៏បានថ្លែងអំណរគុណដល់គ្រួសារទាំងពីរដែលបានគាំទ្រពួកគេក្នុងការរៀបចំពិធីមង្គលការដ៏ពិសេសនេះ។
នៅក្នុងវីដេអូដែលបានចែកចាយនោះគេបានឃើញថា កូនក្រមុំកាន់ផ្កាមង្គលការ គ្រងឈុតបុរាណបែបប្រពៃណី កាន់ដៃកូនកំលោះដោយស្នាមញញឹម។ ដោយកូនក្រមុំបានដឹងរឿងគ្រប់យ៉ាងរបស់កូនកំលោះ ហើយភ្លាមៗនោះក៏យល់ស្របជាមួយនឹងគំនិតរបស់កូនកំលោះក្នុងការប្រែក្លាយទៅជា Ultraman ។ Ultraman គឺតួអង្គ Hero ដ៏ល្បីល្បាញមួយរបស់ជប៉ុន ដែលតែងតែប្រយុទ្ធជាមួយក្រុមបិសាច ហើយតែងតែងយកឈ្នះក្រុមបិសាចជានិច្ច។
នៅក្នុងវីដេអូនៃពិធីមង្គលការនេះបានលេចឡើងលើបណ្ដាញសង្គមធ្វើឱ្យមនុស្សជាច្រើនរំភើបចិត្តយ៉ាងខ្លាំង។ ដោយមនុស្សម្នាក់បានបញ្ចេញមតិថា “ខ្ញុំមិននឹកស្មានថា Ultraman អាចនឹងរៀបការទេ”។ គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ២៩ ឧសភា វីដេអូអាពាហ៍ពិពាហ៍នេះទាក់ទាញអ្នកចូលមើលរហូតដល់ ៩.៣ លានដងនិង ៦០ ម៉ឺន Like ដោយទទួលបានមតិវិជ្ជមានជាង ៤ ម៉ឺន។ មនុស្សភាគច្រើនបានអបអរសាទរគូស្នេហ៍វ័យក្មេងនេះចំពោះសុភមង្គលពិសេសរបស់ពួកគេ ដោយសរសើរពួកគេចំពោះភាពច្នៃប្រឌិត និងកំប្លែង៕










